អាថ៌កំបាំង ៦ យ៉ាងរបស់មនុស្សស្រី ដែលធ្វើឲ្យបុរសប៉ងចង់បានពិតប្រាកដ មិនលេងសើច

  • 2019-09-17 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទង្វើ​ល្អ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​អាច​​ដក់​ជាប់​ក្នុង​បេះ​ដូង​​បុរស​ណា​ម្នាក់​បាន​ទេ។ មនុស្ស​ស្រី​ដែល​ខំ​សម្តែង​ធ្វើ​ជា​ល្អ​​តែ​សំបក​ក្រៅ មិន​ពិបាក​រក​​ឡើយ ប៉ុន្តែ​មនុស្ស​ស្រី​ដែល​មាន​តម្លៃ​ក្នុង​ខ្លួន​​ពិត​ប្រាកដ ទើប​​កម្រ​​បាន​​ជួប​ប្រទះ។ មិន​មែន​សំដៅ​តែ​លើ​សម្រស់ ទ្រព្យសម្បត្តិ​ ឬ​អ្វី​ផ្សេង​នោះ​ទេ។ វា​គឺ​ជា​​លក្ខណៈ​សម្បត្តិ​ ៦ យ៉ាង ដែល​ធ្វើ​ឲ្យ​បុរស​ណា​ឃើញ​ហើយ​ ក៏​ប៉ង​ប្រាថ្នា​ចង់​​​បាន​ជា​គូ មិន​មែន​យក​លេង​សើច។

១. ចេះ​មើល​ថែ​ខ្លួន​ឯង

ភាគ​ច្រើន​គេ​តែង​និយាយ​ថា មនុស្ស​ប្រុស​ស្រលាញ់​រក​តែ​ស្រីៗ​សម្បុរ​ស​​​ខ្ចី ទើប​ហៅ​គេ​ថា​ស្អាត។ មូលហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​​មនុស្ស​ស្រី​មួយ​ចំនួន​យល់​ច្រឡំ សុខ​ចិត្ត​ប្រើ​ប្រាស់​សារធាតុ​គីមី​លើ​ស្បែក​ដោយ​មិន​ខ្វល់​ពី​​គ្រោះថ្នាក់​​​អ្វី​ឡើយ​។ អ្នក​មិន​ចាំ​បាច់​ស្អាត​ដូច​ជា​ទេពអប្សរ​ក៏​បាន​ដែរ​ ព្រោះ​ភាព​លេច​ធ្លោ​​​ស្ថិត​នៅ​លើ​ការ​ចេះ​មើល​ថែរក្សា​ខ្លួន​ឯង ដូច​ជា​​រៀប​ចំ​ស្លៀក​ពាក់​ឲ្យ​បាន​សមរម្យ មាន​អនាម័យ មាន​សុខភាព​ល្អ ស្បែក​ភ្លឺ​ថ្លា​បែប​ធម្មជាតិ​។ បុរស​ណា​ឃើញ​ហើយ ច្បាស់​ជា​គិត​ថា អ្នក​គឺ​ជា​នារី​ដែល​ចេះ​​ស្រលាញ់​ខ្លួន​ឯង អាច​មើល​ថែ​សមាជិក​គ្រួសារ និង​មនុស្ស​ជុំវិញ​ខ្លួន​បាន​យ៉ាង​ល្អ​។

២. វៃ​ឆ្លាត​ មាន​ទំនុក​ចិត្ត

ភាព​ជឿ​ជាក់​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ជា​រឿង​ចាំបាច់​ខ្លាំង​ណាស់ ប៉ុន្តែ​បើ​អ្នក​ប្រឹង​បញ្ចេញ​ជ្រុល​ហួសហេតុ​ពេក​ក៏​មិន​កើត​ដែរ។ ត្រូវ​ប្រើ​​ភាព​វៃ​ឆ្លាត​ឲ្យ​ត្រូវ​តាម​កាលៈទេសៈ។ ដឹង​​​ថា​​ពេល​ណា​​​គួរ​លេង​សើច ​ពេល​ណា​ត្រូវ​ម៉ឺងម៉ាត់​ច្បាស់​លាស់​។ ធ្វើ​ខ្លួន​ឲ្យ​រឹង​មាំ មិន​មែន​មានៈ​រឹង​ទទឹង មាន​ភាព​វៃ​ឆ្លាត ប៉ុន្តែ​មិន​ធ្វើ​ឆ្លាត​ជ្រុល​លើស​គេ​លើស​ឯង​។ ហ៊ាន​បញ្ចេញ​ភាព​ទន់​ខ្សោយ​ ដើម្បី​បង្ហាញ​ថា​អ្នក​​ត្រូវ​ការ​គាត់​នៅ​ក្បែរ។

៣. បញ្ចេញ​ចរិត​ធម្មជាតិ

មនុស្ស​ស្រី​ប្រភេទ​នេះ ពិត​ជា​អាច​យក​ឈ្នះ​បេះ​ដូង​ប្រុស​ៗ​បាន​យ៉ាង​ងាយ​​។ នាង​ចូល​ចិត្ត​និយាយ​ពាក្យ​ពិត​ មិន​សម្តែង​ឫកពា​​សូញសាញ​ច្រើន មិន​​ញ៉ិកញ៉ក់​ដូច​ក្មេង។ ចរិត​ធម្មជាតិ ធ្វើ​អ្វី​ជា​ខ្លួន​ឯង មិន​​ព្យាយាម​ផ្លាស់​ប្តូរ​ដើម្បី​​​​ឲ្យ​ដូច​នរណា​ម្នាក់ គឺ​ជា​មន្តស្នេហ៍​ទាក់​ទាញ​ខ្លាំង​បំផុត។

៤. មិន​ផ្តេក​ផ្តួល​តាម​អារម្មណ៍

ពេល​ដែល​នាង​​សប្បាយ​ចិត្ត ឬ​ធុញ​ថប់​តប់​ប្រមល់ ក៏​នាង​មិន​ដែល​ជះ​កំហឹង​ដាក់​អ្នក​ដទៃ​​ដោយ​គ្មាន​ហេតុ​ផល។ នាង​នៅ​តែ​ផ្តល់​ស្នាម​ញញឹម លើក​ទឹក​ចិត្ត​ពេល​ដៃ​គូ​ជួប​ទុក្ខ​លំបាក អាច​កែប្រែ​​ស្ថាន​ភាព​ឲ្យ​ល្អ​ប្រសើរ ព្រោះ​នាង​មិន​ផ្តេក​ផ្តួល​តាម​អារម្មណ៍​ នាំ​ឲ្យ​មាន​បញ្ហា​កាន់​តែ​ស្មុគស្មាញ​។

៥. មិន​យក​ទឹក​ភ្នែក​ដោះ​ស្រាយ​បញ្ហា

​ជា​​រឿង​មិន​អាច​ប្រកែក​បាន ដែល​គេ​ចោទ​ថា​មនុស្ស​ស្រី​ពូកែ​សម្រក់​ទឹក​ភ្នែក។ ទោះ​​យ៉ាង​ណា មិន​គួរ​យក​ទឹក​ភ្នែក​មក​ដោះ​ស្រាយ​បញ្ហា​​នោះ​ទេ​។ បើ​មាន​រឿង​អី​បន្តិច ងាក​យំ​ៗ វា​គួរ​ឲ្យ​ធុញ​ខ្លាំង​ណាស់។ បើ​អ្នក​ចេះ​ទប់​អារម្មណ៍ ចេះ​ប្រឈម​នឹង​បញ្ហា ជជែក​​ពិភាក្សា​ ទើប​ជា​ដំណោះ​ស្រាយ​ដ៏​ល្អ​។

៦. មាន​ក្តី​ស្រលាញ់​ពិត​ប្រាកដ

​ក្នុង​អំឡុង​ពេល​មាន​​​ទំនាក់ទំនង​ជាមួយ​គ្នា អ្នក​ប្រហែល​ជា​គិត​ថា​ មិន​ចាំ​បាច់​ច្បាស់​លាស់​ពេក​ក៏​បាន​ ដូច្នេះ​ហើយ​អ្នក​ក៏​​ចាប់​​ផ្តើម​ទាក់ទង​​មនុស្ស​ច្រើន​នាក់​​ក្នុង​ពេល​តែ​មួយ​។ អ្នក​អាច​​ចាត់​ទុក​វា​ជា​ការ​សាក​ល្បង និង​ប្រៀបធៀប​​ ដើម្បី​ស្វែង​រក​មនុស្ស​ល្អ​។ យ៉ាង​ណា​មិញ វា​ជា​ទង្វើ​មិន​គប្បី​សោះ​ឡើយ​។ ប្រសិន​បើ​អ្នក​នៅ​មិន​ទាន់​មាន​ភាព​ស្មោះ​ត្រង់​ជឿជាក់​ កុំ​សង្ឃឹម​​​ថា​អាច​ទទួល​បាន​ក្តី​ស្រលាញ់​ពិត​ប្រាកដ​ពី​នរណា​ម្នាក់​ឲ្យ​សោះ​៕

ចុចអានបន្ត៖ ហេតុអ្វីពេលស្រលាញ់គ្នា មនុស្សចាំបាច់ត្រូវការភាពស្ងៀមស្ងាត់?

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម