មិនដឹងថារាល់ថ្ងៃរស់នៅដើម្បីអ្វី? គួរអានហេតុផលទាំងនេះឡើងវិញ
- 2019-09-04 06:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនដឹងថារាល់ថ្ងៃរស់នៅដើម្បីអ្វី? គួរអានហេតុផលទាំងនេះឡើងវិញ
ពិតជាឆ្ងល់ខ្លួនឯងណាស់ តើសព្វថ្ងៃរស់នៅដើម្បីទៅ? គ្រាន់តែឭសំណួរមួយនេះ ធ្វើឲ្យអារម្មណ៍ញាប់ញ័រ មិនដឹងត្រូវឆ្លើយតបទៅវិញបែបណាទេ។ អង្គុយគិតយូរៗទៅ ជីវិតដូចជាតែលតោល គ្មានគោលដៅច្បាស់លាស់សោះឡើយ។ គិតបារម្ភជ្រុលខ្លាំងពេក មិនអាចជួយអ្វីដល់អ្នកទេ។ ដើម្បីធ្វើឲ្យជីវិតកាន់តែមានន័យ អ្នកត្រូវបង្កើតយុទ្ធសាស្រ្ត មានគោលដៅជាក់លាក់ និងព្យាយាមធ្វើវាចាប់ពីថ្ងៃនេះតទៅ។
ខាងក្រោមនេះជាហេតុផលមួយចំនួន ធ្វើឲ្យអ្នកចង់រស់នៅ ដោយមិននឿយណាយនឹងជីវិត តស៊ូឆ្ពោះទៅកាន់ចំណុចមួយដែលខ្លួនឯងបានកំណត់ទុក។
១. ត្រូវចាំថាគ្រប់យ៉ាងក្នុងជីវិតគឺជាមេរៀន
កើតមកមិនមែនសម្រាប់តែដកដង្ហើមចេញចូល ហើយចង់រស់ស្រួលបានដូចចិត្តនោះទេ។ គ្រប់យ៉ាងដែលបានកើតឡើងក្នុងជីវិតគឺសុទ្ធតែជាមេរៀនសម្រាប់អ្នកដើម្បីលូតលាស់ទៅមុខ។ គ្រាន់តែពេលខ្លះ អ្នកមិនបានរៀបចំឲ្យបានត្រឹមត្រូវតាមដំណាក់កាល មិនទាន់ត្រៀមខ្លួនរួចរាល់ មិនហ៊ានសាកល្បងអ្វីថ្មីៗ ខ្លាចភាពបរាជ័យ ជាហេតុធ្វើឲ្យអ្នកមិនអាចសម្រេចកិច្ចការធំដុំបាន។ ឧបសគ្គ ការខាតបង់ កំហុស បញ្ហានានា ប្រៀបបានដូចជាតេស្តសាកល្បងពីកម្រិតនៃការតស៊ូអត់ធ្មត់របស់អ្នក។ ជីវិតអាចប្រសើរឡើង គ្មានពាក្យថាចុះចាញ់ កាលណាអ្នកមិនស្តាយក្រោយ និងចង់យល់ដឹងបន្ថែមពីបញ្ហាទាំងអស់ក្នុងជីវិត។
២. ជ្រើសរើសយកក្តីសុខនិងចេះស្កប់ចិត្ត
ក្តីសុខនិងភាពជោគជ័យមិនអាស្រ័យលើទ្រព្យធន សំខាន់លើចិត្តគំនិត។ រស់នៅជាមួយបច្ចុប្បន្នកាល មិនខ្វល់ពីអតីតកាល មិនបារម្ភពីអនាគតកាលហួសហេតុ។ នេះជាដំណោះស្រាយដ៏ល្អ ដើម្បីធ្វើឲ្យចិត្តស្កប់ មិនរវើរវាយទៅលើរបស់ណាមួយ មនុស្សណាម្នាក់ ឬក្តីសុបិនអ្វីឡើយ ព្រោះវាគ្រាន់តែផ្សែងអ័ព្ទក្នុងខួរក្បាលប៉ុណ្ណោះ។ ជីវិតអាចស្រឡះល្អ ប្រសិនបើអ្នករស់នៅជាមួយការពិត ទទួលយកអ្វីដែលខ្លួនកំពុងមាន នោះឱកាសល្អនឹងចូលមកតាមក្រោយ។
៣. បន្សល់ទុកកេរ្តិ៍ដំណែល
ពេលវេលាដែលអ្នកបានចំណាយ នឹងមិនអសារបង់ ប្រសិនបើអ្នកអាចបន្សល់ទុកកេរ្តិ៍ដំណែលសម្រាប់មនុស្សគ្រប់គ្នា។ ស្តាប់ទៅដូចជាធំធេងពិបាកធ្វើណាស់ ប៉ុន្តែត្រង់ន័យនេះ ចង់សំដៅទៅលើរឿងតូចតាចមួយចំនួន ដែលនរណាក៏អាចចូលរួមចំណែកបានដែរដូចជា ការចេះជួយគ្នា ធ្វើជាគំរូល្អដល់អ្នកដទៃ ធ្វើអំពើល្អដោយមិនរំពឹងចង់បានសំណងមកវិញ។
៤. មានម្ចាស់ការលើខ្លួនឯង
មនុស្សម្នាក់ៗមានបទពិសោធន៍ គំនិត បំណងប្រាថ្នា ភាពភ័យខ្លាច និងការតស៊ូខុសៗគ្នា។ ហេតុនេះហើយ កុំព្យាយាមបង្ខំខ្លួនឯង ប្រើជីវិតរស់នៅដូចអ្នកដទៃ ទាំងដែលមិនអាចទៅរួច។ គ្រប់យ៉ាងសុទ្ធតែមានដែនកំណត់ កុំរំពឹងខ្ពស់ពេក នាំតែខកចិត្តលើសដើម។ រៀនសូត្របន្ថែម និងលូតលាស់ទៅមុខដោយភាពម្ចាស់ការមិនចម្លងនរណាម្នាក់។
៥. មានជីវិតគឺមានតម្លៃ
តម្លៃនៃជីវិតគឺស្ថិតនៅក្នុងដៃរបស់អ្នក។ អ្នករស់នៅដោយភាពឯករាជ្យ ពឹងលើសមត្ថភាពខ្លួនឯង មិនផ្តេកផ្តួល រងសម្ពាធពីរបត់ក្នុងសង្គមទំនើប។ អ្នកគឺជាមនុស្សតែម្នាក់គត់ ដែលអាចជ្រើសរើសនិយមន័យក្នុងជីវិត។ មិនចាំបាច់មានអ្វីធំដុំពេក ពេលខ្លះសូមត្រឹមមានសុខភាពល្អ ក៏ជីវិតមានតម្លៃលើសលប់ណាស់ទៅហើយ សំខាន់អ្នកអាចរកឃើញចំណុចពិសេសរបស់ខ្លួនឯង។
កុំទាន់អាលធុញទ្រាន់នឹងជីវិត ពិភពលោកនេះមានរឿងរ៉ាវជាច្រើនទៀតដែលអ្នកដឹងមិនទាន់អស់៕
ចុចអានបន្ត៖ ៥យ៉ាងត្រូវជៀសដាច់ខាត បើមិនចង់មានវិប្បដិសារីក្នុងជីវិត