ទម្រាំមានថ្ងៃនេះ ជីវិតតស៊ូរបស់កូនចាបមាសធ្លាប់ជាអ្នកស៊ីឈ្នួលតាមផ្ទះសន្សំលុយរៀន

  • 2020-03-04 03:51:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ត្រូវ​ចាំ​ថា "គ្មាន​នរណា​ព្រម​ជឿ​លើ​យើង​តាំង​ពី​ដំបូង​នោះ​ទេ!​ ​ដរាប​ណា​​យើង​ដាក់​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​ដោយ​មិន​បោះបង់​ចោល​ ថ្ងៃ​ណា​មួយ​យើង​នឹង​អាច​ធ្វើ​ឱ្យ​គេ​ជឿ​លើ​យើង​ដូចគ្នា​ "​ នេះ​ជា​ការ​លើក​ឡើង​របស់​កូន​ចាប​មាស។

​ថ្ងៃ​នេះ​ Kanha ​សូម​ឲ្យ​អ្នក​អាន​ទាំង​អស់​គ្នា​ចំណាយ​ពេល​បន្តិច​មក​ដឹង​ពី​ជីវិត​តស៊ូ​របស់​អ្នក​និពន្ធ​វ័យ​ក្មេង​ម្នាក់​ដែល​មាន​នាម​ក្រៅ​ថា កូន​ចាប​មាស ។

សែត ហត្ថា​ ជា​ឈ្មោះ​ផ្លូវការ​របស់​កូន​ចាប​មាស​ ដែល​មាន​ដើម​កំណើត​ចេញ​ពី​គ្រួសារ​កសិករ​នៅ​ភាគ​ពាយព្យ​ទឹក​ដី​ខេត្ត​ពោធិ៍សាត់។​ ក្រៅ​ពី​ធ្វើ​ស្រែ​ចំការ​ នាង​​មាន​ឪពុក​ជា​អ្នក​ឡើង​ត្នោត​ ​ធ្វើ​ស្ករ​ និង​ម្ដាយ​ជា​ស្ត្រី​មេផ្ទះ​។ ​​​​​​​​​​​​​​មែន​ទែន​ទៅ​ ជីវិត​កូន​កសិករ​យើង​ដឹង​ស្រាប់​ថា​ មិន​ងាយ​ស្រួល​ប៉ុន្មាន​ទេ ជាក់​ស្ដែង​ ហត្ថា​ ក៏​ជា​​ក្មេង​ម្នាក់​​ដែល​​មាន​ជីវិត​លំបាក​រហូត​រត់​ចោល​ថ្នាក់​រៀន​ផង​ដែរ​។ ​

បញ្ហា​ប្រឈម​របស់​កូន​កសិករ​បោះ​បង់​ការ​សិក្សា​រូប​នេះ ដោយ​សារ​តែ​​ខ្វះ​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​រៀន​ ខ្វះ​ការ​លើក​ទឹកចិត្ត​ខ្វះ​គំរូ​ភាព​ល្អ​ៗ​ ដើម្បី​មើល​ ខ្វះ​ការ​ជួយ​ជ្រោមជ្រែង​ក្នុង​ការ​បន្ត​ការ​រៀន​សូត្រ​ ហើយ​ខ្វះ​ភាព​កក់ក្ដៅ​ និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ឪពុកម្ដាយ​។ ព្រោះ​តែ​ជីវភាព​មិន​អាច​បន្ត​ការ​សិក្សា​ ក៏​គេច​ខ្លួន​​ទៅ​រស់​នៅ​ជាមួយ​ម្ដាយ​មីង​​ក្នុង​ព្រៃភ្នំ​ ចាំ​ចំការ​ ដាំ​បន្លែ ​ឃ្វាល​គោ ​និង​ជិះកង់​ទៅ​មក​ចុះ​ឡើង​ចម្ងាយ​ជាង​១៥គីឡូ​ម៉ែត្រ​ពី​ផ្ទះ​​​រៀងរាល់​ចុង​សប្ដាហ៍​ ។​

យ៉ាង​ណា​ជីវិត​ព្រៃ​ភ្នំ​​បែប​នេះ ធ្វើ​ឲ្យ​នាង​ធុញ​ទ្រាន់​ស្ទើរ​រាល់ថ្ងៃ​ រហូត​ដាច់​ចិត្ត​​ទៅ​សុំ​នាយក​សាលា​ ចុះ​ឈ្មោះ​ចូលរៀន​វិញ។​ ​ចាប់​ផ្ដើម​ដឹង​ក្ដី​ ចាប់​ផ្ដើម​ស្គាល់​អត្ថន័យ​នៃ​ការ​សិក្សា​ តែ​បែរ​ជា​​ត្រូវ​ជំងឺ​វាយ​លុក​សុខភាព ​មិន​អាច​ងើប​ទៅ​ប្រឡង​ថ្នាក់​ទី០៩ ឆមាសទី១ នាង​ត្រូវ​បោះ​បង់​ការ​សិក្សា​ជា​លើក​ទី​២​។​​

ក្រោយ​សម្រាក​បាន​ធូរស្រាល​ ហត្ថា​ក៏​សម្រេច​​ចិត្ត​ទៅ​ធ្វើការ​ជា​អ្នក​ស៊ី​ឈ្នួល​តាម​ផ្ទះនៅ​ឯ​ខេត្ត​បាត់​ដំបង​​ សន្សំ​លុយ​រហូត​បាន​សម្រេច​បំណង​ចូលរៀន​ម្ដង​ទៀត។​ នេះ​ហើយ​ជីវិត​របស់​មនុស្ស​មាន​ឡើង​ មាន​ចុះ​ នៅ​ឆ្នាំ​ ២០១២ ​កូន​ចាប​មាស​ដ៏​តូច​ក៏​​បាន​បញ្ចប់​ថ្នាក់​បាក់ឌុប​​ ដោយ​ជោគជ័យ​ និង​ទទួល​អាហារូបករណ៍​ផ្នែក​ព័ត៌មាន​វិទ្យា​របស់​អង្គការ​មួយ​សិក្សា​នៅ​ភ្នំពេញ​ ​នា​​ដើម​ឆ្នាំ ​​២០១៣​។ ​​​​​​​​​

​​​​​​​​​ពីរ​​ឆ្នាំ​កន្លង​ផុត​ទៅ​យ៉ាង​លឿន​ ហត្ថា​បាន​បញ្ចប់​ការ​សិក្សា​ជំនាញ​ផ្នែក​ព័ត៌មាន​​ រួច​បន្ត​ចូល​កម្ម​សិក្សា​ការងារ​នៅ​ក្រុមហ៊ុន​ឯកជន​។​ ប៉ុន្តែ​ការងារ​​ដែល​នាង​ធ្វើ​រាល់​ថ្ងៃ ​ហាក់​នៅ​​មិន​សុខ​ក្នុង​ខ្លួន​ ​​​នាង​​តែង​យក​សៀវភៅ​​មក​បំពេញ​ចន្លោះ​ជីវិត​បន្ថែម​ រហូត​ដល់​ថ្ងៃ​នាង​ចាប់​ផ្ដើម​ស្គាល់​ខ្លួន​ឯង​ ឲ្យ​ខ្លួន​ឯង​ចេញ​រក​ក្ដី​ស្រមៃ​​ ឆ្ពោះ​​ដំណើរ​ផ្សង​ទៅ​រក​ផ្លូវ​​ក្លាយ​ជា​អ្នក​និពន្ធ​។​

ដើម​ឆ្នាំ​២០១៧ កូន​ចាប​មាស​ហើរ​​ទៅ​រក​​ក្ដី​ស្រមៃ​ ប្រឹងប្រែង​​យ៉ាង​ស្វិតស្វាញ​គ្រប់​ឧបសគ្គ​ ហើយ​នាង​ក៏​បាន​​ចាប់​ផ្ដើម​ដំណើរ​ផ្សង​ព្រេង​ជីវិត​នៅ​ក្នុង​ក្ដី​ស្រមៃ​ពិត​ប្រាកដ​មក​មក​ពេល​បច្ចុប្បន្ន​។ ​ផេកហ្វេស​បុក​ផ្លូវការ​របស់​នាង​មាន​ឈ្មោះ​ថា​ “សៀវភៅ​ជីវិត” ជា​កន្លែង​ដើម្បី​ចែករំលែក​អត្ថបទ​លើក​ទឹកចិត្ត​ ហើយ​សព្វថ្ងៃ​វា​ក្លាយ​ទៅ​ជា​គ្រឹះ​ស្ថាន​បោះ​ពុម្ព​ផ្សាយ​មួយ​។

ជាង​ម្ភៃ​ឆ្នាំ​នៃ​យុវភាព​របស់​នាង​​បាន​បោះបង់​ចោល​ការ​សប្បាយ​ភ្លើតភ្លើន​ ហើយ​ងើប​មក​ប្រយុទ្ធ​យកឈ្នះ​ការ​លំបាក​ទាំងឡាយ​ដែល​សម្រុក​ចូល​មក​ដោយ​ក្ដី​អំណត់។

​ជា​ចុង​ក្រោយ​នេះ​ ឃ្លា​មួយ​ដែល​កូន​ចាប​មាស​បាន​សង្ខេប​​​ពី​ជីវិត​តស៊ូ​ដែល​ហែល​ឆ្លង​កន្លង​មក​ថា​៖​​ "ឆាក​ជីវិត​ដូចជា​ត្រូវ​បាន​រៀប​ចំ​ជា​ស្រេច​សម្រាប់​ខ្ញុំ​​​ ដែល​ខ្ញុំ​គ្រាន់​តែ​ត្រូវ​ដើរ​ដោយ​ការ​អត់​ធ្មត់​ប៉ុណ្ណោះ​។ ជួន​កាល​ជីវិត​ដុន​ដាប​ដល់​ដី ​ប៉ុន្តែ​យើង​ប្រឹង​ក្រោក​ឡើង​មកវិញ​ ហើយ​ឈាន​ជើង​ទៅ​មុខ​ទៀត​" ​។

​ប្រវត្តិ​សង្ខេប៖​​

  • កញ្ញា​ សែត ហត្ថា​ មាន​ឈ្មោះ​ជា​​​អ្នក​និពន្ធ​ថា​ កូន​ចាប​មាស
  • មាន​វ័យ​ ២៨​ឆ្នាំ
  • ជា​កូន​ច្បង​ក្នុង​ចំណោម​​បង​ប្អូន​ ៥នាក់
  • បញ្ចប់​ការ​សិក្សា​ជំនាញ​ផ្នែក​ព័ត៌មាន​វិទ្យា​
  • ការងារ​បច្ចុប្បន្ន ជា​អ្នក​​គ្រប់គ្រង​ទីផ្សារ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​
  • ស្នាដៃ​និពន្ធ​ចំនួន​០៤ ដែល​មាន​ចំណង​ជើង​៖ ​វិញ្ញសា​ជីវិត, ​កាដូ​ជីវិត, ​ខ្យល់​ដង្ហើម និង​ស្នា​ដៃ​និពន្ធ​រួម​គ្នា​ចុង​ក្រោយ​ មាន​ចំណង​ជើង​ថា ដំណើរ ៕​​​​​

រូបភាពផ្ដល់ឲ្យ​ដោយ កញ្ញា សែត​ហត្ថា

ចុចអានបន្ថែម៖

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម