ធ្វើ​យ៉ាង​ម៉េច​ទើប​ជោគជ័យ​​ថ្ងៃ​បង្ហាញ​ខ្លួន​​មុខ​ឪពុក​ម្ដាយ​ខាង​ប្រុសលើក​ទី​១?

  • 2019-12-12 07:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ត្រូវ​ចង​ចាំ​ថា ការ​បង្ហាញ​មុខ​លើក​ដំបូង​ចំពោះ​មនុស្ស​ណា​ម្នាក់​គឺ​សំខាន់​ខ្លាំង​ណាស់ ព្រោះ​វា​នឹង​កំណត់​ថា​គេ​នឹង​គិត​ពី​យើង​វិជ្ជមាន ឬ​អវិជ្ជមាន​នៅ​ថ្ងៃ​ក្រោយ។ ដូចនេះ​ដើម្បី​ទទួល​បាន​ការ​ស្វាគមន៍​របស់​អ្នក​មាន​គុណ​ខាង​ប្រុស យើង​ក៏​ត្រូវ​មាន​តិចនិក​នៅ​ក្នុង​ថ្ងៃ​បង្ហាញ​មុខ​ផង​ដែរ។ បើ​មិន​ទាន់​ដឹង​ថា​ត្រូវ​ខ្លួន​ដូច​ម្ដេច​ក្នុង​ថ្ងៃ​បង្ហាញ​មុខ​ទី១ អាច​មើល​វិធី​ខាង​ក្រោម​បាន។

១. ជ្រើសរើស​សំលៀកបំពាក់​ឲ្យ​សមរម្យ

រឿង​ស្លៀកពាក់​គឺ​ពិត​សំខាន់​ខ្លាំង​ណាស់​ក្នុង​ថ្ងៃ​បង្ហាញ​មុខ​អនាគត​ប៉ា​ម៉ាក់​ក្មេក។ យើង​ត្រូវ​ដឹង​ថា​គ្រួសារ​ខាង​នោះ ចូលចិត្ត​ឬ​មិន​ចូលចិត្ត​ការ​ស្លៀក​ពាក់​យ៉ាង​ម៉េច។ ត្រូវ​ស្លៀកពាក់​យ៉ាង​ម៉េច​ឲ្យ​បាន​សមរម្យ តែ​យើង​នៅ​តែ​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង។

រូបតំណាង

**២. កុំ​ភ្លេច​ត្រៀម​កាដូ​យក​ទៅ**

​ជា​កង្វះខាត​មួយ​ប្រសិន​បើ​អ្នក​ទៅ​បង្ហាញ​មុខ​ហើយ​ទៅ​ដោយ​ដៃ​ទទេ។ ទោះ​ភ័យ ឬ​អៀន​យ៉ាង​ណា​ក៏​ដោយ គួរ​ណាស់​យើង​មាន​អំណោយ​បន្តិចបន្តួច​ទៅ​ជូន​ខាង​ប្រុស ដើម្បី​បង្ហាញ​ពី​ទឹក​ចិត្ត​របស់​យើង។

រូបតំណាង

៣. កុំ​ផាត់​មុខ​ក្រាស់​ពេក

ទោះ​ចង់​ឬ​មិន​ចង់ ក៏​យើង​មិន​គួរ​ផាត់​មុខ​ក្រាស់​ដូច​តួ​ល្ខោន​ទៅ​លេង​គ្រួសារ​ខាង​គេ​ដែរ។ ក្រែម​ម្សៅ​ក្រាស់​ឃ្មឹក រឹត​តែ​ធ្វើ​ឲ្យ​គេ​ពិបាក​មើល​មក​យើង​វិញ​ទេ គួរ​តែ​តែង​មុខ​បែប​ធម្មជាតិ​ដើម្បី​ទាក់ទាញ​តែ​មិន​ឡូយឆាយ​ពេក។

៤. ស្វែង​យល់​ពី​សមាជិក​គ្រួសារ​របស់​មិត្ត​ប្រុស

ទោះ​ស្ថិត​ក្នុង​គ្រួសារ​តែ​១ តែ​មិន​ប្រាកដ​ថា​សមាជិក​ទាំង​អស់​មាន​អត្តចរិត​ដូច​គ្នា​នោះ​ទេ។ ខណៈ​អ្នក​ខ្លះ​មិន​ចូលចិត្ត​និយាយ​ច្រើន អ្នក​ខ្លះ​វិញ​បែរ​ជា​ចូលចិត្ត​ជជែក​គ្នា​ទៅ​វិញ។ យើង​ត្រូវ​ដឹង​សភាពការណ៍​ឲ្យ​បាន​ច្បាស់​លាស់ ជៀស​វាង​មាន​ការ​ធ្វេសប្រហែស។

៥. សុភាពរាបសារ​ជា​រឿង​ចាំបាច់

សំដី​សំដៅ ការ​ដើរ ការ​អង្គុយ​គឺ​ត្រូវ​ធ្វើ​ទៅ​មួយ​ៗ ជៀស​វាង​សំដី​ទ្រគោះ​បោះបោក ហើយ​ក៏​មិន​ស្ងាត់​ជ្រងំ​ពេក​ដែរ ត្រូវ​ដឹង​ពេល​ត្រូវ​និយាយ និង​ពេល​រក្សា​ភាព​ស្ងៀមស្ងាត់។

រូបតំណាង

៦. កុំ​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជ្រុល​ពេក​ជាមួយ​សង្សារ​នៅ​មុខ​ប៉ាម៉ាក់​គេ

ដំបូន្មាន​ដ៏​ល្អ​មួយ​ទៀត​នោះ​គឺ កុំ​បង្ហាញ​មនោសញ្ចេតនា​ស្និទ្ធ​ពេក​ជាមួយ​កូន​ប្រុស​គេ។ ទោះ​ជា​យ៉ាងណាក៏ដោយ ក៏​ប្រជាជន​អាស៊ី​យើង​មិន​ទាន់​បើក​ចំហ​រឿង​ស្និទ្ធស្នាល​នៅ​មុខ​គេ​មុខ​ឯង​នេះ​ច្រើន​ដែរ ដូច​នេះ​យក​ល្អ​គួរ​តែ​ជៀសវាង​រឿង​នេះ។

៧.ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ចូល​ផ្ទះ​បាយ

ស្ទើរ​តែ​ឪពុកម្ដាយ​ក្មេក​គ្រប់​រូប​ទៅ​ហើយ ដែល​មិន​ចង់​ឲ្យ​កូន​ខ្លួន​រៀបការ​នឹង​មនុស្ស​ស្រី​ដែល​មិន​ចេះ​វិជ្ជា​មេ​ផ្ទះ​អ្វី​ទាំង​អស់។ ដូច​នេះ​ទោះ​បី​យើង​ចេះ​តិច​ក្ដី​ច្រើន​ក្ដី ក៏​ត្រូវ​បង្ហាញ​ថា​យើង​ហ៊ាន​ចូល​ចង្ក្រាន​បាយ មិន​មែន​ប្រភេទ​ចាំ​បាយ​លើក​ដល់​មាត់​នោះ​ទេ។

រូបតំណាង

៨. ហាម​ដាក់​ជ្រុល

ទោះ​ជា​សប្បាយ​យ៉ាង​ណា ក៏​ហាម​ផឹក​គ្រឿង​ស្រវឹង​ជ្រុល​ជា​ដាច់​ខាត។ ដើម្បី​ជៀសវាង​ករណី​សកម្មភាព​ដែល​យើង​ធ្វើ​ដោយ​មិន​ដឹង​ខ្លួន ប៉ះពាល់​ដល់​កិត្តិយស​ខ្លួន​ទៅ​ថ្ងៃ​ក្រោយ ៕

អានបន្ត៖ ​ ជា​មនុស្ស​ស្រីចាស់ទុំ​​​ម្នាក់​ក្នុង​រឿង​ស្នេហា​ អ្នក​​គួរ​ទម្លាប់​​​មាន​ចរិត​បែប​នេះ

ប្រភព៖ Spiceee ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម