មាន​ន័យ! កញ្ញា៖ ការងារ​អាច​សុំ​ច្បាប់​គេ​បាន ប៉ុន្តែ​ជា​ម្ដាយ​មើល​កូន មិន​អាច​សុំ​ច្បាប់​ទេ

  • 2020-01-23 08:25:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រមាណ​ជា ជិត​១​ឆ្នាំ​មក​ហើយ ឱក សុគន្ធ​កញ្ញា បាន​ផ្លាស់​ខ្លួន​ពី​នារី​ខ្លួន​មួយ ហើយ​បន្ត​មក​ទៀត​នាង​ក៏​បាន​ក្លាយ​ជា​អ្នក​ម្ដាយ​គេ​ទៀត ដែល​ទាំង​នេះ​សាមី​ខ្លួន​បញ្ជាក់​ថា នាង​បាន​ជួប​រឿង​ច្រើន​ក្នុង​តួនាទី ការ​ទទួល​ខុស​ត្រូវ ដែល​ពី​មុន​មក​នាង​មិន​ដែល​ដឹង មិន​ដែល​យល់ ដូច្នេះ​ហើយ​គ្រាន់​និយាយ​ពី​កាតព្វកិច្ច​ម្ដាយ​ចំពោះ​កូន នាង​ព្រឺ​សម្បុរ។

តារា​ចម្រៀង​ស្រី​ជួរ​មុខ​របស់​ហង្សមាស បាន​រៀបការ​ជាមួយ​ប្អូន​ប្រុស​ថៅកែ​ហង្សមាស​កាល​ពី​ខែ​ឧសភា ២០១៩ ហើយ​មក​ដល់​បច្ចុប្បន្ន ​នាង​បង្កើត​បាន​កូន​ប្រុស​ម្នាក់​ឈ្មោះ អ៊ឹង បញ្ញា​បុត្រ ហៅ "ឆលី" ជា​ចំណងដៃ​អាពាហ៍ពិពាហ៍ មាន​វ័យ​ប្រមាណ ២​ខែ​ហើយ។ ដ្បិត​ថា មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ ចង់​រក​អ្នក​ជួយ​ជំនួស​ដៃ​ជើង​ប៉ុន្មាន​នាក់​ក៏​បាន មិន​ខ្វះ ប៉ុន្តែ​កញ្ញា ស្វាមី បាន​សម្រេច​ថា នឹង​ធ្វើ​កិច្ចការ​មួយ​នេះ​តែ​២នាក់ ក្នុង​ការ​បី​បាច់​កូន​របស់​ពួក​គេ។

"ធ្វើ​បែប​នេះ ព្រោះ​ខ្ញុំ​ចង់​បាន​បទ​ពិសោធន៍ ធ្វើ​ជា​ឪពុក​ម្ដាយ​គេ ថា​តើ​ការ​មើល​ថែ​កូន មាន​រឿង​អី​កើត​ឡើង​ខ្លះ លំបាក​យ៉ាង​ម៉េច​ខ្លះ ហើយ​មាន​អារម្មណ៍​កក់​ក្ដៅ​បែប​ណា​ខ្លះ អីចឹង​ពួក​យើង​បាន​ប្រឹង​ប្រែង​ធ្វើ​វា​ដោយ​ខ្លួន​ឯង ២នាក់​ត​ទល់ ហើយ​យើង​បាន​ជួប ហើយ​ក៏​យល់​អារម្មណ៍​មួយ​នេះ បើ​សិន​ជា​យើង​មិន​ជួប​ផ្ទាល់​ពិត​ជា​អត់​យល់​ទេ...ខ្ញុំ​ចង់​និយាយ​ថា វា​ជា​បទ​ពិសោធន៍​ជីវិត​ថ្មី​បំផុត ហើយ​បើ​បង​ប្អូន​នារី​ផ្សេង​ទៀត មិន​សម្រេច​រៀបការ ហើយ​មាន​កូន គឺ​ពួក​គាត់ នឹង​មិន​អាច​យល់​អារម្មណ៍​ទាំង​នេះ​ទេ!"។

ឱក សុគន្ធ​កញ្ញា បញ្ជាក់​ថា ដំបូង​នាង​គ្រាន់​តែ​ដឹង​ថា ពេល​នេះ​ខ្លួន​ជា​ស្ត្រី​មាន​គ្រួសារ​ហើយ ប៉ុន្តែ​ក្រោយ​មក​ទៀត នាង​ក៏​ពពោះ និង​បាន​សម្រាល​បុត្រ ហើយ​នាង​ក៏​បាន​ក្លាយ​ជា​ម្ដាយ​គេ​ម្នាក់​យ៉ាង​ពេញ​លេញ។ នេះ ដូច​ជា​ការ​ផ្លាស់​ប្ដូរ​ខ្លួន​ទៅ​កាន់​ពិភព​ថ្មី​មួយ​ទៀត ដែល​អ្វី​ៗ គឺ​ថ្មី​បំផុត​សម្រាប់​ខ្លួន​ឯង ទាំង​អារម្មណ៍ កាតព្វកិច្ច និង​ការ​ទទួល​ខុស​ត្រូវ​ក៏​ច្រើន​ជាង​មុន ហើយ​លំបាក​កាន់​តែ​ខ្លាំង​ជាង​មុន។

តារា​ស្រី លើក​ឡើង​ថា នោះ​ជា​ជីវភាព​ដ៏​មមាញឹក​បំផុត នាម​ជា​ឪពុក​ជា​ម្ដាយ​គេ ក្នុង​នោះ​ដូច​ជា​នាង ពី​មុន​ត្រឹម​តែ​ជា​តារា​ចម្រៀង​ដែល​មួយ​ថ្ងៃ​ៗ​គិត​តែ​ពី​ការ​ធ្វើ​កិច្ចការ​សិល្បៈ​របស់​ខ្លួន ដែល​កិច្ចការ​នេះ វា​បាន​ធ្វើ​ឲ្យ​នាង​មមាញឹក​រួច​ហើយ។ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន នាង​ចាប់​ផ្ដើម​កាតព្វកិច្ច​ដ៏​សំខាន់​បំផុត​មួយ​ទៀត គឺ​មើល​ថែ​កូន ជា​កាតព្វកិច្ច​មួយ​ដែល​នាង​លើក​ឡើង​ថា មិន​អាច​រំលង​បាន​ទោះ​កាលៈទេសៈ​ណា​ក៏​ដោយ។

កញ្ញា បាន​លើក​ឡើង​ថា៖ "ពេល​ខ្លះ តួនាទី​ក្នុង​ការងារ​យើង​អាច​សុំ​ច្បាប់​គេ​បាន ប៉ុន្តែ​តួនាទី​ជា​ម្ដាយ​​មើល​ថែ​កូន គឺ​មិន​អាច​សុំ​ច្បាប់​បាន​ទេ!”។

ជា​ថ្មី​ម្ដង​ទៀត ឆ្លង​កាត់​ជីវភាព​ជា​ឪពុក ជា​ម្ដាយ​គេ​រយៈ​ពេល​ជាង​២​ខែ​មក​នេះ កញ្ញា​ថា ពួក​នាង​ពិត​ជួប​ការ​លំបាក​ច្រើន​ទាំង​ថ្ងៃ​ទាំង​យប់ ព្រោះ​ត្រូវ​លៃ​ពេល​សម្រាប់​ការងារ ខណៈ​ការ​មើល​ថែ​កូន គឺ​ជា​ការងារ​អាទិភាព​បំផុត ដូច្នេះ​ហើយ ថ្ងៃ​ខ្លះ នាង និង​ស្វាមី សុខ​ចិត្ត​ទាត់​ចោល​ការងារ​ទាំង​អស់ ដើម្បី​ទុក​ពេល​ឲ្យ​តែ "ឆលី" របស់​ពួក​នាង។ "និយាយ​ទៅ​វា​ជា​កិច្ចការ​ដ៏​លំបាក ពួក​យើង​ធ្វើ​ការ​ផង ឆ្លាស់​វេន​មើល​គាត់​ផង ទាំង​ថ្ងៃ​ទាំង​យប់ ​ពួក​យើង​អត់​ងងុយ...គឺ​វា​លំបាក​ខ្លាំង ប៉ុន្តែ​ពួក​យើង​មាន​អារម្មណ៍​ថា ក៏​ក្ដៅ​ខ្លាំង​ដែរ ក្នុង​នាម​ជា​ឪពុក​ជា​ម្ដាយ​គេ​មើល​ថែ​កូន​នេះ!”។

មក​ដល់​ចំណុច​នេះ កញ្ញា បញ្ជាក់​ថា នាង​បាន​នឹក​ទៅ​ដល់​ពលិកម្ម​សព្វ​បែប​យ៉ាង​របស់​អ្នក​មាន​គុណ​គ្រប់​រូប ទម្រាំ​ជូន​កូន​ដល់​ត្រើយ​មួយ​ៗ។ "មក​ដល់​ពេល​នេះ ខ្ញុំ​បាន​ចាប់​ផ្ដើម​ដឹង និង​យល់​ថា តួនាទី​ជា​ឪពុក​ម្ដាយ ជា​តួនាទី​មួយ​ដែល​មាន​ទំនួល​ខុស​ត្រូវ​ធំ​បំផុត ក្នុង​ការ​មើល​ថែ​បី​បាច់​កូន​ទម្រាំ​បាន​ដល់​ធំ​ពេញ​រូប​ពេញ​រៀង ស្អាត​បាត រឹង​មាំ ក្នុង​នោះ​សូម្បី​ភាព​ឆ្លាត​វៃ​របស់​កូន​នីមួយ​ៗ ក៏​អាស្រ័យ​លើ​ការ​មើល​ថែ​របស់​ឪពុក​ម្ដាយ​បាន​យ៉ាង​ល្អ​ដែរ...អីចឹង​ហើយ សម្រាប់​ខ្ញុំ​ខ្លួន​ឯង ខ្ញុំ​ដឹង​ថា ពេល​នេះ ខ្លួន​ឯង​ក៏​ជា​ម្ដាយ​គេ​មួយ​រូប ដែល​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​ខ្ពស់​កូន​ៗ អីចឹង​ហើយ​ខ្ញុំ​សុំ​ចែក​រំលែក​បទ​ពិសោធន៍​នេះ​ថា ទាល់​តែ​អ្នក​ជួប​ផ្ទាល់ ទើប​យល់​អារម្មណ៍​មួយ​នេះ​ច្បាស់!”៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម