ប្រជ្រុយ​៨​កន្លែង​លើ​ដង​ខ្លួន នាំ​លាភ​សំណាង​​ទាំង​ទ្រព្យ​សម្បត្តិ​និង​ស្នេហា

  • 2020-03-13 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មាន​ការ​ចុះ​ផ្សាយ​ច្រើន​ទាក់​ទង​នឹង​ប្រជ្រុយ​លើ​ដង​ខ្លួន​អាច​ប្រាប់​ដឹង​ពី​ភ័ព្វ​សំណាង និង​គ្រោះ​អាក្រក់​ដល់​មនុស្ស​។ សម្រាប់​នារី​ៗ ថ្ងៃ​នេះ Kanha សូម​បង្ហាញ​ប្រជ្រុយ​៨​កន្លែង​ដែល​ជា​ប្រជ្រុយ​នាំ​សំណាង ទាំង​ផ្នែក​លុយ​កាក់ និង​ស្នេហា។ មិន​ចាំ​បាច់​ទាល់​តែ​មាន​ទាំង​៨​ក៏​បាន ត្រឹម​២​ឬ​៣​ក្នុង​ចំណោម​នេះ អ្នក​ក៏​អាច​ជួប​សំណាង​ល្អ​បាន​ដែរ​។ សាក​មើល​ខ្លួន​ឯង​ទៅ​មើល មាន​ប្រជ្រុយ​ដូច​អ្វី​ខាង​ក្រោម​នេះ​ដែរ​អត់? ​

១- ប្រជ្រុយ​នៅ​ជិត​មាត់​៖

នារី​ណា​ដែល​មាន​ប្រជ្រុយ​ដុះ​នៅ​ជិត​មាត់​នឹង​បង្ហាញ​ថា ពួក​គេ​តែង​រីករាយ​ និង​ទទួល​បាន​ការ​ថ្នាក់​ថ្នម​ពី​ស្វាមី​។ ជីវិត​របស់​នារី​នេះ​នឹង​ពោរពេញ​ដោយ​សុភមង្គល និង​សំណាង​ល្អ​សម្រាប់​ជីវិត​អាពាហ៍ពិពាហ៍។ បន្ថែម​ពី​នេះ បុរស​ក៏​ដោយ នារី​ក៏​ដោយ​ឱ្យ​តែ​មាន​ប្រជ្រុយ​ត្រង់​កន្លែង​នេះ​ច្រើន​តែ​មិន​សូវ​ពិបាក​រឿង​ស្លៀក​ពាក់​ឡើយ ព្រោះ​ដង​ខ្លួន​ពួក​គេ​អំណោយ​ផល​ពី​កំណើត​រួច​ទៅ​ហើយ។

២- ​ប្រជ្រុយ​លើ​ថ្ងាស​៖

​​នារី​ដែល​មាន​ថ្ងាស​ទូលាយ បូក​រួម​នឹង​ប្រជ្រុយ​ដុះ​នៅ​ខាង​ស្ដាំ​អាច​នឹង​មាន​វាសនា​ក្លាយ​ជា​អ្នក​មាន មាន​អំណាច​ និង​ជីវិត​ពោរពេញ​ដោយ​ក្ដី​សុខ។ ប្រជ្រុយ​នេះ​មិន​ត្រឹម​តែ​ជួយ​នាំ​សំណាង​ដល់​ម្ចាស់​ខ្លួន​ទេ តែ​វា​ក៏​អាច​នាំ​សំណាង​ដល់​មនុស្ស​ដែល​ជិត​ដិត​នឹង​ម្ចាស់​វា​ផង។

៣- ប្រជ្រុយ​​ចំ​កណ្ដាល​ថ្ងាស៖

ស្រដៀង​ប្រជ្រុយ​លើ​ថ្ងាស​ដែរ នារី​ដែល​មាន​ប្រជ្រុយ​ដុះ​ចំ​កណ្ដាល​ថ្ងាស​តែ​ម្ដង​នឹង​បាន​ក្លាយ​ជា​អ្នក​មាន​។ មាន​មនុស្ស​ច្រើន​ដែល​ភ័យ​ខ្លាច ហើយ​ទៅ​កាត់​ប្រជ្រុយ​នេះ​ចេញ ប៉ុន្តែ​ពួក​គេ​មិន​ដឹង​ថា ទីតាំង​មួយ​នេះ​គឺ​ទីតាំង​សំណាង​ជាង​គេ​សម្រាប់​មនុស្ស​ស្រី​។

៤- ប្រជ្រុយ​លើ​ក្លៀក៖

មាន​មនុស្ស​តិច​នាក់​ណាស់​ដែល​ដឹង​ថា ក្លៀក​គឺ​ជា​តំបន់​នាំ​សំណាង​ដល់​នារី​។ វា​ត្រូវ​បាន​គេ​ចាត់​ទុក​ដូច​ជង្រុក ដូច​កាបូប​លុយ​អ៊ីចឹង​។ នារី​ដែល​មាន​ប្រជ្រុយ​នៅ​ទី​នេះ​ច្រើន​មាន​មិត្ត​ភ័ក្ដិ​ល្អៗ​រាប់​អាន និង​មាន​ប្រាក់​ហូរ​ចូល​ទៅ​ថ្ងៃ​ក្រោយ។

៥- ប្រជ្រុយ​លើ​ស្មា៖

​មិន​ត្រឹម​បង្ហាញ​ពី​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ឆ្លាត​ឈ្លាស​ និង​ក្លាហាន​ប៉ុណ្ណោះ​ទេ តែ​វា​ជា​សញ្ញា​នៃ​ភាព​ចម្រុងចម្រើន​ទៅ​ថ្ងៃ​មុខ​ផង​។ នារី​ប្រភេទ​នេះ​តែង​តែ​ជម្នះ​រាល់​ឧបសគ្គ​ ទាល់​តែ​បាន​សម្រេច​គោលដៅ​ដែល​ខ្លួន​ចង់​បាន​។ ដូច្នេះ​ភាគ​ច្រើន​នៃ​នារី​ដែល​មាន​ប្រជ្រុយ​ទី​នេះ​ មាន​កេរិ៍្តឈ្មោះ​ និង​តួ​នាទី​ក្នុង​សង្គម។

៦- ប្រជ្រុយ​ក្នុង​ត្រចៀក​៖

បើ​មាន​ប្រជ្រុយ​នៅ​ខាង​ក្រៅ បាន​ន័យ​ថា អ្នក​នឹង​មាន​កូន​ចៅ​ច្រើន​ និង​មាន​ជីវិត​ស្មោះ​ត្រង់ តែ​បើ​ដុះ​នៅ​ក្នុង​ត្រចៀក អ្នក​នឹង​មាន​អាយុ​វែង ហើយ​មាន​សំណាង​រឿង​លុយ​កាក់។

៧- ប្រជ្រុយ​នៅ​ពី​លើ​ក្បាល​៖

ប្រជ្រុយ​ត្រង់​នេះ​គឺ​កម្រ​មាន​ណាស់​​សម្រាប់​នារី​។ អ្នក​ដែល​មាន​ដុះ​ប្រជ្រុយ​នេះ​តែង​មាន​ការ​គាំទ្រ​ពី​អ្នក​ដទៃ មិន​សូវ​ចេះ​ព្រួយ​បារម្ភ​រឿង​អ្វី​ឡើយ​។ នារី​ប្រភេទ​នេះ​ច្រើន​មាន​ជីវិត​ស្រណុក​សុខ​ស្រួល​តាំង​ពី​កើត​មក រហូត​ធ្វើ​ឱ្យ​អ្នក​ខ្លះ​ច្រណែន​នឹង​ជីវិត​បែប​នេះ​ផង។

៨- ប្រជ្រុយ​នៅ​សៀត​ផ្កា​ខាង​ស្ដាំ៖

នារី​ដែល​មាន​ប្រជ្រុយ​នេះ​ច្រើន​តែ​ស្រស់​ស្អាត ប៉ុន្តែ​ឆាប់​រៀបការ​បន្តិច​។ តែ​ទោះ​យ៉ាង​ណា ស្វាមី​របស់​នារី​នេះ​ច្រើន​តែ​បុរស​សង្ហា ជា​អ្នក​មាន និង​ស្រលាញ់​ថ្នាក់​ថ្នម​នាង​មិន​សូវ​ឱ្យ​ឃ្នើស​ចិត្ត​ឡើយ​។ ប៉ុន្តែ​វា​នឹង​ក្លាយ​ជា​រឿង​មិន​ល្អ​វិញ បើ​មាន​ប្រជ្រុយ​ដុះ​នៅ​សៀត​ផ្កា​ខាង​ឆ្វេង។ វា​បង្ហាញ​ពី​ជីវិត​រកាំរកូស​ក្រោយ​រៀបការ ឬ​ឈាន​ដល់​ការ​លះលែង​ផង​៕

ប្រភព៖ speakingtree ប្រែសម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម