តិចនិករក្សាផ្កាឲ្យនៅស្រស់បានយូរថ្ងៃ អបអរពេលបុណ្យចូលឆ្នាំចិន
- 2020-01-15 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិករក្សាផ្កាឲ្យនៅស្រស់បានយូរថ្ងៃ អបអរពេលបុណ្យចូលឆ្នាំចិន
ផ្កាជានិមិត្តសញ្ញានៃភាពរីករាយ ភាពជោគជ័យ ស្រស់ស្អាតនិងសំណាងល្អ។ ដូច្នេះហើយនៅពេលបុណ្យទានម្ដងៗ គេមិនភ្លេចតាំងផ្កា១ថូ ឬ ២ថូក្នុងផ្ទះនោះទេ។ ប៉ុន្តែតើធ្វើយ៉ាងណាដើម្បីឲ្យផ្កានៅតែស្រស់បានយូរ?
ដើម្បីរក្សាផ្កាឲ្យនៅស្រស់បានយូរ សំខាន់បំផុតត្រូវផ្លាស់ប្ដូរទឹកជារៀងរាល់ថ្ងៃ។ ប្ដូរទឹកក្នុងថូរៀងរាល់ព្រឹកឲ្យបានទៀងទាត់។ ម្យ៉ាងទៀត កុំភ្លេចកាច់ទងដើមផ្កាទាំងនោះដើម្បីឲ្យវាស្រូបទឹកបានល្អ។
អ្នកក៏ត្រូវយកចិត្តទុកដាក់មើលថាមានផ្កាណាងាប់ឬខូច គឺត្រូវយកចេញភ្លាមៗកុំឲ្យប៉ះពាល់សោភ័ណភាពដល់ផ្កាដទៃ។ មួយវិញទៀត ថូផ្កាមានរចនាបែបបទស្អាតមិនទាន់គ្រប់គ្រាន់ទេ ត្រូវជ្រើសថូណាដែលធំទូលាយ ងាយឲ្យផ្កាស្រូបទឹកបានល្អផងដែរ។
ខាងក្រោមនេះ ជាគន្លឹះសំខាន់មួយចំនួនរក្សាផ្កាឲ្យនៅតែស្រស់បានយូរថ្ងៃក្នុងអំឡុងបុណ្យចូលឆ្នាំចិន៖ ១. កិនថ្នាំអាស្ពីរីនចូលក្នុងថូផ្កា ដើម្បីជួយបង្កើនកំហាប់អាស៊ីតនៅក្នុងទឹក ដែលជួយរក្សាផ្កាឲ្យនៅតែស្រស់បានយូរ។
២. ដាក់កាក់ក្នុងថូ ព្រោះសារធាតុលោហៈជួយប្រឆាំងបាក់តេរីធម្មជាតិរបស់ផ្កាមិនឲ្យឆាប់រលួយ។
៣. បន្តក់ទឹកខ្មេះ ២ - ៣ តំណក់ក្នុងថូ១នាទីសិន មុននឹងចាក់ទឹកចូល។ ការរលាយចូលគ្នារវាងទឹកខ្មេះនិងទឹក ជួយការពារផ្កាឲ្យនៅស្រស់ មិនងាយងាប់។ បន្ថែមពីនេះ អ្នកក៏អាចសាកល្បងរោយស្ករសបន្តិច ដែលជំរុញរស្មីសំយោគ កាន់តែជួយផ្កាឲ្យនៅស្រស់ញញឹមផងដែរ។
រឿងសំខាន់មួយទៀតដែលមិនគួរមើលរំលង អ្នកមិនត្រូវដាក់ថូផ្កានៅក្បែរទូរទស្សន៍ ឬ ទូទឹកកក និងទីដែលមានខ្យល់បក់ខ្លាំង ឬចាំងពន្លឺព្រះអាទិត្យពេកទេ ព្រោះធ្វើឲ្យផ្កាស្រស់របស់អ្នកឆាប់ស្ងួតហួតហែងបាន។
ករណីផ្កាខ្លះ ត្រូវមានការថែទាំជាពិសេស
យ៉ាងណាក៏ដោយ ករណីផ្កាខ្លះមានការថែទាំខុសៗគ្នា។ ដូចជាផ្កាកុលាប អ្នកមិនគួរកាត់ទង ឬបន្លាវាចោលទេ ព្រោះផ្កាងាយនឹងស្រពោនងាប់ ដោយសារវាជាផ្នែកមួយសំខាន់របស់ផ្កាកុលាប។
ចំពោះផ្កា Chamomile វិញ វិធីថែទាំគឺត្រូវផ្លាស់ប្ដូរទឹកឲ្យបានទៀងទាត់ ព្រមទាំងកាត់ចោលដើមណាដែលខូច។ មួយវិញទៀតត្រូវដាក់ជីអាសូតក្នុងថូ ដើម្បីជួយរក្សាផ្កាឲ្យស្រស់បានយូរ។
សម្រាប់ផ្កា លីលី វិញ បើចង់ឲ្យផ្កាទុកបានយូរស្រស់ល្អ ត្រូវត្រាំថូក្នុងទឹកជាមុនសិនចំនួន៥ នាទី។ ម្យ៉ាងទៀត កុំភ្លេចកាច់ស្លឹកក្រោមៗចោលខ្លះ ដើម្បីឲ្យផ្កាអាចស្រូបទឹកបានប្រសើរ។
សង្ឃឹមថាគន្លឺះខាងលើអាចជួយឲ្យផ្ការបស់អ្នកនៅតែស្រស់ស្អាតបានយូរ អំឡុងពេលចូលឆ្នាំចិនខាងមុខនេះ។ ផ្កាស្រស់នឹងជួយបង្កើនភាពរីករាយ និងជីវិតក្នុងគ្រួសារឲ្យស្រស់ស្រស់ស្រាយ ពេញដោយសុភមង្គល៕
អានបន្ត៖ ៥ វិធីងាយស្រួលតាមបែបហុងស៊ុយ ប្រមូលលាភសំណាងឆ្នាំថ្មីចូលផ្ទះ