ព្រះរស់ចាំនៅផ្ទះ កូនៗគួរមានអំណោយដើម្បីដឹងគុណក្នុងឱកាសភ្ជុំបិណ្ឌ
- 2019-09-23 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះរស់ចាំនៅផ្ទះ កូនៗគួរមានអំណោយដើម្បីដឹងគុណក្នុងឱកាសភ្ជុំបិណ្ឌ
ក្រៅពីធ្វើបុណ្យនៅវត្តអារាម អ្នកក៏មិនគួរភ្លេចព្រះរស់នៅផ្ទះផងដែរ។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ អ្នកគួររៀបចំជាអំណោយតាមលទ្ធភាពដើម្បីជាការដឹងគុណជូនឪពុកម្ដាយ។ កញ្ញា សូមបង្ហាញនូវអំណោយ៤យ៉ាង ដែលអ្នកអាចជូនលោកទាំងពីរបាន៖
**១. អាហារប៉ូវសុខភាព**
អ្នកមានគុណរបស់អ្នកកាន់តែចាស់ពីមួយថ្ងៃទៅមួយថ្ងៃហើយ ដូច្នេះដើម្បីបង្ហាញពីការយកចិត្តទុកដាក់សុខភាពរបស់លោកទាំងពីរ អ្នកអាចទិញអំណោយជាអាហារប៉ូវសុខភាពបាន។ ទាំងនោះអាចដូចជា អាហារបំប៉នសុខភាព អាហារបំប៉នកម្លាំង វីតាមីន ទឹកដោះគោជាដើម សម្រាប់ជំនួយសុខភាពឲ្យលោកទាំងពីរកាន់តែមាំមួនផងដែរ។
២. សម្លៀកបំពាក់
រដូវបុណ្យទាន លោកទាំងពីរក៏ត្រូវការទៅវត្តវ៉ាដែរ ម្ល៉ោះហើយបើអ្នកបានទិញអំណោយសម្រាប់លោកជាសម្លៀកបំពាក់ស្លៀកទៅវត្តអារាមជាប្រការប្រពៃបំផុត។ ម្ដាយឪពុករបស់អ្នក ពិតជាសប្បាយរីករាយនៅពេលឃើញអ្នកចេះដឹងគុណបែបនេះ។
៣. ដំណើរកម្សាន្ត
អស់ពេលជាច្រើនឆ្នាំមកហើយដែលអ្នកម្ដាយនិងលោកឪពុកបានចំណាយកម្លាំងញើសឈាមចិញ្ចឹមបីបាច់អ្នក។ ដូច្នេះ គេថាធ្វើបុណ្យទាន់ខែភ្លឺ អ្នកគួរចំណាយពេលវេលាផ្ដល់ជាកាដូគាប់ចិត្តមួយគឺដំណើរកម្សាន្តជូនលោកទាំងពីរ។ នាំអ្នកមានគុណទៅកន្លែងដែលលោកទាំងពីរស្រមៃចង់ទៅ ដើម្បីបំពេញបំណងប្រាថ្នាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
៤. ប្រាក់កាស
ជាការដឹងគុណ អ្នកអាចជូនជាអំណោយថវិកាតាមលទ្ធភាពសម្រាប់លោកទាំងពីរ ទុកសម្រាប់ចាយវាយតាមតម្រូវការ។ សម្រាប់ឪពុកម្ដាយដែលចូលនិវត្ត ច្បាស់ណាស់លោកទាំងពីរមិនអាចរកចំណូលបានឡើយ ដូច្នេះនៅពេលលោកឃ្លាន ឬទិញអ្វី មានការលំបាកលើការចាយវាយដែរ។ អ្នកអាចផ្តល់ជាអំណោយនេះសម្រាប់លោកទាំងពីរ ដើម្បីជាការដឹងគុណផងដែរ។
ចុចអាន៖ ម្ហូប ៣មុខ ពេញនិយមសម្រាប់ធ្វើចង្ហាន់ទៅវត្តនារដូវភ្ជុំបិណ្ឌ ធានាថាជាប់ចិត្ត