​ប្រុស​សង្ហា នូ ឧសភា លេច​មុខក្នុង​ភាពយន្ត​ខ្នាត​ធំ​ជាមួយ​តួឯកស្រី​ជនជាតិ​បារាំង

  • 2019-08-03 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរស​សង្ហា ដែល​ចាប់​ផ្ដើម​លេច​មុខ​មាត់​ក្រោយ​សម្ដែង​រឿង "ថ្ងៃ​មុន​ស្អប់ ថ្ងៃ​នេះ​ស្រឡាញ់" នោះ ឥឡូវ​ស្រាប់​តែ​ហក់​មក​ក្ដាប់​តំណែង​តួអង្គ​សំខាន់​មួយ​ក្នុង​ភាពយន្ត​ខ្នាត​ធំ​ទៀត ដោយ​ចាប់​ដៃ​ជាមួយ​តួ​អង្គ​ស្រី​ជនជាតិ​បារាំង​ដ៏​ស្រស់​ស្អាត​ម្នាក់​ទៀត​ផង។

រូបភាព​ស្ដី​ពី​ការ​សម្ដែង​ក្នុង​រឿង​ខ្នាត​ធំ​ខាង​លើ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ ត្បិត​ថា ជា​ទិដ្ឋភាព​ដ៏​កម្រ​មួយ​ដែល​តារា​ប្រុស​ក្នុង​ស្រុក មាន​ឱកាស​ចាប់​ដៃ​ជាមួយ​តារា​ស្រី​មក​ពី​លោក​ខាង​លិច។ ដូច្នេះ​ហើយ បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ជា​ច្រើន បាន និង​កំពុង​ជជែក​ពី​បញ្ហា​នេះ ស្រប​ពេល​ភ្លាម​ៗ ពួក​គេ​មិន​បាន​ដឹង​នៅ​ឡើយ​ថា ជា​ភាពយន្ត​មាន​ចំណង​ជើង​អ្វី។

យ៉ាង​ណា តួ​សម្ដែង​ម្នាក់​ក្នុង​រឿង​នេះ បាន​លួច​បង្ហើប​ឲ្យ​ដឹង​ថា​រឿង​នោះ​មាន​ចំណង​ជើង​ថា "The Clock- Spirit Awakening” ឬ "នាឡិកា​ដាស​វិញ្ញាណ" ដែល​ជា​ប្រភេទ​រឿង​ខ្នាត​ធំ និង​ផលិត​ដោយ​ផលិតកម្ម អិលឌី របស់​លោក លៀក លីដា តែ​ម្ដង។ ប្រភព​បាន​ថ្លែង​ឲ្យ​ដឹង​បន្ថែម​ថា តាម​តែ​ព័ត៌មាន​ដែល​ខ្លួន​បាន​ដឹង​គឺ​ថា​រឿង “The Clock” នេះ គឺ​ជា​រឿង​ស្តង់ដារ​អន្តរជាតិ និង​ជា​រឿង​ធំ​ប្រចាំ​ឆ្នាំ​របស់ LD ទៀត​ផង។ ដូច្នេះ​ហើយ​ ល្បី​ថា ខ្សែ​ភាពយន្ត​នេះ បាន ចំណាយ​ទុន​ច្រើន​សម្បើម​ណាស់។

តាម​ប្រភព នៅ​ក្នុង​រឿង​នេះ​ផង​ដែរ កំលោះ​សង្ហារ មុខ​ចតុកោណ​កែង នូ ឧសភា បាន​សម្ដែង​ជា​តួអង្គ វិស្វករ​នាឡិកា នៅ​សម័យ​អាណានិគម បារាំង។ រឿង​នេះ​ផង​ដែរ​ក៏​មាន​ការ​ចូល​រួម​សម្ដែង​ពី​តារា​មាន​ទេពកោសល្យ​ជា​ច្រើន​នាក់​ទៀត។ ចំណុច​គួរ​ចាប់​អារម្មណ៍ លោក នូ ឧសភា ត្រូវ​បាន​អ្នក​ដឹកនាំ​តម្រូវ​ឲ្យ​និយាយ​ភាសា​បារាំង​តែ​ម្ដង ព្រោះ​ថា​លោក​ជា​តួអង្គ​សំខាន់ ដែល​ត្រូវ​ជា​សង្សារ​របស់​តួ​ស្រី​ដែល​ជា​ជន​ជាតិ​បារាំង​ស្រាប់។

ជុំ​វិញ​បញ្ហា​នេះ សាមី​ខ្លួន​សិល្បករ មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បាន​ទេ។ ដោយ​ឡែក​លោក លៀក លីដា ដែល​ជា​ចាងហ្វាង​ផលិតកម្ម និង​អ្នក​នាំ​រឿង​នេះ​ផ្ទាល់ ក៏​មិន​ទាន់​អាច​ទំនាក់ទំនង​បាន​នៅ​រសៀល​នេះ ដោយ​ទូរសព្ទ​របស់​លោក​មិន​អាច​ទាក់​ទង​បាន។

តាម​ដំណឹង​ពី​ប្រភព​ខាង​លើ​ដដែល​រឿង "The Clock- Spirit Awakening” ឬ "នាឡិកា​ដាស​វិញ្ញាណ" បាន​ថត​ចប់​រួច​រាល់​ហើយ ហើយ​បាន និង​កំពុង​កាត់​ត​កែ​សម្រួល​បច្ចេកទេស។ ប្រភព​បន្ថែម​ថា បើ​មិន​មាន​អ្វី​រាំង​ស្ទះ​ទេ ភាពយន្ត​ដែល​មាន​ទិដ្ឋភាព​ប្លែក​អារម្មណ៍ ប្លែក​ភ្នែក​នេះ នឹង​អាច​ចេញ​បញ្ចាំង​បាន​ក្នុង​រយៈ​ពេល​មិន​យូរ​ខាង​មុខ៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម