ធ្លាប់​ទេ? រក​ឃើញ​មនុស្ស​ដែល​​ស័ក្ដិសមហើយ តែ​ពេល​វេលា​បែរ​ជា​មិន​​សមទៅ​វិញ!

  • 2019-12-11 08:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​ទេ​? នៅ​ពេល​ដែល​បាន​ជួប​មនុស្ស​ម្នាក់​ដែល​មាន​អត្ត​ចរិត​​ និង ចំណង់ចំណូល​ចិត្ត​ដូច​គ្នា​នឹង​អ្នក​ ហើយ​គេ​អាច​ជា​មនុស្ស​ដែល​​ស័ក្ដិសមនឹង​អ្នក​ខ្លាំង តែ​អកុសល​អី ពេល​វេលា​បែរ​ជា​មិនអំណោយ​ផល​ទៅ​វិញ?

អ្នក​ប្រហែល​ជា​ឆ្ងល់​ហើយ​ថា​ មើល​យ៉ាង​ដូច​​ម្តេច​ទើប​ដឹង​ថា​គេ​ម្នាក់​នោះ​ជា​មនុស្ស​ដែល​​ស័ក្ដិសមនឹង​អ្នក បើ​មិន​ទាន់​ទាំង​ចាប់​ផ្តើម​អ្វី​ផង​នោះ? បើ​មនុស្ស​ម្នាក់​ដែល​អ្នក​ទើប​តែ​ស្គាល់ ហើយ​អាច​ធ្វើ​ឱ្យ​អ្នក​​មាន​អារម្មណ៍​ថា​គេ និង​ អ្នក​ដូច​មាន​ចំណង​មួយ​យ៉ាង​មាំ ដូច​ស្គាល់​គ្នា​យូរ​ឆ្នាំ ដូច​មនុស្ស​យល់​ចិត្ត​ដែល​អ្នក​ស្វែងរក​ជា​យូរ​ណាស់​មក​ហើយ​ នោះ​គេ​អាច​ជា​មនុស្ស​ដែល​​ស័ក្ដិសមនឹង​អ្នក​​យ៉ាង​ច្បាស់​ក្រឡែត។

រូបតំណាង

លើស​ពី​នេះ​ទៀត គេ​គឺ​ជា​មនុស្ស​ម្នាក់​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​រីករាយ និង​មាន​អារម្មណ៍​ល្អ គេ​យល់​ច្បាស់​ពី​អ្នក គេ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ រាល់​ពេល​អ្នក​ចង់​និយាយ​រឿងក្នុង​ចិត្ត ហើយគេ​តែង​លួង​លោម​អ្នក​គ្រប់​ពេល​អ្នក​ពិបាក​ចិត្ត និង ខំ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ឱ្យ​អ្នក​ញញឹម។ ទង្វើ​ល្អៗ​ទាំង​នេះ សុទ្ធសឹង​ជា​ចំណុច​ដែល​បញ្ចាក់​ថា​គេ​ជា​មនុស្ស​​ស័ក្ដិសមនឹង​អ្នក​ហើយ​ស្រឡាញ់​អ្នក​ពិត។ យ៉ាង​ណា​មិញ រឿង​ស្នេហា​ក្នុង​ជីវិត​ពិត​មិន​ដូច​រឿង​និទាន​ ដែល​​ច្រើន​មាន​លក្ខណៈ​ស្រស់​បំព្រង​នោះ​ទេ។ វា​តែង​ជួប​ឧបសគ្គជា​រឿយៗ​មិន​ដែល​ខាន​សោះ។ ជាក់​ស្តែង​ ពេល​ខ្លះ​អ្នក​ជួប​មនុស្ស​ល្អ​នោះ​ហើយ​បែរ​ជា​ត្រូវ​លែង​ឱ្យ​គេ​ទៅ ព្រោះ​អ្នក​មិន​អាច​ទទួល​យក​ស្នេហា​មួយ​នោះ​បាន​ឡើយ​។

រូបតំណាង

ការ​​រក​បាន​មនុស្ស​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​រីករាយ​និង​មាន​ក្តី​សុខ​ខ្លាំង​ក្នុង​រយៈពេល​ខ្លី គឺ​មិន​មែន​ជា​រឿង​ដែល​ចេះ​តែ​កើត​ឡើង​នោះ​ទេ។ តែ​នៅ​ពេល​ដែល​វា​បាន​កើត​ឡើង​ពិត​មែន វា​បែរ​ជា​កើត​ឡើង​នៅកាលៈទេសៈ​មួយ​ដែល​មិន​​ស័ក្ដិសមទៅ​វិញ។ មូលហេតុ​អាច​មាន​ច្រើន​ដូចជា​ មក​ពី​អ្នក​ចង់​ផ្តោត​លើ​ការ​សិក្សា ឬ​ ការងារ ឬ​ក៏​អ្នក​គ្មាន​ពេល​គ្រប់​គ្រាន់​ ។ វា​ក៏​អាច​​មក​ពី អ្នក​ទើប​បែក​បាក់​ស្នេហា​ថ្មីៗ មិន​ទាន់​ត្រៀម​ចិត្ត​ទទួល​យក​គេ​បាន ឬ​ក៏​អ្នក​កំពុង​មាន​ស្នេហា​បាត់​ទៅ​ហើយ មិន​អាច​ធ្វើ​រឿង​ខុស​ឆ្គង​។

រូបតំណាង

មិន​ថា​ហេតុផល​មួយ​ណា​ក៏​ដោយ វា​សុទ្ធ​សឹង​តែ​ជា​ហេតុផល​ដែល​បង្ហាញ​ពី​ពេលវេលា​មិន​​ស័ក្ដិសមសម្រាប់​អ្នក​ទាំង​ពីរ ហើយពេល​ខ្លះ​អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​ថា​ស្តាយ​ក្រោយ​ជា​ដើម តែ​អ្នក​គួរ​គិត​ថា​ បើ​រវាង​អ្នក​ទាំង​ពីរ​ពិត​ជា​អាច​ទៅ​រួច​មែន អ្នក​ប្រាកដ​ជា​អាច​ជួប​គ្នា​នៅ​ថ្ងៃ​ណា​មួយ​ ជា​ថ្មី​ម្តង​ទៀត។ យ៉ាងណា​មិញ ​បើ​វា​មិន​កើត​ឡើង​ទេ​ នោះ​​អ្នក​ត្រូវប្រាប់​ចិត្ត​ខ្លួនឯង​ថា ត្រូវ​ទទួល​យក​ការ​សម្រេច​ចិត្ត​របស់​អ្នក​ ហើយ​ ចាត់​ទុក​រឿង​ទាំង​ឡាយ​ដែល​បាន​កើត​ឡើង​ជា​ការ​ចងចាំ​​មួយដ៏​ល្អ​៕

រូបតំណាង
រូបតំណាង

ចុចអានបន្ត៖ ជីវិត​អាពាហ៍ពិពាហ៍ ហេតុ​អ្វី​បែរជា "គុក​ឥត​ជញ្ជាំង" សម្រាប់​មនុស្ស​ប្រុស​មួយ​ចំនួន?

អត្ថបទ៖ Siyou Tang

អត្ថបទពេញនិយម