សម្រក​ក្បាល​ពោះ​ក្រោយ​សម្រាល​កូន​ដោយ​ក្បាច់​ហាត់​ប្រាណ​ងាយ​ៗ​និង​សុវត្ថិភាព​​

  • 2019-12-02 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រី​ជា​ច្រើន​មាន​ការ​ពិបាក​ក្នុង​ការ​រក្សា​រាង​រៅ​របស់​ខ្លួន​ឲ្យ​នៅ​តែ​ស្គម​ស្អាត​ក្រោយ​ពេល​សម្រាល​កូន។ ជា​ពិសេស​ក្បាល​ពោះ​គឺ​ជា​កន្លែង​ដែល​ត្រូវ​ការ​ការ​ថែ​រក្សា​ជា​ពិសេស ហើយ​ការ​សម្រក​វា​គឺ​មិន​គួរ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ឡើយ។ ហេតុដូច្នេះ​ហើយ​ថ្ងៃ​នេះ កញ្ញា សូម​​ដក​ស្រង់​ក្បាច់​ហាត់​ប្រាណ​ខ្លះ​ៗ​ពីគេហទំព័រ Bright Side មក​បង្ហាញ សម្រាប់​អ្នក​​ចង់​សម្រក​ក្បាល​ពោះ​ក្រោយ​សម្រាល​កូន​ដោយ​សុវត្ថិភាព៖

១. ក្បាច់​លើក​ជើង

គេង​ដាក់​ដៃ​​ក៏​ដូច​ជា​ដង​ខ្លួន​ឲ្យ​ត្រង់​ស្មើ រួច​លើក​ជើង​ទាំង​ពីរ​ប្រមាណ ១២អ៊ីញពី​ដី។ ធ្វើ​បែប​នេះ​ចំនួន ១០ទៅ​១៥​ដង ហើយ​អាច​បន្ថែម​២ទៅ​៥​ដង​ទៀត​នៅ​​ថ្ងៃ​បន្តបន្ទាប់។

២. ក្បាច់​ធាក់​កង់

គេង​រាប​ស្មើ​ដដែល រួច​លើក​ជើង​ឆ្លាស់​គ្នា​ម្ដង​ឆ្វេង​ម្ដង​ស្ដាំ ឲ្យ​ដូច​ជា​អ្នក​កំពុង​ធាក់​កង់។

៣. ក្បាច់​លើក​ជើង​ត្រង់

គេង​រាប​ស្មើ​ដដែល ហើយ​លើក​ជើង​​ឡើង​លើ​ត្រង់ (៩០ដឺក្រេ) ដោយ​ប្រឹង​បង្ហើប​ស្មា​និង​ដើម​ទ្រូង​​ក្នុង​ពេល​តែ​មួយ។ ដំបូង​ វា​អាច​នឹង​ពិបាក​បន្តិច ដូច្នេះ​អ្នក​អាច​ចាប់​ផ្ដើម​ដោយ​បត់​ជង្គង់​​សិន​ក៏​បាន។ ធ្វើ​បែប​នេះ​ប្រមាណ ១០​ដង រាល់​ពេល​ហាត់​ប្រាណ​ម្ដង​ៗ។

៤. Reverse Crunch

គេង​​ដោយ​លើក​ដៃ​ទាំង​ពីរ​ដាក់​ដូច​ក្នុង​រូប រួច​លើក​ជើង​​​​ទាំង​ពីរ​ដោយ​បត់​ជង្គង់​​ចុះ​ឡើង​ព្រម​គ្នា​យឺត​ៗ និង​ហើប​ស្មា​តិច​ៗ។ ធ្វើ​បែប​នេះ ១០ទៅ​១៥​ដង​ក្នុង​ពេល​ហាត់​ប្រាណ​ម្ដង​ៗ។

៥. Bicycle Brunch

ក្បាច់​នេះ​ស្រដៀង​ក្បាច់​ធាក់​កង់​ដែរ ប៉ុន្តែ​ត្រូវ​​ដាក់​ដៃ​ទៅ​ខាង​ក្រោយ​ហើយ​បង្ហើប​​ខ្លួន​ដូច​ក្នុង​រូប និង​ព្យាយាម​ធ្វើ​ឲ្យ​ជង្គង់​ខាង​ស្ដាំ​ប៉ះ​កែង​ដៃ​ឆ្វេង កែង​ដៃ​ខាង​ឆ្វេង​ប៉ះ​ជង្គង់​ខាង​ស្ដាំ។  

៦. ក្បាច់​កុងហ្វូ

ឈរ​កន្ធែក​ជើង​ធំ​បន្តិច ដោយ​ជើង​ខាង​ឆ្វេង​របស់​អ្នក​សន្ធឹង​ទៅ​ក្រោយ​ ចំណែក​ជើង​ខាង​ស្ដាំ​​បន្ទន់​ជង្គង់​​លយ​​​មក​ខាង​មុខ។ ដាក់​ដៃ​ស្ដាំ​របស់​អ្នក​លើ​​ជង្គង់​ខាង​ស្ដាំ ហើយ​លើក​ដៃ​ខាង​ឆ្វេង​ឡើង និង​បត់​ខ្លួន​មក​ស្ដាំ​ម្ដង​បន្តិច។ នៅ​បែប​នេះ​បន្តិច រួច​ហើយ​សឹម​ឆ្លាស់​​វិញ ដោយ​ដាក់​ដៃ​ឆ្វេង​លើ​ជើង​ឆ្វេង ហើយ​លើក​ដៃ​ស្ដាំ​ឡើង​លើ​ម្ដង។

៧. ក្បាច់​យន្តហោះ

លត់​ជង្គង់​​ដោយ​ច្រត់​ដៃ​​ទៅ​ខាង​មុខ។ ព្យាយាម​លើក​ដៃ​ស្ដាំ និង​ជើង​ឆ្វេងឡើង​ព្រម​គ្នា​ ឈប់​៣​វិនាទី ហើយ​សឹម​ដាក់​ចុះ​វិញ ហើយ​សឹម​លើក​ដៃ​ឆ្វេង និង​ជើង​ស្ដាំ​វិញ​ម្ដង តែ​ត្រូវ​​ធ្វើ​យ៉ាង​ណា​រក្សា​ខ្នង​ឲ្យ​នៅ​ត្រង់​ដដែល។ ធ្វើ​បែប​នេះ​ឆ្លាស់​គ្នា​ចុះ​ឡើង ​ឲ្យ​បាន​ប្រមាណ ៥​ជុំ​ ៕

ប្រភព៖ Brightside ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម