ជួប​គ្នា​ពិត​ក្រោយ​ស្រលាញ់​គ្នា​អនឡាញ​១​ឆ្នាំ ខាង​ស្រីរត់​ប្រាស​អាយុ​ពេល​ឃើញ​មិត្ត​ប្រុស​ខ្លួន

  • 2020-01-06 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ឃើញ​រូបរាង​ពិត​របស់​មិត្ត​ប្រុស​ដែល​ខុស​ពី​លើ​អ៊ីនធឺណិត​ទាំង​ស្រុង​នោះ បាន​ធ្វើ​ឲ្យ​ខាង​ស្រី​លាក់​អារម្មណ៍​ខកចិត្ត និង​អស់​សង្ឃឹម​មិន​តិច​ឡើយ។

ពេល​វេលា​ផ្លាស់​ប្ដូរ របៀបរបប​នៃ​ការ​ស្រលាញ់​គ្នា​ក៏​ផ្លាស់​ប្ដូរ​ទៅ​តាម​នោះ​ដែរ។ កាល​ពី​មុន​ យើង​អាច​សាសង​គ្នា​តាម​សារ​សំបុត្រ តាម​មេ​អណ្ដើក រីឯ​បច្ចុប្បន្នវិញ ពេញ​និយម​ជាង​គេ​នោះ​គឺ​ស្រលាញ់​គ្នា​តាម​អនឡាញ​នោះ​ឯង។ ក្រោយ​អេក្រង់​ទូរសព្ទតែ​មួយ យើង​អាច​ផ្ញើជូន​គ្នា​ពាក្យ​ផ្អែមល្ហែម​ជា​ច្រើន​រាប់​មិន​អស់។

យ៉ាងណាក្ដី ដោយ​សារ​តែ​ឃើញ​គ្នា​ត្រឹម​អេក្រង់​ទូរសព្ទ​នេះ​ហើយ ដែល​មាន​ករណី​ជាច្រើន​កើត​ឡើង​ធ្វើឲ្យ​ពេល​ជួប​គ្នា​ពិត ស្ទើរ​សន្លប់​ឈរ​ម្ដង​ៗ។

ជាក់​ស្ដែង នារី​ម្នាក់​មក​ពីប្រទេស​ចិន​បាន​រៀបរាប់​បទពិសោធន៍​ចង់​យំ​របស់​ខ្លួន​ ដោយ​សារ​តែ​ស្រលាញ់​គ្នា​តាម​អ៊ីនធឺណិត​នេះ។ តាម​នោះ​ដែរ នាង​និង​មនុស្ស​ប្រុស​ម្នាក់​ទៀត​បាន​ស្គាល់​គ្នា​តាម​កម្មវិធី​ស្វែង​រក​សង្សារ​អនឡាញ​មួយ។ មុន​ដំបូង​ ពួក​គេ​គ្រាន់​តែ​និយាយ​គ្នា​លេង​ធម្មតា​ប៉ុណ្ណោះ ដោយ​មិន​គិត​ថា​នឹង​មាន​អ្វី​ជ្រាលជ្រៅ​នឹង​គ្នា​ឡើយ។

ដោយ​ខាង​ប្រុស​គឺ​ជា​ម្ចាស់​ហាង​លក់​ខោអាវ​តូច​មួយ ហើយ​ខាង​ស្រី​ជា​អ្នក​ចូលចិត្ត​ម៉ូដ​ខោអាវ​នោះ អ្នក​ទាំង​២​ក៏​ចាប់​ផ្ដើម​យល់​ចិត្ត​គ្នា​ ហើយ​ខាង​ប្រុស​ក៏​សុំ​ស្នេហ៍​តែ​ម្ដង ទោះ​បី​ជា​ពួក​គេ​ស្ថិត​នៅ​ទីក្រុង​២​ឆ្ងាយ​គ្នា​ក៏ដោយ។ ខាង​ស្រី​បាន​ត្រេក​អរ​ជា​ខ្លាំង​ពេល​ឃើញ​រូប​មិត្ត​ប្រុស​ខ្លួន គួរ​ឲ្យ​ស្រលាញ់​ និង​សង្ហារ​គួរ​សម។ ដោយ​ហេតុ​នេះ​ហើយ នាង​បាន​កក់​សំបុត្រ​យន្តហោះ​ទៅ​ជួប​មិត្ត​ប្រុស ក្រោយ​អ្នក​ទាំង​២​ស្រលាញ់​គ្នា​១​ឆ្នាំ។ ពេល​មក​ជួប​ផ្ទាល់ ខាង​ស្រី​បាន​លាក់​អារម្មណ៍​អន់​ចិត្ត​របស់​ខ្លួន​មិន​បាន នៅ​ពេល​រូបពិត​របស់​ម្ចាស់​ហាង​ខោអាវ​មិន​ដូច​ក្នុង​រូប ពោល​គឺ​លោក​មាន​រាង​ធាត់ ភ្នែក​តូច និង​ចាស់​ជាង​រូប​ដែល​លោក​តែង​ផ្ញើ​ឲ្យ​នាង។

ទោះ​បី​ជា​រូបពិត និង​រូប​អនឡាញ​មិន​ខុស​គ្នា​ខ្លាំង​ដូច​ករណី​មុន​ៗ​ក៏​ដោយ តែ​ខាង​ស្រី​នៅ​តែ​អស់​សង្ឃឹម​ដដែរ។ មនុស្ស​ជា​ច្រើន​បាន​កាន់​ជើង​ខាង​ប្រុស​ថា តាម​ការ​ពិត​ទៅ រូបពិត និង​រូប​លោក​ផ្ទាល់​មិន​បាន​ខុស​គ្នា​ច្រើន​នោះ​ឡើយ អាច​មក​ពី​ជ្រុង​ដែល​លោក​ថត​នេះ មិន​សម​នឹង​ប៉ុណ្ណោះ ហើយ​ខាង​ស្រី​រើស​ពេក​ហើយ ទើប​បណ្ដាល​ឲ្យ​អន់​ចិត្ត​​បែប​នេះ៕

អានបន្ត៖ ​ ស្រលាញ់​គ្នា​រាប់​ខែ បុរស​ម្នាក់​សន្លប់​ឈរ​ពេល​ឃើញ​បន្ទប់​មិត្ត​ស្រី​មិន​ខុស​ពី​សំបុក​ជ្រូក

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម