រោគស្រ្តីដែល​ស្ត្រី​វ័យ​កណ្ដាល​ប្រឈម​ខ្លាំង​ជាង​គេ​ គឺបញ្ហា​ស្រុត​ស្បូន

  • 2019-11-29 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចូល​មក​ដល់​វ័យ​កណ្ដាល​​ ស្ត្រី​មាន​ការ​ប្រឈម​ជាមួយជំងឺ​ស្រុត​ស្បូន​ខ្លាំង​ជាង​គេ​ បើ​ធៀប​នឹង​ជំងឺ​រោគស្រ្តី​ដទៃ​ទៀត។​

វេជ្ជបណ្ឌិត​ គាន់​ អូន

បើ​យោង​តាម​ការ​បញ្ជាក់​ពី​វេជ្ជ​បណ្ឌិត​ គាន់​ អូន​ ឯកទេស​រោគ​ស្ត្រី​នៃ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​បាន​ឲ្យ​ដឹង​ថា​ ​ប្រមាណ​ ៣០% ​នៃ​ស្ត្រី​កម្ពុជា​ គឺ​មាន​ជំងឺ​ស្រុត​ស្បូន​​នេះ ជា​ពិសេស​ស្ត្រី​វ័យ​ចំណាស់ ​និង​អស់​រដូវ។ ជំងឺ​នេះ​បង្ក​ឲ្យ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ដល់​សុខភាព​ និង​មាន​ផល​រំខាន​ដល់​ប្រព័ន្ធ​បង្ហូរ​ទឹក​នោម​ខាង​ក្រោម​ សុខភាព​ផ្លូវ​ភេទ​ និង​ការ​បន្ទោរ​បង់​លាមក​។

១.​ ចំពោះ​មូលហេតុ​បណ្ដាល​មក​ពី៖

កត្តា​ដែល​ប្រឈម​ចំពោះ​ស្ត្រី​នឹង​ជំងឺ​នេះ​មាន​

  • ភាព​ចុះ​ខ្សោយ​ប្រព័ន្ធ​ទម្រ​អាង​ត្រគាក​ (Défaillance du système d’amarrage)។

  • ភាព​មិន​ធម្មតា​របស់​ឆ្អឹង​អាង​ត្រគាក​ ដែល​មាន​ពី​កំណើត​ (anomalie osseuse)។

  • ភាព​ចុះ​ខ្សោយ​ ស្វិត​ និង​យារ ​របស់​សាច់​ដុំ​អាង​ត្រគាក​។

  • ស្ត្រី​ធ្លាប់​សម្រាល​កូន​ច្រើន​ ដែល​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​សាច់​ដុំ​អាង​ត្រគាក​។​

  • មាន​ជំងឺ​ទល់​លាមក​ញឹក​ញាប់​។

  • ធ្វើ​ការ​ធ្ងន់​ រឺ​លើក​របស់​របរ​ធ្ងន់​ៗ​។

  • ស្ត្រី​ឆាប់​អស់​រដូវ​ ដោយ​សារ​កង្វះ​អ័រម៉ូន។

  • ស្ត្រី​ដែល​ធ្លាប់​មាន​ការ​វះ​កាត់​ជំងឺ​ស្បូន​ និង​ជំងឺ​ទ្វារ​លាមក។​

២. រោគសញ្ញា៖

ជា​ទូទៅ​ជំងឺ​នេះ​មាន​រោគ​សញ្ញា​ដូចជា​

  • មាន​ផល​រំខាន​លើ​មុខ​ងារ​បង្ហូរ​ទឹក​នោម​។

  • អ្នក​ជំងឺ​ជ្រាប​ទឹក​នោម​ នៅ​ពេល​ប្រឹង​ ក្អក​ សើច​ រឺ​លើក​របស់​ធ្ងន់​ ។ល។

  • អ្នក​ជំងឺ​មាន​អារម្មណ៍​ថា ​ហាក់​ដូច​ជា​មាន​ដុំ​ទឹង​ណែន​រំខាន​នៅ​ក្នុង​ទ្វារ​មាស​។

  • អ្នក​ជំងឺ​មាន​ផល​រំខាន​ក្នុង​ការ​បន្ទោរបង់​លា​មក​។

  • អ្នក​ជំងឺ​អាច​ជ្រាប​លាមក​ រឺ​លេច​ផោម ​ដោយ​ឯក​ឯង​។

  • ឈឺ​នៅ​អាង​ត្រគាក​

  • មាន​ធ្លាក់​ស

  • រលាក​ទ្វារ​មាស

  • ផល​រំខាន​ក្នុង​ការ​​រួមភេទ

  • ក្នុង​ករណី​ធ្ងន់ធ្ងរ​ អ្នក​ជំងឺ​មាន​លៀន​ចេញ​នូវ​សរីរាង្គ​មួយ​ចំនួន​ដូចជា​ ផ្លោក​នោម​ ស្បូន ​ទ្វារ​លាមក​ តាម​ទ្វារ​មាស​ចេញ​មក​ក្រៅ។​

៣. ការ​ព្យា​បាល៖

វិធី​ព្យាបាល​នៃ​ជំងឺ​នេះ​មាន​ ៣​ ប្រភេទ​:

. ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​៖ ស្ត្រី​អាច​ប្រើ​ថ្នាំ​អ័រម៉ូន​មួយ​ចំនួន​ ដើម្បី​ជួយ​កុំ​ឲ្យ​ឆាប់​អស់​រដូវ ​និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ទម្រ​សាច់​ដុំ​អាង​ត្រគាក​រឹងមាំ​។

. វិធី​ហាត់​ប្រាណ​៖ ការ​ហាត់​ប្រាណ​ធ្វើ​ឲ្យ​សាច់​ដុំ​អាង​ត្រគាក​ និង​សាច់​ដុំ​ពោះ​រឹង​មាំ។​

. វិធី​វះ​កាត់​៖

  • ការ​វះ​កាត់​តាម​ទ្វារ​ក្រោម​ ដោយ​យើង​ធ្វើ​ការ​វះ​កាត់​យក​ស្បូន​ចេញ ​ហើយ​និង​ជួស​ជុល​មុខងារ​បង្ហូរ​ទឹកនោម​ ផ្លោក​នោម​ ទ្វារ​លាមក​ និង​សុខភាព​ផ្លូវ​​ភេទ។​

  • ការ​វះ​កាត់​ដោយ​ប្រើ​ឧបករណ៍​ចោះ យើង​អាច​ចង​ទប់​ស្បូន​ទៅ​នឹង​ឆ្អឹង​អាង​ត្រគាក​ផ្នែក​ខាង​ក្រោយ​។​ វិធី​នេះ​មាន​សារៈ​ប្រយោជន៍​សំខាន់​ដល់​ស្ត្រី​ ដោយ​រក្សា​ទុក​ស្បូន​ សុខភាព​បន្ត​ពូជ ជា​ពិសេស​ស្ត្រី​ដែល​នៅ​វ័យ​ក្មេង​ អាច​ឲ្យ​មាន​បុត្រ​ទៅ​ថ្ងៃ​ក្រោយ​៕

រូបភាព​ផ្ដល់ដោយ៖Calmette Hospital

ចុចអាន៖រូប​មន្ត​ខ្មែរ​បុរាណ​សម្រាប់​ដាំ​ទឹក​ងូត​ ដើម្បី​បំបាត់​អាការ​ចាញ់​កូន​ខ្លាំង​

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម