គន្លឹះនៃការថែរក្សាស្បែកមុខ ៦យ៉ាង ដែលអ្នកជំនាញផ្នែកសើរស្បែកប្រកាន់ខ្ជាប់ជាប្រចាំ
- 2019-12-20 08:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះនៃការថែរក្សាស្បែកមុខ ៦យ៉ាង ដែលអ្នកជំនាញផ្នែកសើរស្បែកប្រកាន់ខ្ជាប់ជាប្រចាំ
ការថែរក្សាសម្រស់គឺជារឿងដែលចាំបាច់សម្រាប់នារីគ្រប់រូប តែពេលខ្លះពិបាកត្រង់ថាមិនដឹងអនុវត្តតាមវិធីណាទើបសុវត្ថិភាព និងទទួលបាននូវប្រសិទ្ធភាព។ លោកស្រី Sam Bunting ដែលជាវេជ្ជបណ្ឌិតផ្នែកជំងឺសើរស្បែក បានបង្ហើបប្រាប់ពីគន្លឹះនៃការវិធីថែរក្សាផ្ទៃមុខដោយផ្ទាល់។ សម្រាប់អ្នកដែលចង់បានស្បែកមុខភ្លឺថ្លា និង ចៀសផុតពីបញ្ហាស្បែកមុខនានា គួរអនុវត្តនូវគន្លឹះថែរក្សាសម្រស់ខាងក្រោម៖
១. កុំរំលងការលាងសម្អាតមុខពេលយប់ឱ្យសោះ
ការលាងសម្អាតផ្ទៃមុខនៅពេលយប់គឺជារឿងចាំបាច់បំផុត ពីព្រោះវាជួយលាងសម្អាតនូវគ្រឿងសម្អាង ធូលីដី ឬ ផ្សែងនានាដែលមាននៅលើផ្ទៃមុខចេញឱ្យអស់។ ជាធម្មតា អ្នកគួរលាងសម្អាតមុខ ២ដង ក្នុង១ថ្ងៃ ប៉ុន្តែសម្រាប់អ្នកមានស្បែកស្ងួត គាត់អាចរំលងការលាងមុខនឹងសាប៊ូនៅពេលព្រឹកបាន គឺលាងតែជាមួយទឹកធម្មតា។ យ៉ាងណាមិញ សម្រាប់ពេលយប់គឺត្រូវលាងសម្អាតគ្រប់គ្នាតែម្តង។
២. ការពារផ្ទៃមុខពីការទទួលរងកម្តៅថ្ងៃ
ការលាបឡេការពារកម្តៅថ្ងៃគឺជារឿងដែលមិនគួររំលងផងដែរ។ អ្នកគប្បីលាបឡេការពារកម្តៅថ្ងៃជាប្រចាំ ព្រោះជួយការពារស្បែកពីកម្តៅព្រះអាទិត្យដែលអាចធ្វើឱ្យមុខឡើងក្រហម រោល ស្មាមអុជខ្មៅ ឬ កើតមុនជាដើម។
៣. កុំប៉ះពាល់មុននៅលើមុខ
ថ្វីដ្បិតតែវាលំបាកបន្តិចមែន តែអ្នកមិនគួរប៉ះពាល់ ឬ ញិចមុននៅលើផ្ទៃមុខឡើយ។ ការញិចមុនដោយខ្លួនឯងអាចផ្តល់ផលវិបាកដូចជាបង្កស្លាកស្នាមមិនងាយបាត់ជាដើម ព្រោះញិចខុសពេល ឬ តាមវិធីដែលមិនត្រឹមត្រូវតាមជំនាញ។
៤. ប្រើផលិតផលដែលមាន រេទីណុល (Retinol)
រេទីណុល ត្រូវបានផលិតចេញពីធាតុផ្សំដែលមានវីតាមីនA វាមានតួនាទីជួយទប់ស្កាត់ភាពជ្រីវជ្រួញ និង ការពារការឡើងមុន។ ដូចនេះ អ្នកគួរប្រើផលិតផលណាដែលមានជាតិ រេទីណុល មិនថានៅតំបន់មានអាកាសធាតុបែបណា ព្រោះវាមានអត្ថប្រយោជន៍សម្រាប់ស្បែកមុខ។
៥. កុំគេងផ្អៀង
ទម្លាប់នៃការគេងរបស់អ្នកក៏សំខាន់ដែរក្នុងការរក្សានូវទម្រង់មុខឱ្យបានស្អាត។ ការគេងផ្អៀង អាចធ្វើឱ្យសាច់ដុំមុខទទួលរងនូវសម្ពាធពេញមួយយប់ ដែលអាចបង្កជាស្នាមជ្រីវជ្រួញ និង អាចធ្វើឱ្យទម្រង់មុខរបស់អ្នកមានសភាពមិនស្មើរគ្នាជាដើម។ វិធីនេះអាចពិបាកបន្តិច តែវានឹងផ្តល់ផលល្អដល់ផ្ទៃមុខរបស់អ្នកនៅថ្ងៃក្រោយ បើមិនជាអ្នកអាចរៀនទម្លាប់គេងបែរមុខទៅខាងលើបាន។
៦. បរិភោគតែជាតិខ្លាញ់ល្អប៉ុណ្នោះ
ជាតិខ្លាញ់ល្អដែលលោកស្រីវេជ្ជបណ្ឌិតបានលើកឡើង គឺសំដៅទៅលើជាតិអូម៉េហ្គា៣ ដែលមាននៅក្នុងត្រី គ្រាប់ធញ្ញជាតិ និង ផ្លែបឺរជាដើម។ ជាតិខ្លាញ់ល្អជួយឱ្យស្បែកមានសំណើម និង ភ្លឺថ្លា។ ជាពិសេសសម្រាប់អ្នកដែលមានស្បែកស្ងួត អ្នកគួរទម្លាប់ទទួលទានអាហារដែលល្អសម្រាប់ស្បែក ព្រោះស្បែកស្ងួតអាចងាយទទួលរងបញ្ហា ដូចជាស្បែកជ្រីវជ្រួញ និង ប្រេះស្រកា ផងដែរ៕
អានបន្ត៖ វិធី ៣យ៉ាង ដែលមានប្រសិទ្ធភាព កម្ចាត់ស្នាមខ្មៅដក់ក្រោមភ្នែកខ្ទេចគ្មានសល់