កម្រមានអ្នកដឹង! អាថ៌កំបាំងជាច្រើននៅពីក្រោយឯកសណ្ឋានស្រស់ស្អាតនិងការងារលើជើងហោះហើរដ៏ល្បី

  • 2019-11-07 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ងារ​ជា​ពហុនិការ ឬ​​ជា​ភាសា​​សាមញ្ញ​ហៅ​ថា អ្នក​បម្រើការ​លើ​យន្តហោះ គឺ​ជា​ការងារ​ដែល​នារី​ភាគ​ច្រើន​មាន​រូប​សម្រស់​ស្រស់​សោភា​និង​មាន​ចំណេះ​វិជ្ជា​​ប្រាថ្នា​ចង់​ធ្វើ​។ ពិត​ជា​កម្រ​ខ្លាំង​​ណាស់ សម្រាប់​ថ្ងៃ​នេះ​ដែរ នារី​បម្រើ​ការ​លើ​ជើង​ហោះហើរ Emirates ដ៏ល្បី មាន​ឈ្មោះ​ថា Khun Namfon Sirikul បាន​ចែក​រំលែក​បទពិសោធន៍​ជា​ច្រើន ទាក់ទង​ទៅ​នឹង​ការងារ​​និង​ទំនួល​ខុស​ត្រូវ​របស់​នាង​ ដែល​គ្រប់​គ្នា​តែង​តែ​ចង់​ដឹង។

​​តើ​អ្វី​ទៅ​ជា​អត្ថន័យ​​​នៃ​ការ​ពាក់​មួក​ក្រហម​?​​

មុន​​និយាយ​ទៅ​ដល់​ការងារ សូម​បង្ហាញ​ពី​អត្ថន័យ​​​​នៃ​ឯកសណ្ឋាន​ជាមុន​សិន​។ ការ​ពាក់​មួក​ពណ៌​ក្រហម គឺ​​ជា​ពណ៌​សំខាន់​សម្រាប់​សម្គាល់​​ពី​​ឯក​សណ្ឋាន​របស់​ជើង​ហោះហើរ Emirates។ ជា​ទូទៅ ពហុនិការ នៅ​ក្នុង​ក្រុម​ហ៊ុន​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​​ហ្វឹកហាត់​​ពី​របៀប​របប នៃ​ការ​ស្លៀកពាក់​រៀបចំ​ខ្លួន ឲ្យ​​ត្រឹម​ត្រូវ​ល្អ​ ព្រោះ​ពួកគេ​​ក៏​​ជា​តំណាង​នៃ​ជនជាតិ​អារ៉ាប់​ផង​ដែរ។ ជា​ពិសេស​ ការ​ស្លៀកពាក់​សមសួន បាន​បង្ហាញ​ពី​ការ​គោរព​ទៅ​កាន់​ប្រទេស​ជាតិ​របស់​ខ្លួន។

សម្លៀកបំពាក់​ពណ៌​សាច់ តំណាង​ឲ្យ​វាល​ខ្សាច់​និង​អាកាសធាតុ​ក្តៅ​។ ចំណែក​ឯ​មួក​និង​កន្សែង​ជា​និមិត្តរូប​​នៃ​វប្បធម៌​របស់​ប្រទេស​អារ៉ាប់​។ ចំពោះ​ការ​តុបតែង​មុខ គឺ​និយម​បែប​ធម្មជាតិ និង​អាច​ប្រើ​ប្រាស់​គ្រប់​ផលិតផល​គ្រឿង​សម្អាង​ទាំង​អស់​។ ក្រុមហ៊ុន​ជើង​ហោះហើរ​ បាន​កំណត់​ស្តង់​ដារ​ Makeup ជាក់លាក់​មួយ សម្រាប់​ពហុនិការ ប៉ុន្តែ​​ពួក​គេ​ក៏​អាច​លាប​ក្រែម​ដែល​មាន​ពណ៌​ក្រហម​ឆ្អិនឆ្អៅ​ដូច​ជា​ពណ៌​មួក ​ឬ​ម្យ៉ាង​ទៀត អាច​ជ្រើសរើស​ពណ៌​ណា​ដែល​ស័ក្តិសម​​តាម​​​សម្បុរ​ស្បែក​ក៏​បាន​ដែរ។ ក្រចក​អាច​លាប​ពណ៌​​រលោង​ស្រាល ៗ ឬ​ក្រហម តែ​ត្រូវ​គោរព​តាម​ស្តង់​ដារ​ជា​និច្ច។

​​​តើ​ការ​តុបតែង​មុខ​ត្រូវ​មាន​ស្តង់ដារ​បែប​ណា?​​

​​១. ម្សៅ​ទ្រនាប់៖​​ ស្បែក​មុខ​ត្រូវ​តែ​ម៉ដ្ឋ​ និង​អាច​​ជ្រើសរើស​ការ​លាប​មុខ​​​រលោង​ៗ​​តាម​បែប​​អាស៊ី ឬ​​មើល​ទៅ​ម៉ដ្ឋ​ស្ងួត (Matte) បែប​អឺរ៉ុប​តាម​ចំណង់​ចំណូល​ចិត្ត​និង​ការ​ពេញ​និយម​។

​​២. ម្សៅ​ផាត់៖​​ បែង​ចែក​ចេញ​ជា​ ២ ប្រភេទ។ ប្រសិន​បើ​ជើង​ហោះហើរ​មាន​រយៈ​ពេល​យូរ ពួក​គេ​ត្រូវ​បើ​ម្សៅ​ផាត់​មុខ​រាង​ក្រាស់​បន្តិច ដើម្បី​ឲ្យ​ជាប់​បាន​ល្អ ហើយ​បើ​ហោះ​ហើរ​ក្នុង​រយៈ​ពេល​ខ្លី ពួក​គេ​គ្រាន់​តែ ថែម​ម្សៅ​ហុយ​តិចៗ​នៅ​ពី​លើ​ម្សៅ​ទ្រនាប់​ជា​ការ​ស្រេច ព្រោះ​ដើម្បី​ការពារ​មិន​ឲ្យ​ស្ទះ​រន្ធញើស​។

​​៣. គូល័រ​ភ្នែក​និង​ខ្មៅដៃ​គូរ​ភ្នែក៖​​ ពណ៌​ត្នោត​និង​​ត្នោត​ស្រាល ជា​ពណ៌​ចម្បង​មិន​អាច​​ខ្វះ​បាន។ អាច​ផាត់​ជា​ស្ទីល​​​ស្រមោល ( Smokey Eyes  ) ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​ក្រមៅ​ខ្លាំង​ពេក ព្រោះ​វា​​មើល​ទៅ​មិន​ស៊ី​គ្នា​ជាមួយ​ឯកសណ្ឋាន​។ ការ​គូរ​ត្រេ​ភ្នែក​អាច​ជា​ពណ៌​ខ្មៅ​ឬ​ត្នោត​។

​​៤. ម៉ាស្ការ៉ា៖​​ រោម​ភ្នែក​អាច​ពត់​និង​លាប​​ម៉ាស្ការ៉ា​ឲ្យ​វែង​ងរ​បាន តែ​មិន​អាច​​ពាក់​រោមភ្នែក​ក្លែងក្លាយ​បាន​ឡើយ​ ព្រោះ​ក្រុមហ៊ុន​​បាន​ហាម​ប្រាម​រួច​មក​ហើយ ដោយ​សារ​​បារម្ភ​ខ្លាច​បិទ​កាវ​​មិន​ជាប់ ធ្វើ​ឲ្យ​រោមភ្នែក​ជ្រុះ​ចូល​ក្នុង​ម្ហូប​របស់​ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​ ឬ​​អាច​​របក​ដែល​មើល​ទៅ​មិន​សម​ជា​អ្នក​​ធ្វើ​ការ​ជំនាញ​ទាល់​តែ​សោះ​។

​​៥. រោម​ចិញ្ចើម៖​​ ត្រូវ​តែ​ស្អាត​ខ្ញង់ ប៉ុន្តែ​ហាម​សាក់។ ត្រូវ​គូរ​​ទម្រង់​ឲ្យ​បាន​​សមរម្យ​ និង​មាន​ពណ៌​​ស៊ី​គ្នា​នឹង​ពណ៌​សក់។

​​៦. ការ​ផាត់​ថ្ពាល់៖​​ ត្រូវ​ផាត់​​ពណ៌​ឲ្យ​សម​​​​​ជាមួយ​នឹង​​ពណ៌​ភ្នែក ប៉ុន្តែ​មិន​ត្រូវ​ជ្រើសរើស​ពណ៌​ផ្កាឈូក​ពេក​ឬ​ក្រហម​ពេក​ទេ ត្រូវ​ផ្តោត​សំខាន់​លើ​ពណ៌​បែប​ទឹកក្រូច​។

​​៧. ពណ៌​ក្រែម៖​​ សូម្បី​តែ​ពណ៌​ក្រហម​ក៏​មាន​ច្រើន​ប្រភេទ​ខុសគ្នា​ដែរ ប៉ុន្តែ​ក្រុម​ហ៊ុន Emirates តម្រូវ​ឲ្យ​លាប​​ពណ៌​ក្រហម​ដិត​​តែ​មួយ​ប្រភេទ​ប៉ុណ្ណោះ​។

​​តើ​ឯក​សណ្ឋាន​អាច​ពាក់​​បាន​យូរ​ប៉ុនណា ហើយ​ត្រូវ​បោក​សម្អាត​ដូចម្ដេច​ខ្លះ?​​

ឯកសណ្ឋាន​ត្រូវ​ប្រគល់​ឲ្យ​ទៅ​ខាង​ក្រុមហ៊ុន​​វិញ ក្នុង​រយៈ​ពេល​ប្រមាណ ១-២​ឆ្នាំ បន្ទាប់​ពី​ទទួល​បាន​ឯក​សណ្ឋាន​ថ្មី​ម្តង​ទៀត​។ វា​មាន​រយៈ​ពេល​ខុសៗ​គ្នា ប៉ុន្តែ​បើ​អ្នក​ចង់​បាន​ថ្មី​មុន​ពេល​កំណត់ ត្រូវ​ទៅ​កន្លែង​​បញ្ជា​ទិញ​ដោយ​ខ្លួន​ឯង ដោយ​ការ​ចំណាយ​លុយ​ឬ​កាត់​ប្រាក់ខែ។

សម្រាប់​ការ​បោក​គក់​វិញ ក្រុមហ៊ុន​ជា​អ្នក​រ៉ាប់រង ដើម្បី​ធានា​ថា​សម្លៀកបំពាក់​បោក​បាន​ស្អាត​ត្រូវ​តាម​ស្តង់​ដារ។ រី​ឯ​មួក​សាច់​កម្ញី ត្រូវ​ប្រើ​ជក់​ប្រើ​បោស​សម្អាត​ធូលី​ និង​មាន​ក្រណាត់​ទ្រនាប់ ការពារ​មិន​ឲ្យ​ប្រឡាក់​ជាប់​គ្រឿង​សម្អាង​លើ​មុខ។ ស្បែក​ជើង​អាច​ប៉ូលា​ដូច​ធម្មតា។

​​តើ​បុគ្គលិក​លក្ខណៈ​​ពិសេស​អ្វី​ខ្លះ​ដែល​​ក្រុមហ៊ុន​ Emirates តម្រូវ​​ឲ្យ​មាន និង​ខុសប្លែក​ពី​ក្រុមហ៊ុន​អាកាសចរ​ណ៍ដទៃ​ទៀត​?​​

គ្រប់​បុគ្គលិក​បម្រើការ​លើ​យន្ត​​ហោះ​ទាំង​អស់ ត្រូវ​មាន​ភាព​អត់ធ្មត់​ខ្ពស់ និង​ធ្វើការ​ចេញ​ពី​បេះដូង។ ក្នុង​នោះ​ដែរ ពហុនិការ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​តម្លៃ​​សំខាន់​ៗ ៥​ យ៉ាង​ក្នុង​ខ្លួន។

ចេះ​ត្រិះរិះ​ពិចារណា៖ ជាមនុស្ស​ដែល​​អាច​យល់​ពី​ចិត្ត​អ្នក​ដំណើរ​បាន​ច្បាស់​លាស់​។

មានស្មារតីត្រួសត្រាយ៖ អាច​ដឹង​និង​ចេះ​​រក​ដំណោះ​ស្រាយ​​​ភ្លាមៗ បត់​បែន​តាម​កាលៈទេសៈ​ជាក់ស្តែង។

ម៉ត់ចត់៖ រាល់កិច្ចការ​តូចធំ តម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និង​យកចិត្តទុកដាក់ចំពោះអ្នកដំណើរគ្រាបពេលវេលា។

រួសរាយ​ស្រស់​ស្រាយ៖ មាន​អត្តចរិត​ល្អ អារម្មណ៍​ស្រស់​ថ្លា និង​​ធ្វើ​ការ​ដោយ​ក្តី​ស្រលាញ់។

ទទួល​យក​ពី​ភាព​ខុសគ្នា​ជា​សកល​៖ អាចទទួល​ស្គាល់​ពី​ភាព​ខុសគ្នា​ នៃ​វប្បធម៌​ ទំនៀម​ទម្លាប់​រវាង​ប្រទេស​និមួយៗ​នៅ​លើ​ពិភពលោក។

*តើ​​គួរ​ធ្វើ​បែប​ណា​ចំពោះ​មនុស្ស​ស្រី​ដែល​​ចង់​ក្លាយ​ជា​ពហុនិការ ប៉ុន្តែ​ខ្វះ​ទំនុក​ចិត្ត​លើ​រូប​សម្ផស្ស​របស់​ខ្លួន​?

​ចំពោះ​បញ្ហា​នេះ​ពហុនិការ Khun Namfon Sirikul បាន​បញ្ជាក់​ទៀត​​ថា "តាមការពិត មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​មាន​ភាព​ស្រស់​ស្អាត​រៀងៗ​ខ្លួន ប៉ុន្តែ​​ក៏​ត្រូវ​គួប​ផ្សំ​ជាមួយ​ភាព​ស្អាត​ពី​ខាង​ក្នុង​ចិត្ត សមត្ថភាព​ រួមទាំង​ទេពកោសល្យ​ផង​ដែរ" ។

យ៉ាង​ណា​ក៏​ដោយ កុំ​គិត​ថា​​មុខ​​​មិន​​​ស្លីម​ស្អាត ថ្ពាល់រាង​ធំ ថ្គាម​ធំ ឬ​អ្វី​ផ្សេងៗ​​ទៀត អាច​បញ្ចប់​ក្តី​សុបិន​របស់​​អ្នក​ឲ្យ​សោះ ព្រោះ​មាន​តែ​ការ​ជឿជាក់​ហ៊ាន​សាក​ល្បង និង​ខិតខំ​ព្យាយាម​ប៉ុណ្ណោះ​ ទើប​​អាច​​នាំ​អ្នក​ទៅ​ដល់​​គោលដៅ​ក្នុង​ជីវិត៕

ចុចអានបន្ត៖ ទាំង​ស្អាត ទាំងក្លាហាន! បង្ហាញ​មុខ​​​នារី​ខ្មែរ ចូល​បម្រើ​ការងារ​​​​​ប៉ូលិស​​ទាហាន

ប្រភព៖ Sanook ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម