តោះ! មក​​ស្គាល់​របៀប​ឆ្លង​ឆ្នាំ​​តាម​បែប​អ្នក​នៅ​ផ្ទះ ធានាថាសប្បាយ​ហើយ​មាន​ន័យ​ទៀត

  • 2019-12-31 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ថា​ទាល់​តែ​ទៅ​​ក្រៅ​ឆ្លង​ឆ្នាំ​ទើប​សប្បាយ​រីក​រាយ​នោះ? តាម​ពិត​អ្នក​នៅ​ផ្ទះ​ក៏​អាច​រាប់​ថយ​ក្រោយ​យ៉ាង​មាន​ន័យ​ដែរ ឱ្យ​តែ​ចេះ​បង្កើត​បរិយាកាស​ល្អៗ និង សប្បាយៗ​ឱ្យ​ខ្លួន​ឯង​ និង​ក្រុម​គ្រួសារ។ ក្នុង​រាត្រី​ឆ្លង​ឆ្នាំ​ដ៏​ពិសេស​នេះ មនុស្ស​ភាគ​ច្រើន​ជ្រើស​រើស​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ទៅ​តាម​ខេត្ត ឬ រមណីយដ្ឋាន​នានា​ដើម្បី​ធ្វើ​ការ​រាប់​ថយ​ក្រោយ​ជា​មួយ​ក្រុប​គ្រួសារ​ ឬ មនុស្ស​ជា​ទី​ស្រឡាញ់។ ​យ៉ាង​ណា​មិញ រូបភាព​ទាំង​អស់​នេះ​ហើយ​ធ្វើ​ឱ្យ​អ្នក​ដែល​គាត់​មិន​បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅ​មាន​ការ​អាក់អន់​ស្រពន់​ចិត្ត​ជា​ខ្លាំង ដែល​គ្មាន​ឱកាស​បាន​អប​អរ​ពិធី​ចូល​ឆ្នាំ​សកល​នឹង​គេ​។ ដូចនេះ​ហើយ​ អស់​បារម្ភ​ហើយ​សម្រាប់​អ្នក​នៅ​ផ្ទះ អ្នក​ត្រូវ​គិត​ផ្លូវ​វិជ្ជមាន​ ហើយ​សាក​ល្បង​មក​​​ធ្វើ​រឿង​សប្បាយៗ​ទាំង​នេះ​ជា​មួយ​គ្នា៖

រូបតំណាង

**១. ញុំា​អាហារ​ជាមួយ​ក្រុម​គ្រួសារ​និង បង​ប្អូន**

រូបតំណាង

ការ​ញុំា​អាហារ​ជា​មួយ​គ្រួសារ​ ស្តាប់​ទៅ​ដូច​ធម្មតា តែ​វា​មាន​អត្ថន័យ​យ៉ាង​ខ្លាំង​ព្រោះ​នៅ​ក្នុង​ថ្ងៃ​ពិសេស​មួយ​ ​អ្នក​អាច​មាន​ឱកាស​ប្រារព្ធ​វា​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់​និង​មាន​ន័យ​បំផុត​ក្នុង​ជីវិត​អ្នក។ អ្នក​អាច​ហៅ​សមាជិក​គ្រួសារ និង សាច់​ញាតិ​របស់​អ្នក​មក​ពិសារ​អាហារ​រួម​គ្នា ដែល​ក្នុង​នោះ​អ្នក​អាច​បន្ថែម​ជាមួយ​ធុង​បាស​និង​បទ​ចម្រៀង​បែប​ញាក់ៗ កន្ត្រាក់​អារម្មណ៍​ទៀត​នោះ វា​នឹង​បង្ក​ឱ្យ​បរិយាកាស​កាន់​តែ​មាន​ភាព​អ៊ូអរ និង សប្បាយ​រីក​រាយ។ លើស​ពី​នេះ​ទៀត អ្នក​អាច​ដាក់​វេន​គ្នា​ឡើង​ច្រៀង​ ឬ រាំ​លេង​កម្សាន្ត​លក្ខណៈ​គ្រួសារ​យ៉ាង​ហ៊ឹកហ៊ាក់​ទៀត​ផង ដើម្បី​ញុំាង​ឱ្យ​រាត្រី​ឆ្លង​ឆ្នាំ​នេះ​កាន់​តែ​រីក​រាយ។

២. បបួល​មិត្ត​ភក្តិ​មក​គេង​លេង​ឆ្លង​ឆ្នាំ​ជាមួយ​គ្នា

រូបតំណាង

បើ​អ្នក​មិន​បាន​នៅ​ជាមួយ​ក្រុម​គ្រួសារ​ទេ អ្នក​អាច​ជ្រើស​រើស​វិធី​​បន្ទាប់​នេះ​បាន​។ ក្នុង​រាត្រី​ពិសេស​បែប​នេះ​ បើ​មាន​គ្នា​កំដរ​ដល់​ម៉ោង​១២​អាធ្រាត្រ មិន​ដឹង​សប្បាយ​យ៉ាង​ណា​ទេ។ បើ​សិន​ជា​អាច អ្នក​គួរ​បបួល​មិត្ត​ភក្តិ​ដែល​អ្នក​ចង់​ឆ្លង​ឆ្នាំ​ជាមួយ​មក​រាប់​ថយ​ក្រោយ​ជាមួយ​គ្នា ឬ អ្នក​អាច​ទៅ​ផ្ទះ​មិត្ត​របស់​អ្នក​​ក៏​បាន មាន​គ្នា​កាន់​តែ​ច្រើន​កាន់​តែ​ល្អ សំខាន់​បាន​និយាយ​គ្នា​លេង​ លេង​បៀរ លេង​ហ្គេម និង បង្កើត​បរិយាកាស​សប្បាយៗ​ផ្សេងៗ​ទៀត​ជាមួយ​គ្នា រួច​ក៏​រាប់​ថយ​ក្រោយ​ជាមួយ​គ្នា​យ៉ាង​មាន​ន័យ​។

៣. រំលឹក​ដល់​អនុស្សាវរីយ​ល្អៗ

រូបតំណាង

អ្នក​អាច​ចូល​ទៅ​ប្រអប់​ផ្ទុក​រូប​ថត​ក្នុង​ទូរសព្ទ​អ្នក​ហើយ​ជ្រើស​រើស​រូប​ប៉ុន្មាន​សន្លឹក​ដែល​អ្នក​ពេញ​ចិត្ត​ជាង​គេ​ យក​ទៅ​បង្ហោះ​ក្នុង​គណនី​បណ្តាញ​សង្គម​របស់​អ្នក ហើយ​ភ្ជាប់​ជាមួយ​សារ​ខ្លីៗ​ដែល​រ៉ាយ​រ៉ាប់​​នូវ​​ការ​ចង​ចាំ​ល្អៗ មនុស្ស​ល្អៗ និង​ទីកន្លែង​ស្អាតៗ ដែល​នៅ​ក្នុង​រូប​ទាំង​នោះ។ វិធី​នេះ​ហាក់​បី​ដូច ការ​ចែក​រំលែក​នូវ​អនុស្សាវរីយ​ល្អៗ និង ការ​សង្ខេប​នៃ​ឆ្នាំ​ចាស់​របស់​អ្នក​ទៅ​កាន់​មិត្ត​ភក្តិ បង​ប្អូន និង អ្នក​ស្គាល់​គ្នា​ឱ្យ​បាន​ដឹង​។

៤. សរសេរ ឬ និយាយ​រឿង​ក្នុង​ចិត្ត​មុន​ម៉ោង​១២​ឈាន​មក​ដល់

រូបតំណាង

ការ​សរសេរ​រឿង​ក្នុង​ចិត្ត​នេះ មាន​ន័យ​ថា អ្នក​អាច​សរសេរ​រៀប​រាប់​រឿង​ដែល​អ្នក​ពេញ​ចិត្ត និង មិន​ពេញ​ចិត្ត​ ឬ រឿង​ល្អ និង មិន​ល្អ​ក្នុង​ឆ្នាំ​ចាស់​​ឱ្យ​អស់​ទៅ​លើ​សៀវភៅ​កំណត់​ហេតុ ឬ អ្នក​អាច​វាយ​រៀប​រាប់​នៅ​ក្នុង​កុំព្យូទ័រ ឬ ទូរសព្ទ​ដៃ​របស់​អ្នក​ទុក​ជា​អនុស្សាវរីយ​ និង ជា​ការ​ចង​ចាំ​មួយ​នៅ​ក្នុង​ឆាក​ជី​វិត ថា​នៅ​ក្នុង​ឆ្នាំ​មួយ​នោះ មាន​រឿង​ល្អ​ អាក្រក់​អ្វី​បាន​កើត​ឡើង​ខ្លះ ហើយ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​គ្រប់​គ្រង​នូវ​គ្រប់​រឿង​រ៉ាវ​ទាំង​ឡាយ។ វិធី​មួយ​ទៀត អ្នក​អាច​បញ្ចេញ​នូវ​អារម្មណ៍​ដែល​អ្នក​មាន​ចំពោះ​ឆ្នាំ​ចាស់​នោះ​បាន​ទៅ​កាន់​មនុស្ស​ជា​ទី​ស្រឡាញ់​ ឬ មនុស្ស​ដែល​អ្នក​ទុក​ចិត្ត​បំផុត។ លើស​ពី​នេះ​ អ្នក​ក៏​អាច​ថត​ជា​វីដេអូ​ឃ្លីប​និយាយ​រឿង​ក្នុង​ចិត្ត​អ្នក​នោះ សម្រាប់​ទុក​មើល​នៅ​ពេល​ក្រោយ។ ការ​ធ្វើ​បែប​នេះ គឺ​ជា​វិធី​បន្ធូរ​អារម្មណ៍​មួយ​យ៉ាង​ល្អ​សម្រាប់​គ្រប់​យ៉ាង​ដែល​កើត​មាន​ក្នុង​ឆ្នាំ​ចាស់ ហើយ​ជា​ការ​ដាក់​សតិ​ខ្លួន​ឯង​យ៉ាង​ល្អ​ក្នុង​ការ​ត្រៀម​ខ្លួន​ដើម្បី​ទទួល​ឆ្នាំ​ថ្មី​ជាមួយ​នឹង​អារម្មណ៍​ថ្មី​ស្រឡាង​តែ​ម្តង៕

អានបន្ត៖ ចាត់ចែងគោលដៅជីវិតដោយចាប់ផ្តើមរឿង៦យ៉ាងក្នុងឆ្នាំថ្មី ដើម្បីជីវិតកាន់តែប្រសើរ

អត្ថបទ៖ Siyou Tang

អត្ថបទពេញនិយម