ស្បែកមុខស្អាតយ៉ាងណា នឹងប្រែទៅជាឆាប់ជ្រួញមុនវ័យ បើមានកំហុសលាងមុខ ៥ យ៉ាងនេះ

  • 2020-03-04 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្បែក​មុខ​ម៉ដ្ឋ​រលោង ក្មេង​បាន​យូរ​ជា​ក្តិ​ប្រាថ្នា​របស់​មិត្ត​​ៗ​​នារី​ជា​ច្រើន​។ ចំណែក​ឯ​ការ​លាង​មុខ​វិញ ជា​ដំណាក់កាល​សំខាន់​ និង​ដំបូង​បង្អស់​ ដើម្បី​លាង​សម្អាត​និង​​ថែរក្សា​សុខភាព​ស្បែក​មុខ។​ របៀប​នៃ​ការ​លុប​លាង​មុខ​មិន​ត្រឹម​ត្រូវ ក្រៅ​ពី​គ្មាន​ផ្តល់​ប្រយោជន៍​អ្វី​ហើយ វា​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​មុខ​របស់​អ្នក វិវត្ត​ទៅ​រក​ភាព​ចាស់​ លេច​ចេញ​ស្នាម​ជ្រួញ ឬ​ឡើង​មុន​ លើស​ពី​ការ​ស្មាន។ ដើម្បី​បញ្ចៀស​ពី​បញ្ហា​ទាំង​នោះ អ្នក​គួរ​បញ្ឈប់​​ទម្លាប់​លាង​មុខ​ខុស​ក្បួន​​ទាំង​ ៥ ដូច​ខាង​ក្រោម​។

១. លាង​មុខ​ជាមួយ​ទឹក​ក្តៅ

ការ​លាង​មុខ​ជាមួយ​នឹង​ទឹក​ក្តៅ អាច​បំផ្លាញ​ស្បែក​មុខ​ដោយ​មិន​ដឹង​ខ្លួន​។ ស្បែក​របស់​អ្នក នឹង​ប្រែ​ជា​ស្ងួត ហើយ​បើ​ចូលចិត្ត​ធ្វើ​ញឹក​ញាប់​ទៀត​ យូរ​ៗ​ទៅ​​មុខ​ងាយ​នឹង​កើត​មុន​និង​​ជ្រីវជ្រួញ​តែ​ម្តង។ វិធី​ល្អ​បំផុត​ ត្រូវ​លុប​លាង​មុខ ជាមួយ​នឹង​ទឹក​ស្អាត​​ក្នុង​កម្រិត​សីតុណ្ហភាព​សមរម្យ​ល្មម​ មិន​ត្រជាក់​ឬ​ក្តី​ពេក ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​ស្បែក​។

២. ប្រើ​ហ្វូម​លាង​មុខ​មិន​ត្រូវ​នឹង​ប្រភេទ​ស្បែ​ក

មាន​ផលិតផល​ច្រើន​ម៉ាក​ខ្លាំង​​ណាស់​ដែល​បាន​ដាក់​លក់​នៅ​លើ​ទៅ​ផ្សារ​ឬ​តាម​អនឡាញ សម្រាប់​ប្រភេទ​ស្បែក​ខុសៗ​គ្នា។ ចំពោះ​បញ្ហា​នេះ ជា​អ្វី​ដែល​គួរ​យកចិត្ត​ទុក​ដាក់​បំផុត ព្រោះ​ប្រសិន​បើ​អ្នក​ចេះ​តែ​ទិញ​នេះ​នោះ​ មក​ប្រើ​ដោយ​មិន​ដឹង​ពី​ធាតុ​ផ្សំ​​ដែល​ត្រូវ​នឹង​ប្រភេទ​ស្បែក​មុខ​របស់​ខ្លួន នោះ​វា​អាច​បង្ក​​ទៅ​ជា​ប្រតិកម្ម និង​ចំណាយ​​​លុយ​ច្រើន​យ៉ាង​ណា​ ក៏​គ្មាន​ថ្ងៃ​ទទួល​បាន​លទ្ធផល​ឡើយ​។

៣. លាង​មុខ​ទាំង​ដៃ​កខ្វក់​មិន​ស្អាត

ប្រសិន​បើ​អ្នក​ចង់​លាង​សម្អាត​ស្បែក​មុខ ឲ្យ​បាន​ស្អាត​ល្អ​និង​មិន​បង្ក​បញ្ហា​នានា គួរ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​​ដើម្បី​សម្លាប់​មេរោគ​ជា​មុន​សិន។

៤. លាង​មុខ​ញឹក​ញាប់​ពេក

ការ​លាង​មុខ​ញឹក​ពេក នោះ​ប្រេង​ធម្មជាតិ​ដែល​មាន​ប្រយោជន៍​ចំពោះ​ស្បែក​មុខ​​នឹង​ត្រូវ​បាត់​បង់​។ ពេល​នោះ​ហើយ ដែល​ស្បែក​មុខ​នឹង​​ប្រែ​ជា​ស្ងួត​ ប្រេះ​ ឡើង​មុខ ឬ​រោល​រមាស់​ជាដើម​។ ពេល​ខ្លះ​ប្រើ​ផលិតផល​លើស​លប់​ពេក មិន​មែន​ហុច​ផល​ល្អ​ចំពោះ​ស្បែក​មុខ​ទេ​ ប៉ុន្តែ​បែរ​ជា​មិន​ល្អ​ទៅ​វិញ​ទេ​។ គួរ​លាង​សម្អាត​មុខ​មួយថ្ងៃ​ពីរ​ដង គឺ​នៅ​ពេលព្រឹក ដោយ​ប្រើ​ហ្វូម​ស្រាល​ស្រទន់​សម្រាប់​ស្បែក​ និង​នៅ​ពេល​យប់ ដោយ​ប្រើ​ហ្វូម​ដែល​អាច​លាង​សម្អាត​​បាក់​តេរី​ធូលី​បាន​ល្អ​។

៥. មិន​លាប​ផលិតផល​ផ្តល់​សំណើម​បន្ទាប់​ពី​លាង​មុខ​រួច

ហ្វូម​លាង​មុខ​មួយ​​ចំនួន បាន​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ខ្លាំង បន្ទាប់​ពី​ប្រើ​រួច ដូច្នេះ​កុំ​ភ្លេច​លាប​ផលិតផល​សំណើម​ភ្លាម​ៗ កុំ​ទុក​យូរ​ពេក​ ដើម្បី​ការពារ​មិន​ឲ្យ​ស្បែក​កាន់​តែ​ស្ងួត​ប្រេះ​លើស​ដើម​ ថែម​ទាំង​អាច​ជួយ​ឲ្យ​ផលិតផល​ជ្រាប​ចូល​ស្បែក​បាន​ល្អ​ផង​ដែរ៕​​

ចុចអានបន្ត៖ ស្ទីលផាត់មុខមិនក្រាស់ មិនស្តើងពេក ល្មមស្អាតពេលទៅចូលរួមកម្មវិធី

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម