ជម្នះលើរូបរាងខាងក្រៅ ម៉ូដែលថ្មីម្នាក់យកទេពកោសល្យ និងភាពជឿជាក់ បោះជំហានចូលសិល្បៈ
- 2020-02-28 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្នះលើរូបរាងខាងក្រៅ ម៉ូដែលថ្មីម្នាក់យកទេពកោសល្យ និងភាពជឿជាក់ បោះជំហានចូលសិល្បៈ
បច្ចុប្បន្ននេះយុវវ័យមួយចំនួននិយម និងចូលចិត្តការថតរូប មិនថាបែបអប់រំ កម្សាន្ត ឬកំប្លែងនោះទេ។ លើសពីចំណូលចិត្តផ្នែកសិល្បៈមួយទម្រង់នេះ វេបសាយ កញ្ញា សូមណែនាំ យុវតីខ្មែរមួយរូប ដែលស្រឡាញ់ការថតរូបខ្លាំង ហើយក្តីស្រឡាញ់បានញុំាងឲ្យកញ្ញា ចង់ចាប់យកធ្វើអាជីព ជាអ្នកដើរតារាម៉ូដផងដែរ ប្រកបដោយភាពជឿជាក់។
ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារវេបសាយ **កញ្ញា** យុវតី នួន សុដានីន មានអាយុ ២០ ឆ្នាំ សព្វថ្ងៃមានមុខរបរជានិស្សិតឆ្នាំទី ២ ជំនាញផ្នែកទីផ្សារនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច។ ទន្ទឹមនឹងការសិក្សា សុដានីន ក៏បម្រើការងារនៅក្រុមហ៊ុនឯកជនផ្នែកទីផ្សារ។
ទោះស្រឡាញ់ផ្នែកសិល្បៈ និងរវល់ការងារយ៉ាងណា យុវតីខ្មែររូបនេះ នៅតែមិនបោះបង់ចោលការសិក្សានៅសាលា។ សុដានីន មានបំណងប្រាថ្នាមួយ គឺចង់ក្លាយជាតារាម៉ូដែលមួយរូប នៅក្នុងប្រទេសកម្ពុជា។ ដំបូងឡើយ កញ្ញាពុំដែលទទួលបានឱកាសសូម្បីតែម្តង ទាក់ទងនឹងផ្នែកដែលខ្លួនស្រឡាញ់មួយនេះឡើយ ដោយហេតុផលមាឌតូច កម្ពស់ទាប។ ក្រោយមកថ្មីៗនេះ កញ្ញាក៏បានដាក់ពាក្យទៅក្រុមហ៊ុនជ្រើសរើសតារាម៉ូដែល ឈ្មោះ Perfect 10 ក៏ទទួលបានជោគជ័យ ព្រោះទីនេះ មិនគិតផ្តោតតែលើរូបរាងខាងក្រៅតែមួយមុខ គឺគេផ្តោតលើទេពកោសល្យ និងភាពជឿជាក់ជាចម្បង។
យុវតីរូបនេះក៏បានប្រាប់ឲ្យដឹងថា មូលហេតុដែលខ្លួនចង់ក្លាយជាតារាម៉ូដែលនោះគឺដោយសារតែក្តីស្រឡាញ់នៃការថតរូបខ្លាំង។ សុដានីន បាននិយាយថា៖ « បើនិយាយពីលក្ខណៈរបស់ម៉ូដែលម្នាក់ៗប្រហែលជាគិតថា ត្រូវតែមានកម្ពស់ខ្ពស់ ត្រូវស្អាត ឬក៏មានពណ៌សម្បុរឬក៏មុខមាត់អីឲ្យត្រូវនឹងស្តង់ដារ តែសម្រាប់ខ្ញុំវិញគឺខ្ញុំឲ្យអត្ថន័យផ្ទុយពីពាក្យអស់នេះគឺខ្ញុំគិតថាមនុស្សម្នាក់ឲ្យតែមានភាពជឿជាក់លើខ្លួនឯង មានទំនុកចិត្តខ្ពស់ក្នុងការបង្ហាញភាពច្នៃប្រឌិតរបស់យើង។»
នៅថ្ងៃអនាគត សុដានីនក៏បានប្រាប់បន្ថែមទៀតថា ខ្លួននឹងនៅតែបន្តក្តីស្រម៉ៃមួយនេះដោយចូលចិត្តការងារទាក់ទងនឹងវិស័យសិល្បៈដូចជា ការដើរម៉ូដ ការសម្តែង ពិធីការនីជាដើម។ ស្របពេលគ្នានេះដែរ យុវតីរូបនេះក៏មិនភ្លេចពីការសិក្សាជំនាញរបស់ខ្លួនដែរ។
ការតស៊ូ និងការជម្នះរាល់ឧបសគ្គដែលខ្លួនបានជួបនឹងនាំឲ្យអ្នកទទួលជោគជ័យនូវវិថីដែលអ្នកចង់បាន៕
ចុចអានបន្ត៖
ខ្លះៗពីអាបាស្ស តារាម៉ូដែលជនជាតិ Uzbek ដំបូងគេ នៅកម្ពុជា