កើតមកជាស្រីដូចគ្នា គួរចេះពីវិធីលើកទឹកចិត្តសំខាន់ៗ ៩យ៉ាងនេះ

  • 2020-01-22 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ដែល​ចេះ​ចូល​រួម​គាំ​ទ្រ​លើក​ទឹក​ចិត្ត​ដល់​មនុស្ស​ស្រី​ដទៃ​ទៀត ភាគ​ច្រើន​អាច​ទទួល​បាន​ភាព​ជោគជ័យ។ សម័យ​នេះ​ទៅ​ហើយ ​កើត​មក​ជា​ស្រី​ដូច​គ្នា មិន​មែន​អស្ចារ្យ​នឹង​ការ​ប្រកួត​ប្រជែង​ ចង់​ឈ្នះ​ចាញ់​ ឬ​ខ្លាច​គេ​ល្អ​ជាង​ខ្លួន​ឡើយ​។ អ្វី​ដែល​សំខាន់​បំផុត​ គឺ​សេចក្តី​ស្រលាញ់​ ការ​គោរព ចិត្ត​ទូលាយ ហ៊ាន​ចែក​រំលែក​ចំណុច​ល្អ និង​ចេះ​ពី​វិធី​លើក​ទឹក​ចិត្ត​ឲ្យ​សប្បាយ​រីក​រាយ​ឡើង​វិញ​ ពេល​ស្រី​ៗ​​គ្នា​ឯង​ ជួប​ទុក្ខ​លំបាក។

១. ផ្តល់​កម្លាំង​ចិត្ត

មាន​ពេល​ខ្លះ មនុស្ស​ស្រី​មិន​អាច​ទប់​អារម្មណ៍​បាន​ឡើយ នាង​​ភ័យ​ខ្លាច ខ្វះ​ភាព​ក្លាហាន និង​មិន​ហ៊ាន​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​។ ប្រសិន​បើ​​ឃើញ​​នាង​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ ទោះ​បី​ជា​នាង​​បាន​សុំ​ឬ​មិន​បាន​ពឹង​ឲ្យ​ជួយ​ក៏​ដោយ អ្នក​គួរ​តែ​​ចេះ​ផ្តល់​កម្លាំង​ចិត្ត​ និយាយ​ពាក្យ​ល្អ​ៗ ផ្តល់​យោបល់​វិជ្ជមាន ចេញ​ពី​ចិត្ត​ពិត​មិន​មែន​​សម្តែង។

២. ​​ស្តាប់

ឲ្យ​នាង​និយាយ​ពាក្យពេចន៍​ក្នុង​ចិត្ត​ឲ្យ​អស់​ទៅ​។ នៅ​ពេល​ដែល​មនុស្ស​ស្រី​ស្រេ្តស​ខ្លាំង ការ​រៀប​រាប់​បញ្ហា​ចេញ​ពី​ខ្លួន​ គឺ​​អាច​ធ្វើ​ឲ្យ​ធូរ​ទ្រូង​បាន​ពិត​​មែន​​ ព្រោះ​ក្នុង​ខួរ​ក្បាល​របស់​នាង​ បាន​​ផលិត​អ័រម៉ូន​ម្យ៉ាង​ឈ្មោះ​ថា អុកស៊ីតូស៊ីន (oxytocin)។ អ្នក​គ្រាន់​តែ​អង្គុយ​​ស្តាប់​នាង​​ ព្យាយាម​យល់ ហើយ​ងក់​ក្បាល​ ក៏​គ្រាប់​គ្រាន់​ណាស់​ទៅ​ហើយ​។

៣. ចែក​រំលែក​ចំណេះដឹង

​ស្រី​ៗ​ភាគ​ច្រើន​ មិន​សូវ​ចូលចិត្ត​បង្ហាញ​ភាព​រួសរាយ​រាក់​ទាក់​ប៉ុន្មាន​ទេ​ ពេល​ជួប​មុខ​មនុស្ស​ស្រី​ដទៃ​ទៀត​ដែល​ពុំ​ធ្លាប់​ស្គាល់​គ្នា​ពី​មុន​មក​។ ឧទាហរណ៍​ថា នាង​គឺ​​ជា​សិស្ស​ថ្មី​នៅ​សាលា​រៀន​ ឬ​មិត្ត​រួម​ការងារ​ថ្មី​​នៅ​ក្នុង​ក្រុម​ហ៊ុន ដូច្នេះ​ហើយ​បើ​អ្នក​ធ្វើ​ហីៗ សម្លឹង​ដោយ​ក្រសែ​ភ្នែក​មិន​ល្អ ឬ​មិន​ចង់​ចែក​រំលែក​ចំណេះ​ដឹង​ទាល់​តែ​សោះ ​វា​មិន​ត្រឹម​​​តែ​ធ្វើ​ឲ្យ​នាង​ពិបាក​ចិត្ត​ប៉ុណ្ណោះ​ទេ តែ​ខ្លួន​​អ្នក​ផ្ទាល់ នឹង​គ្មាន​ភាព​រីក​ចម្រើន​ ថែម​ទាំង​ខ្សោយ​ផ្នែក​ទំនាក់​ទំនង​ទៀត​ផង​។

៤. ផ្តល់​បទ​ពិសោធន៍​ដល់​ក្មេង​ស្រី​ជំនាន់​ក្រោយ​

សាក​​ស្រមៃ​ត្រលប់​ក្រោយ​ទៅ​មើល​ កាល​​នៅ​ជា​យុវវ័យ អ្នក​ក៏​ធ្លាប់​មាន​ចំណុច​ខ្វះ​ខាត​ដែរ។ ហេតុ​នេះ​ហើយ​ អ្នក​អាច​យក​​ភាព​ខ្វះខាត​ទាំង​នោះ ដើម្បី​ណែនាំ​ផ្តល់​បទពិសោធន៍​​​​ និង​​ជួយ​កែ​តម្រូវ​ ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ។

៥. ចេះ​សរសើរ

នរណា​ក៏​ចង់​ឭ​ពាក្យ​សរសើរ​ដែរ ព្រោះ​វា​អាច​​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ៗ​សប្បាយ​ចិត្ត​ញញឹម​បិទ​មាត់​មិន​ជិត។ មិន​មែន​ជា​បញ្ជោរ​នោះ​ទេ តែ​បើ​ឃើញ​គេ​ល្អ​ហើយ លាក់​ទុក​ក៏​មិន​បាន​អី​មក​​វិញ​ដែរ ប៉ុន្តែ​បើ​សរសើរ​ប្រាប់​ឲ្យ​ដឹង គេ​នឹង​រំភើប​ អ្នក​ក៏​បាន​បុណ្យ​ទៀត។

៦. ចេះ​ជួយ​អ្នក​ម្តាយ​និង​លោក​យាយ

ចាប់​ផ្តើម​ពី​ឥលូវ​នេះ ទោះ​រវល់​យ៉ាង​ណា កុំ​ភ្លេច​ខល​​ទៅ​លេង សួរ​សុខ​ទុក្ខ និង​ជួយ​​យក​អសារ​អ្នក​ម្តាយ​និង​លោក​យាយ​​ជានិច្ច។ ទិញ​របស់​ខ្លះ​ៗ ឬ​ផ្កា​ទៅ​ឲ្យ​ពួក​គាត់ ដើម្បី​បង្កើត​ស្នាម​ញញឹម​ គ្រួសារ​មាន​សេចក្តី​សុខុំ

៧. ពិភាក្សា​ជាមួយ​ស្រី​ៗ​គ្នា​ឯង

ពេល​ទៅ​​ណា​មក​ណា ត្រូវ​ចេះ​និយាយ​​ពិភាក្សា បើក​ចិត្ត​ទូលាយ និង​ផ្លាស់​ប្តូរ​គំនិត​ល្អៗ​ទៅ​វិញ​ទៅ​មក អាច​ជា​រឿង​សិក្សា​រៀន​សូត្រ និង​ការ​រក​ស៊ី​ជា​ដើម​។ គ្មាន​ហេតុ​ផល​ណា ដែល​មនុស្ស​ស្រី ត្រូវ​ទៅ​​ផ្ចាញ់​ផ្ចាល បំបាក់​ទឹក​ចិត្ត​ស្រី​ៗ​គ្នា​ឯង​ឡើយ​។

៨. អញ្ជើញ​ចូល​រួម​ក្នុង​កម្មវិធី​ផ្សេងៗ

បើ​និយាយ​ពី​មនុស្ស​ប្រុស ពួក​គេ​ឆាប់​ស្គាល់​គ្នា​ណាស់ ទោះ​បី​ទើប​ជួប​មុខ​គ្នា​ក៏​ដោយ​។ គេ​បង្កើត​ក្រុម មាន​កម្មវិធី​ជួបជុំ និង​លេង​បាល់​ជា​ដើម​​។ ប្រុសៗ​អាច​ធ្វើ​បែប​នេះ​បាន គ្មាន​អ្វី​ដែល​ស្រីៗ​​ធ្វើ​មិន​បាន​ទេ​។ ជាពិសេស​បើ​មាន​កម្មវិធី​ណា​ល្អ​ៗ ទាក់​ទង​នឹង​ការ​លើក​កម្ពស់​ស្រ្តី ពន្យល់​ពី​អាជីព​ការងារ​​...កុំ​ភ្លេច​ហៅ​ស្រី​ៗ​គ្នា​យើង​ទៅ​ចូល​រួម​ផង។

៩. បង្កើត​​ជា​ក្រុម​នារី​មួយ​សម្រាប់​ប្រឹក្សា​យោបល់

ថ្វី​ត្បិត​តែ​ពេល​ខ្លះ អ្នក​មិន​ទំនេរ​អាច​ទៅ​ជួយ​អ្វី​​បាន​ពិត​មែន​ ប៉ុន្តែ​យ៉ាង​ហោច​ណាស់ អ្នក​ចេះ​បង្កើត​ក្រុម​មួយ​ក្នុង​បណ្តាញ​សង្គម ដើម្បី​ប្រឹក្សា​យោបល់​ បញ្ចេញ​អារម្មណ៍​មិន​ល្អ បង្ហាញ​ពី​ភាព​បរាជ័យ​ឬ​ជោគជ័យ បាន​គ្រប់​ពេល​វេលា។ សំខាន់​បំផុត ត្រូវ​ចាំ​ថា​ ​នៅ​ពេល​មាន​នរណា​ម្នាក់​និយាយ​ប្រាប់​ពី​​រឿង​រ៉ាវ​បញ្ហា​របស់​គេ ដាច់​ខាត​កុំ​រិះ​គន់​វាយ​តម្លៃ ក្នុង​ន័យ​ជាន់​ពន្លិច និង​មាន​គំនិត​អវិជ្ជមាន​ឲ្យ​សោះ។ ត្រូវ​រិះ​រក​វិធី​ណា​ ដែល​អាច​ជួយ​ឲ្យ​ស្ថានភាព​ល្អ​ប្រសើរ ទើប​គេ​ហៅ​ថា​មនុស្ស​ស្រី​ឆ្លាត និង​ជោគ​ជ័យ​ អាច​ជួយ​អ្នក​ដទៃ​បាន​សម្រេច​៕

ចុចអានបន្ត៖ Kylie សេដ្ឋីនីក្មេងជាងគេលើពិភពលោក ចែករំលែកគំនិតល្អៗនៃភាពជោគជ័យ ​​​

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម