ស្នេហាពិតជិត១០ឆ្នាំទើបបានរៀបការ ធ្វើឲ្យ កែវ សីហា និងស្វាមី យំព្រមគ្នាថ្ងៃការ
- 2019-12-04 09:04:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្នេហាពិតជិត១០ឆ្នាំទើបបានរៀបការ ធ្វើឲ្យ កែវ សីហា និងស្វាមី យំព្រមគ្នាថ្ងៃការ
ពិធីការិនីទូរទស្សន៍អាស៊ីអាគ្នេយ៍ កែវ សីហា បានរៀបការក្លាយជាភរិយាតាមប្រពៃណីរបស់លោក សត្យា កាលពីចុងសប្ដាហ៍មុន ក្នុងពិធីមង្គលដ៏អធិកអធម ដែលគ្រានោះ ក្នុងវេលាជិតដល់វេលាកាត់នំ កូនក្រមុំ និងកូនកំលោះហូរទឹកភ្នែកព្រមគ្នា។
នៅក្នុងពិធីទទួលភ្ញៀវកិត្តិយសពិសាភោជនីយាហារ វេលាដែលកូនកំលោះ កូនក្រមុំត្រូវកាត់នំ សីហា ត្រូវបានដង្ហែទៅរកកូនកំលោះលើឆាក។ មនោសញ្ចេតនា ក្ដីស្រឡាញ់ បានសម្ដែងចេញតាមទឹកភ្នែកពួកគេទាំងពីរ ក្រោមស្នូរបទភ្លេងកំដរពិធីយ៉ាងរំជួលចិត្ត។
គ្មាននរណាដឹងច្បាស់ពី អារម្មណ៍របស់ពួកគេដិតដាមរឿងអ្វីខ្លះជាមួយគ្នា ទើបអាចជំរុញទឹកនេត្រាឲ្យរមៀលធ្លាក់មកនោះទេ ប៉ុន្តែអ្វីក្រុមការងារ Sabay ទទួលបាន គឺពួកគេបានស្រឡាញ់គ្នាយូរឆ្នាំខ្លាំងណាស់ទម្រាំបានរៀបការនឹងគ្នាពេញមុខពេញមាត់នាពេលនោះ។
កែវ សីហា ប្រាប់ថា ពួកនាង បានស្រឡាញ់គ្នាអស់រយៈពេលដល់ទៅ ៩ឆ្នាំឯណោះ ក្នុងនោះ ក្រោយពួកគេបានស្គាល់គ្នារយៈពេល ៦ឆ្នាំ ទើបពួកនាងសម្រេចភ្ជាប់ពាក្យនឹងគ្នា។ ៣ឆ្នាំបន្ទាប់មកទៀត ទើបអាចបានរៀបការ។ ចំពោះមូលហេតុ ពិធីការនីទូរទស្សន៍មានសម្រស់ស្រស់សោភារូបនេះ ប្រាប់ថា ដោយសារពួកគេរវល់ក្នុងការងារ និងកសាងសមត្ថភាពរៀងខ្លួន រហូតមកដល់ពេលនេះ ពេលវេលាអំណោយផលផងទើបសម្រេចចូលរោងការ។
“ឥឡូវហ្នឹងពេលវេលាអំណោយផល ម្យ៉ាងឆ្នាំក្រោយ ជាឆ្នាំគត់ផង អីចឹងចាស់ៗក៏ព្រមព្រៀងឲ្យការក្នុងឆ្នាំនេះតែម្ដង បើចាំទៀត ទាល់តែ៣ឆ្នាំអីទៀត ទើបអាចការបាន អីចឹងហើយ ក៏សម្រេចរៀបការពេលនេះតែម្ដង!។ សីហា ថ្លែង។
រយៈពេលស្រឡាញ់គ្នា ៩ឆ្នាំ ក្នុងនោះបានភ្ជាប់ពាក្យទុកចោល៣ឆ្នាំទៀត មិនមែនជារឿងធម្មតាពេកឡើយ ខណៈក៏មានសិល្បករមួយចំនួន ក៏បានបែកបាក់ក្នុងរយៈពេលរង់ចាំនេះ ដូចជា នីឡា និងគូដណ្ដឹង នាយ ព្រែក និងគូដណ្ដឹងជាដើម។ ប៉ុន្តែ សីហា និងស្វាមី បានយកឈ្នះពាក្យថា "ទុកយូរជូរផ្អូម" រហូតអាចរៀបការតាមបំណង។ ចំណុចនេះ តារាស្រី បញ្ជាក់ថា អ្វីៗកើតឡើងដោយសារស្រឡាញ់ពិតប្រាកដ និងយោគយល់ និងទុកចិត្តគ្នា។
ស្វាមីរបស់ កែវ សីហា គឺជាគ្រូពេទ្យមួយរូបដែលមានគ្លីនិកផ្ទាល់ខ្លួនមួយផង។ បែបនេះក្ដី ភាគីខាងស្រីបញ្ជាក់ថា ក្រោយរៀបការនាង នៅតែប្រឡូកការងារសិល្បៈ ខណៈស្វាមីបានបន្តថា ភរិយាលោកអាចធ្វើអ្វីក៏បាន ឲ្យតែនាងពេញចិត្ត៕