៥ យ៉ាង បង្ហាញថាអ្នកអាចបើកបេះដូងសាជាថ្មី បន្ទាប់ពីឈឺចាប់អស់រយៈពេលជាយូរ

  • 2019-12-11 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពាក្យ​ថា "ស្នេហា" តែង​មាន​លាយ​ឡំ​ជាមួយ​នឹង​ភាព​ត្រេក​ត្រអាល​សប្បាយ​រីករាយ និង​ក្តី​ឈឺ​ចាប់​។ សម្រាប់​អ្នក​ដែល​ធ្លាប់​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​ស្នេហា​កន្លង​មក ច្បាស់​ជា​ដឹង​ហើយ​ថា​វា​មិន​មែន​​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​​។ រី​ឯ​អ្នក​ធ្លាប់​ជួប​​វិបត្តិ​ស្នេហា​ខូច​ចិត្ត​វិញ រឹត​តែ​ច្បាស់​​​ទៀត​ថា​ វា​ពិត​ជា​ពិបាក ក្នុង​ការ​បើក​ចិត្ត​​ទទួល​យក​នរណា​ម្នាក់​ម្តង​ទៀត​។ យ៉ាង​ណា​ក៏​ដោយ កុំ​បារម្ភ​ខ្វល់​ខ្វាយ​ច្រើន​ពេក​។ បន្ទាប់​ពី​​បណ្តោយ​​ឲ្យ​បេះដូង​ស្ថិត​ក្នុង​ភាព​ឈឺ​ចាប់​អស់​រយៈ​ពេល​​ជា​យូរ ដល់​ដំណាក់​កាល​​ចាប់​ផ្តើម​​សារ​ថ្មី​បាន​ហើយ ប្រសិន​បើ​អ្នក​​សង្កេត​ឃើញ​ថា​ខ្លួន​ឯង​មាន​សញ្ញា ៥ ​យ៉ាង​នេះ។

អតីតកាល​គ្មាន​​​សមត្ថភាព​​ធ្វើ​ឲ្យ​អ្នក​កើត​ទុក្ខ​ក្រៀម​ក្រំ​ដូច​មុន

ទុក្ខ​សោក​ វិប្បដិសារី​រួម​ទាំង​ក្តី​ឈឺ​ចាប់​រាប់​​មិន​អស់ ​នា​ពេល​អតីតកាល បាន​អណ្តែត​រសាត់​លេច​បាត់​ទៅ​ លែង​នៅ​ជាមួយ​អ្នក​ត​ទៀត។ ពេល​ខ្លះ​អ្នក​គ្រាន់​តែ​នឹក​ឃើញ​​ដល់​បញ្ហា​ចាស់ៗ និង​ចង់​​រៀន​យល់​​ពី​​វា​​បន្ថែម​តែ​​ប៉ុណ្ណោះ ហើយ​អ្នក​ក៏​​មិន​អនុញ្ញាត​​ឲ្យ​ភាព​ក្រៀម​ក្រំ ចូល​មក​គ្រប​ដណ្តប់​បាន​ដូច​មុន​ដែរ។ នេះ​មាន​ន័យ​ថា វា​ក៏​ពេល​វេលា​មួយ ដែល​ស័ក្តិសម​ក្នុង​ការ​ ទទួល​យក​ទំនាក់​ទំនង​ស្នេហា​ថ្មី​​​បាន​ហើយ។

មិន​ខ្លាច​​ក្នុង​ការ​ប្រើ​ជីវិត​រស់​នៅ​ម្នាក់​ឯង

​អ្នក​​គ្មាន​អារម្មណ៍​ថា​សោក​សៅ​ឯកោ ទោះ​បី​ជា​គ្មាន​គូ​នឹង​គេ ឬ​​ត្រូវ​រស់​នៅ​ម្នាក់​ឯង​ក៏​ដោយ​។ អ្នក​មាន​ភាព​ឯក​រាជ្យ អាច​ទៅ​ណា​មក​ណា​ដោយ​ខ្លួន​ឯង ធ្វើ​អ្វី​ៗ​បាន​ដោយ​ខ្លួន​ឯង​ និង​​គ្មាន​បំណង​​​ចង់​ទាក់​ទង​នរណា​ម្នាក់ ដើម្បី​​​​​កំដរ​បំបាត់​អផ្សុក​ឡើយ​។

មិន​គិត​ថា​​ស្នេហា​ជា​រឿង​ចាំបាច់ ប៉ុន្តែ​ធ្វើ​តាម​​បេះ​ដូង​ច្រើន​ជាង

មិន​មែន​ឲ្យ​តែ​ពេល​​ទាក់ទង​​គ្នា អ្នក​ត្រូវ​តែ​ដាក់​ចិត្ត​ដាក់​​កាយ​​ស្រលាញ់​អស់​ពី​ថ្លើម​ប្រមាត់​ ​នោះ​ទេ ប៉ុន្តែ​យ៉ាង​ហោច​ណាស់ ​ក៏​​ត្រូវ​មាន​ចិត្ត​មាន​មនោសញ្ចេតនា​លើ​គ្នា ដោយ​មិន​បង្ខំ​បេះដូង ឬ​គិត​ខ្វល់​ខ្វាយ​ពី​សម្ដី​អ្នក​ដទៃ​ច្រើន​ជាង​ដែរ។

​គ្មាន​សម្ពាធ​ពេល​ឃើញ​អ្នក​ដទៃ​ផ្អែម​ល្ហែម​ជាមួយ​គ្នា

ពេល​ឃើញ​អ្នក​ដទៃ​កាន់​ដៃ​ស្និទ្ធស្នាល មាន​ភាព​រ៉ូមែនទិក​ជាមួយ​គ្នា ប៉ុន្តែ​អ្នក​​មាន​អារម្មណ៍​ធម្មតាៗ មិន​ត្រេក​ត្រអាល​ច្រណែន​ ឬ​ចង់​មាន​ដៃ​គូ​ដូច​ជា​គេ​ដែរ។ វា​ជា​សញ្ញា​មួយ​បញ្ជាក់​ថា អ្នក​មាន​គំនិត​ចាស់​ទុំ​ជាង​មុន ចេះ​គិត​គូរ​ដោយ​ហេតុផល ​​និង​មិន​វាយ​តម្លៃ​តែ​សំបក​ក្រៅ។

អាច​បត់​បែន​និង​រក្សា​លំនឹង​ខ្លួន​ឯង​បាន​ល្អ

អ្នក​ចេះ​សម្រប​ខ្លួន​បាន​ល្អ​ជាង​មុន និង​ដឹង​ពី​របៀប​​ការពារ​ខ្លួន​​ឲ្យ​មាន​លំនឹង​ មិន​ផុង​ជាប់​នឹង​ក្តី​ឈឺចាប់​ដូច​ជា​ពេល​អតីតកាល។ ដរាប​អ្នក​ចេះ​​ត្រៀម​ខ្លួន និង​សង្កេត​ឃើញ​សញ្ញា​ដែល​រៀប​រាប់​ខាង​លើ មាន​ន័យ​ថា អ្នក​​ពិត​ជា​អាច​ចាប់​ផ្តើម​ម្តង​ទៀត​បាន​ហើយ​៕

ចុចអានបន្ត៖ ទង្វើ​​ ៥​ យ៉ាង​​​របស់​​ភរិយា ដែល​​​​នាំ​ឲ្យ​​​ស្វាមី​​​ស្រលាញ់​​​ដក​​ចិត្ត​​មិន​​រួច

ប្រភព៖ goodlifeupdate ប្រែ​សម្រួល៖ ដេត ឈុនអ៉ី