ប្រវត្តិខ្លះៗរបស់ Miss Global Cambodia 2019 ដែលនឹងតំណាងកម្ពុជាប្រកួតនៅម៉ិកស៊ិកូ
- 2019-10-12 04:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិខ្លះៗរបស់ Miss Global Cambodia 2019 ដែលនឹងតំណាងកម្ពុជាប្រកួតនៅម៉ិកស៊ិកូ
Miss Global Cambodia ថ្មីៗនេះ បានប្រកាសពីបេក្ខភាពរបស់កម្មវិធី ដែលទើបជ្រើសរើសបាន ត្រៀមធ្វើជាតំណាងកម្ពុជាទៅចូលរួមប្រកួតបន្តក្នុងកម្មវិធី Miss Global នៅក្នុងប្រទេសម៉ិកស៊ិកូនាខែមករា ២០២០ ខាងមុខ។
Miss Global Cambodia 2019 នេះ គឺកញ្ញា Jannie Lam ។ តាមទំព័រ Miss Global Cambodia កញ្ញា Jannie មានកំពស់ 165cm កើតនៅទីក្រុង Oakland រដ្ឋ California ក្នុងគ្រួសារតូចមួយ ហើយនាងគឺជាកូនច្បងក្នុងចំណោមបងប្អូន២នាក់។ ក្រុមគ្រួសារនាងបានធ្វើអន្តោប្រវេសន៍ មកសហរដ្ឋអាមេរិក អំឡុងពេលកម្ពុជាមានអំពើប្រល័យពូជសាសន៍។
វិលមកការអប់រំរបស់នាងវិញ Jannie Lam បានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែក Theatre Arts ពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ បច្ចុប្បន្ន Jannie រស់នៅក្នុងទីក្រុង Las Vegas រដ្ឋ Nevada ជាកន្លែងដែលនាងធ្វើការផ្នែកលក់ និងទីផ្សារសម្រាប់ MGM Resorts International ប៉ុន្តែក្តីស្រមៃរបស់នាង គឺនាងចង់ក្លាយជានាយកប្រតិបត្តិក្រុមហ៊ុននៅថ្ងៃណាមួយ។ រំលឹកទៅកាលពីឆ្នាំ២០១៨ Jannie Lam ធ្លាប់បានចូលរួមការប្រកួត MasterChef រដូវកាលទី៩ ដោយនាពេលនោះ នាងបានចម្អិនម្ហូបខ្មែរ តែមិនទទួលលទ្ធផលល្អទេ ដោយជាប់ត្រឹមជម្រើស 43 នាក់ចុងក្រោយ។
ដោយស្រឡាញ់ការប្រជែងសមត្ថភាព ឆ្ពោះទៅរកការរីកចម្រើនក្នុងឆាកជីវិត ក្រោយមកទៀត Jannie ក៏បានចូលរួមប្រកួត Miss Asian North America ជាថ្មី ដោយពេលនោះ នាងជាប់ជ័យលាភីរង 3rd runner up និងក្លាយជា Ms. Asian Las Vegas និងថែមទាំងបាន ទទួលរង្វាន់កិត្តិយស Miss People’s Choice ទៀតផង។
តាមផែនការ Miss Global Cambodia 2019 កញ្ញា Jannie Lam នឹងមកកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកាខាងមុខនេះ ដើម្បីធ្វើការងារសប្បុរសធម៌មួយចំនួននៅកម្ពុជា មុនត្រឡប់ទៅអាមេរិកវិញ ដើម្បីតំណាងកម្ពុជាប្រកួត Miss Global នៅម៉ិកស៊ិកូដើមឆ្នាំ ២០២០៕