ផ្តើមចេញពីក្មេងស្រីដែលធ្លាប់តែអៀនខ្មាសច្រើន រហូតក្លាយជាសហស្ថាបនិកនៃសហគ្រាសសង្គម រួមទាំងស្នាដៃជាច្រើនទៀត

  • 2020-03-23 06:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កញ្ញា​ អៀង លីនដា ដែលធ្លាប់ជាក្មេងស្រីម្នាក់ មានភាព​​អៀនខ្មាស​​ច្រើន តែនាងបាន​ជម្នះ​វា តាមរយៈការពង្រឹងសមត្ថភាព​ដោយការខិតខំរៀនសូត្រយកចំណេះដឹងដាក់ខ្លួន ដោយការចូលរួមការងារស្ម័គ្រចិត្ត និងដោយការចូលរួមកម្មវិធីប្រកួតប្រជែងនានា រហូតបាន​ក្លាយខ្លួនជាជ័យលាភីក្នុង​កម្មវិធីជជែកតទល់មួយមានឈ្មោះថា “អ្នកបន្តវេន” ។

ភាព​ប៉ិនប្រសប់​ផ្នែក​វោហារ​សព្ទ ដេញដោល​តស៊ូមតិ បានធ្វើឲ្យ​កញ្ញា​ លីនដា ឈ្នះនូវការប្រកួតមួយចំនួនផ្សេងទៀតនៅក្នុងស្រុក រួមទាំងការប្រកួតថ្នាក់តំបន់មួយនៅប្រទេសចិន ជាមួយយុវជនអាស៊ាន។ នាងត្រូវបានគេ​អញ្ជើញ​ទៅទស្សនកិច្ចសិក្សានៅ សហរដ្ឋអាមេរិក ២ដង គឺនៅឆ្នាំ២០១៤ និងឆ្នាំ២០១៥ អំពីភាពជាអ្នកដឹកនាំរបស់យុវជន​និងការងារស្ម័គ្រចិត្ត។

នាងក៏ត្រូវបានគេបោះឆ្នោតជាប្រធានសភានិស្សិតនៃសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា​ក្នុងឆ្នាំ២០១៥ផងដែរ។ បច្ចុប្បន្ន​នេះ កញ្ញា​ អៀង លីនដា គឺជាសហស្ថាបនិកនៃសហគ្រាសសង្គម LIFE Group ដែលជាកន្លែងមួយផ្តល់​ការ​​បណ្ដុះ​​បណ្តាលជំនាញទន់ ជួយផលិតវីដេអូដើម្បីឲ្យ​គេស្គាល់ពី​សេវាកម្មនិ​ង​ផលិតផលល្អៗ ព្រមទាំង​រៀបរៀង​និងចែកចាយសៀវភៅល្អៗផងដែរ។

បើ​និយាយ​ពី​ផល​លំបាក​ដែល​បាន​ឆ្លង​កាត់​ទម្រាំ​ដើរ​មក​ដល់​ចំណុច​ដូចសព្វថ្ងៃ យុវនារី​ពោរពេញ​ដោយសមត្ថភាពរូបនេះ បានរៀបរាប់ប្រាប់មកកាន់វិបសាយ "កញ្ញា” ថា "នរណាក៏ជួបការលំបាកដែរក្នុងជីវិត​ជៀសមិនផុតនោះទេ។ ពេលខ្លះយើងអាចគិតថា គេប្រហែលជាគ្មានការលំបាកអ្វីសោះ តែតាមពិត គេអាចឆ្លងកាត់ការលំបាកជាច្រើនដែលយើងមើលមិនឃើញ។"

កញ្ញា​បន្ត​ទៀត​ថា​ "ចំពោះខ្ញុំ ខ្ញុំឆ្លងកាត់ការលំបាកដែលស្រដៀងនឹងយុវតីផ្សេងទៀតក្នុងជំនាន់នេះដែរ ដោយ​ខ្ញុំធ្លាប់ជាក្មេងស្រីដែលមិនមានទំនុកចិត្តលើខ្លួនឯង ត្រូវបានអ្នកដទៃមើលងាយមិនឲ្យតម្លៃ មិនស្គាល់ខ្លួនឯងជាដើម តែខ្ញុំតែងតែអរគុណចំពោះរាល់ការលំបាកទាំងឡាយដែលខ្ញុំបានឆ្លងកាត់ ព្រោះវាបានធ្វើឲ្យខ្ញុំ​ក្លាយខ្លួនជាមនុស្សម្នាក់ដែលកាន់តែរឹងមាំជាងមុន។​ ការលំបាកគឺជាផ្នែកមួយដែលធ្វើឲ្យជីវិតខ្ញុំកាន់តែមានន័យ អ្វីដែលសំខាន់គឺយើងត្រូវរៀនសូត្រពីការលំបាកដែលយើងបានឆ្លងកាត់ទុកជាបទពិសោធទៅថ្ងៃក្រោយ។"

លទ្ធផល​ផ្លែផ្កា​​ដែល​ទទួល​បាន សុទ្ធ​សឹង​ចេញ​មក​​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង រួម​ទាំង​ចំណេះវិជ្ជា​ដែល​ពុំ​អាច​ខ្វះ​បាន។ ហេតុនេះ​ហើយ​​ទើប​បាន​ជា សហស្ថាបនិក​ អៀង លីនដា ចូល​រួម​លើក​ទឹក​ចិត្ត​​ឲ្យ​ស្រ្តី​គ្រប់រូប ​ពុះពារ​រាល់​ឧបសគ្គដើម្បីបានរៀនសូត្រ​​ខ្ពង់ខ្ពស់ អាចសម្រេចគោលដៅដែលខ្លួនប៉ងប្រាថ្នា។ លើសលពីនេះទៅ​ទៀត ចំណេះវិជ្ជាជួយឲ្យស្ត្រីមើលឃើញពិភពលោកធំជាងមុន​ អាចចាប់យក​ឱកាសនិងមាន​ជម្រើសកាន់តែច្រើននៅក្នុងជីវិត ជាពិសេសអាចប្រើប្រាស់សក្តានុពលរបស់ខ្លួន ដើម្បីចូលរួមចំណែកជួយគ្រួសារ សង្គមជាតិ និងពិភពលោកទាំងមូលឲ្យកាន់តែល្អប្រសើរ។

យ៉ាងណាមិញ​ការរៀនសូត្រមិនមែនមានតែនៅក្នុងសាលានោះទេ គឺអាចរៀនសូត្របាននៅគ្រប់ទីកន្លែង គ្រប់ពេលវេលា។ អ្នក​អាច​ករៀនសូត្រពីជីវិត ពីអ្នកនៅជុំវិញខ្លួន ពីធម្មជាតិ ពីការអាន ការសរសេរ ការអនុវត្ត ការមើល ការសង្កេត និងការត្រិះរិះពិចារណាផ្សេងៗ។ ការរៀនសូត្រមិនចេះចប់ បូកផ្សំនឹងការអភិវឌ្ឍខ្លួន (self-improvement) ជាផ្នែកមួយដែលជួយឲ្យជីវិតកាន់តែល្អប្រសើរជាងមុន៕​​​​​

ចុចអាបបន្ត៖ គួរឲ្យសរសើរ! ប្រវត្តិស្រ្តីឆ្នើមផ្នែកសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម