ក្តីស្រមៃធំ១ ជម្រុញអ្នកស្រឡាញ់ភេទដូចគ្នាម្នាក់មានជំនាញ និងចំណូលខ្ពស់ក្នុងសង្គម

  • 2019-10-28 13:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចេះ​ឲ្យ​ប្រាកដ នោះ​ប្រាក់​នឹង​រត់​តាម​ហៅ! នេះ​ជា​បណ្ដាំ​ព្រះ​ភិរម្យ​ភាសា​អ៊ូ ហៅ ង៉ុ​យ ​ដែល​មាន​តម្លៃ​ និង​អត្ថន័យ​ជ្រាលជ្រៅ​មក​ទល់​សម័យ​បច្ចុប្បន្ន​នេះ។ មិន​ខុស​ពី​មនុស្ស​មួយ​ភាគ​ធំ ពាក្យ​មួយ​ឃ្លា​នេះ បាន​ជំរុញ​ឲ្យ​បុរស​ម្នាក់ ដែល​ជា​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អាច​បន្ត​ក្ដី​ស្រមៃ និង​ចាប់​យក​ការងារ​ជា​អ្នក​ជំនាញ​ផាត់​មុខ​ឲ្យហាង​សម្អាងការ​ និងតារាល្បី​ៗយ៉ាង​ស្ទាត់​ជំនាញ។

រូបភាពផ្តល់ឲ្យដោយ ស៊ា ម៉េងលាង

ចំណែក​ការ​ស្វែងរក​ប្រាក់​ចំណូល​ក៏​មាន​ភាព​ល្អ​ប្រសើរ ជាប្រចាំ ពិសេស​ខែ​មានកម្មវិធីការ គឺ​អាច​ហក់​ដល់​ខ្ទង់​ពាន់​ៗដុល្លារ​ (សុំមិនបង្ហាញតួលេខ) ព្រោះ​តែ​លោក​មាន​ស្នាដៃ​ល្អ បូករួម​នឹង​កេរ្តិ៍ឈ្មោះ និង​ការងារ​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់។

ក្នុង​កិច្ច​សម្ភាស​ជាមួយ​វេបសាយ កញ្ញា លោក ស៊ា ម៉េងលាង បាន​ប្រាប់​ដោយ​មិន​លាក់បាំង​ថា លោក​ជា​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ហើយ​មាន​ស្រុក​​កំណើត​នៅ​ឯ​ខេត្ត​កំពង់ធំ។ លោក​បាន​បញ្ជាក់​ថា ជំនាញ​នេះ​គឺ​ជា​ក្ដី​ស្រមៃ នៃ​ការងារ​ដែល​លោក​ស្រឡាញ់​បំផុត​តាំង​ពី​តូច​មក ព្រោះ​លោក​ចង់​ក្លាយ​ជា​អ្នក​ផាត់​មុខ​ល្បី​ឈ្មោះ​ម្នាក់។

មុន​មាន​ការ​ទទួល​ស្គាល់​ស្នាដៃ​ផាត់​មុខ​ដូច​សព្វថ្ងៃ លោក​បាន​ឆ្លងកាត់​ចូល​រៀន​វគ្គ​ខ្លី​តុបតែង​សម្អាងការ​ច្បាស់លាស់ ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក៏​ដូចជា​ការ​រៀន​បន្ត​វគ្គ​ខ្លី​នានា ទាំង​ក្នុង និង​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។ ភាគច្រើន ដល់ខែសំបូរកម្មវិធីគឺម៉េងលាង តែងរវល់ជាប់កក់តាមកម្មវិធីសឹងគ្មានពេលសម្រាក។

រូបភាពផ្តល់ឲ្យដោយ ស៊ា ម៉េងលាង

រំលឹក​ដល់​ប្រវត្តិ​គ្រួសារ លោក​ជា​កូន​កំព្រា​ឪពុកម្ដាយ​ដែល​បាន​ចែក​ផ្លូវ​គ្នា តាំង​តែ​ពី​លោក​នៅ​កុមារ​មក​ម្ល៉េះ។ ដូច្នេះ​លោក​ត្រូវ​បន្ត​រស់នៅ​ក្នុង​ជីវភាព​ក្រ​លំបាក ជាមួយ​ជីដូន​ចាស់​ម្នាក់ នៅ​ឯ​ស្រុក​កំណើត។ ទោះ​ជា​កុមារភាព​កើត​មក​ជា​កូន​កំព្រា និង​រស់នៅ​មាន​ជីវភាព​លំបាក មិន​ដែល​បាន​អ្វី​ដូច​ចិត្ត​នឹង​គេ ប៉ុន្តែ​ ម៉េង​លាង ជា​ក្មេង​រឹងមាំ និង​មាន​ប្រវត្តិ​តស៊ូ​ជានិច្ច។

រូបភាពផ្តល់ឲ្យដោយ ស៊ា ម៉េងលាង

លោក​បន្ត​ថា ដំបូង​ៗ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ពិតជា​បានរើសអើង និង​មិន​សូវ​ឲ្យ​តម្លៃ​ការងារ ដែល​លោក​ស្រឡាញ់​តាំង​ពី​ក្មេង​នេះ​ប៉ុន្មាន​ទេ។ ព្រោះថា​នៅ​ពេល​ដែល​យើង​និយាយ​ដល់​ការងារ​ផ្នែក​សម្អាង មនុស្ស​ភាគ​ច្រើន​ ប្រហែល​ជា​គិត​ថា នេះ​ជា​អាជីព​សម្រាប់​តែ​មនុស្ស​ស្រី ដែល​ស័ក្ដិ​សម​ធ្វើ​។

កាល​នៅ​ស្រុក​អ្នក​ភូមិ​តែង​ថា​ឲ្យ​លោក​ថា​ប្រុស​ៗអីចឹង មិន​គួរ​ធ្វើ​ការងារស្រីទេ។ មិនអន់ចិត្ត ឬខឹងអ្នកភូមិ ម៉េងលាង គឺគិតតែបន្តខំប្រឹងរៀនជំនាញនេះ មិនខ្វល់អ្វីច្រើននោះទេ។ លោកបញ្ជាក់ថា ម្យ៉ាង​កាល​នោះ​លោក​ក៏​មិនទាន់​ហ៊ាន​បើក​ចំហ​ពី​ខ្លួនឯង​ ថាជា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ផង​ដែរ។

រូបភាពផ្តល់ឲ្យដោយ ស៊ា ម៉េងលាង

ម៉េង​លាង បន្ត​ថា ពេល​នោះ​លោក​ពិត​ជា​មាន​សំពាធ​ផ្លូវ​ចិត្ត​ម្ដងម្កាល​ដែរ ប៉ុន្តែ​ដោយសារ​មាន​ជីដូន​ម្នាក់​ជួយ ផ្ដល់​កម្លាំង​ចិត្ត ទើប​លោក​អាច​​តស៊ូ​ព្យាយាម​តស៊ូ​រហូត​ជោគជ័យ​ដូច​សព្វ​ថ្ងៃ។ ក្រោយពីសម្រេចក្តីស្រមៃ ចាប់ជំនាញដែលខ្លួនស្រឡាញ់ជាជាងផាត់មុខអាជីព មានចំណូលល្អ លោកក៏ចង់តបស្នងសងគុណជីដូន ឲ្យរស់នៅបានស្រួលព្រោះលោកយាយជាអ្នកមានគុណ និងជាស្រ្តីតែម្នាក់គត់ ដែលតែងចាំលើកចិត្តខ្លួនជានិច្ច។

សូម​ទស្សនា​វីដេអូ សម្ភាស​លម្អិត​ពី​គន្លឹះ​តែង​សម្អាង​ និង​ប្រវត្តិ​ជីវិត​មុន​មាន​ភាព​ជោគជ័យ។

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម