គ្រឿងផ្សំថែស្បែកចម្រាញ់ពីធម្មជាតិ៥ប្រភេទ ត្រូវបានប្រើប្រាស់រាប់លានឆ្នាំមកហើយ

  • 2019-07-30 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្លែ​ឈើ​ទាំង​នេះ សុទ្ធ​តែ​​​ជា​គ្រឿង​ផ្សំ​សំខាន់​នៅ​ក្នុង​ផលិត​ផល​ថែរក្សា​សម្រស់​ ដែល​​គេ​​យក​មក​ប្រើ​តាំង​ពី​បុរាណ​កាល​មក​ ជួយ​ឲ្យ​សម្ផស្ស​កាន់​តែ​ផូរ​ផង់​។ ​​​

១. ផ្លែ​អូ​លីវ

​ស្ទើរ​តែ​គ្មាន​រុក្ខជាតិ​ណា​ផ្ទុក​វីតាមីន E ​​ជួយ​ចិញ្ចឹម​ស្បែក​ឲ្យ​ទន់​ដូច​ផ្លែ​អូ​លីវ​ឡើយ។ ផ្លែ​នេះ​ត្រូវ​គេ​ប្រដូច​នឹង​ឱសថ​ដែល​ព្រះ​ប្រទាន ជា​រុក្ខជាតិ​ធម្មជាតិ​ប៉ូវ​សម្ផស្ស​សម្រាប់​នារី​។ ​ក្នុង​ផលិត​ផល​ថែរក្សា​សម្រស់ ​គេ​​តែង​ឃើញ​គ្រឿង​ផ្សំ​ពី​ផ្លែ​អូ​លីវ​មិន​ដាច់​ភ្នែក ​មិន​ថា ​ Makeup Remover ​ ​ក្រែម​លាប​មាត់ ​សាប៊ូ​ងូត​ទឹក​ ​ផលិត​ផល​បំបាត់​ស្នាម​ជាំ ថែរក្សា​ស្បែក ​​សក់ និង​ច្រើន​មុខ​ទៀត។ ក្រៅ​ពី​ជួយ​សម្រស់ ​​គេ​ក៏​អាច​យក​ផ្លែ​អូ​លីវ​ធ្វើ​ជា​ថ្នាំ​ព្យាបាល​របួស​បាន​ផង​ដែរ។

២. ទឹក​ឃ្មុំ

ភាព​​ល្បី​ល្បាញ​របស់​ទឹក​ឃ្មុំ គឺ​​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​បាក់​តេរី និង​ប្រឆាំង​ការ​រលាក​ចំពោះ​ការ​ឆ្លង​មេរោគ​លើ​ស្បែក។ ដោយសារ​​បែប​នេះ​ហើយ ​ក្នុង​ផលិត​ផល​​គេ​តែង​យក​ទឹក​ឃ្មុំ​​ធ្វើ​ជា​គ្រឿង​ផ្សំ​សម្រាប់​​សម្លាប់​បាក់​តេ​រី​ក្នុង​រន្ធ​ញើស​ដែល​បង្ក​ឲ្យ​កើត​មុន។ ​មិន​តែ​ប៉ុណ្ណោះ ​​នៅ​ពេល​ជ្រាប​ចូល​ស្បែក​ក៏​ជួយ​ជំរុញ​ការ​ផលិត​កោសិកា​​ខូ​ឡា​ជែន​ឲ្យ​ស្បែក​រឹង​មាំ​ផង​ដែរ ។ ​នៅ​ក្នុង​រូប​មន្ត​ថែរក្សា​ស្បែក ​គេ​ចាត់​ទុក​ទឹក​ឃ្មុំ​ជា​គ្រឿង​ផ្សំ​​ផ្ដល់​សំណើម​​ល្អ​បំផុត​ពី​ធម្មជាតិ។

៣. អំបិល​សមុទ្រ​

តាំង​ពី​បុរាណ​កាល​មក ​ប្រជា​ជន​ក្រិច​ប្រើ​ប្រាស់​​​អំ​បិល​សមុទ្រ​ដើម្បី​ម៉ាស្សា​ឲ្យ​រាង​កាយ​បាន​ធូ​រ​ស្រាល។ ក្រោយ​មក​គេ​បាន​ស្រាវ​ជ្រាវ​ថា ​អំបិល​​សមុទ្រ​មាន​គុណ​ប្រយោជន៍​ខ្លាំង​សម្រាប់​ស្បែក ​រហូត​ធ្វើ​ឲ្យ​នារី​ជា​ច្រើន​ជុំវិញ​ពិភពលោក​ជឿ​ទុក​ចិត្ត។ ​ដោយសារ​វា​ផ្ទុក​ដោយ​រ៉ែ​ធម្មជាតិ​ជា​ច្រើន ជួយ​បំបាត់​ស្បែក​ចាស់​ងាប់ៗ​ចោល ដោយ​មិន​ធ្វើ​ឲ្យ​ស្បែក​ស្ងួត ​ហើយ​ភ្លឺ​ថ្លា។ ​ជា​ទូ​ទៅ ​គេ​យក​​អំ​បិល​សមុទ្រ​ធ្វើ​ជា​គ្រឿង​​ផ្សំ​លាយ​ជាមួយ​សមាសធាតុ​ផ្សេង​ៗ​ដូច​ជា ​ប្រេង​អូ​លីវ ​ទឹក​ឃ្មុំ ​ប្រេង​ដូង ​និង​ទឹក​ដោះ​គោ​ស្រស់​ជា​ដើម។

៤. ទឹក​ដោះ​គោ​​ជូ

​​​​​បើ​និយាយ​ពី​ម្ហូប​ប្រពៃ​ណី​ ​ទឹក​ដោះ​គោ​ជូ​ពេញ​និយម​តាំង​ពី​យូរ​សម្រាប់​ប្រជា​ជន​ក្រិច និង​ប្រជា​ជន​រស់​នៅ​តាម​​តំបន់​មេ​ឌី​ទែ​រ៉ា​នេ អាស៊ី​កណ្ដាល​និង​អា​ស៊ី​ខាង​កើត។ ទឹក​ដោះ​គោ​នៅ​ទី​នេះ ​ចង់​សំដៅ​លើ​ទឹក​ដោះ​គោ​ក្រិច​ដែល​ខុស​ពី​ទឹក​ដោះ​គោ​ធម្មតា ព្រោះ​វា​ផ្ទុក​ប្រូតេ​អ៊ីន​ និង​ជួយ​ឲ្យ​ស្បែក​រលោង​ជាង។ វា​ជា​ជំនួយ​ការ​ពិសេស​​ផ្នែក​សម្រស់ ​មាន​ជីវជាតិ​ខ្ពស់ ​ មាន​ជាតិ​ស្ករ​តិច ហើយ​កូឡេស្តេរ៉ូល​និង​កាបូន​ហាយ​ដ្រាត​ក៏​តិច​ផង​ដែរ។ ម្យ៉ាង​ទៀត រួម​បញ្ចូល​ទាំង​សង្ក័​សី អា​ស៊ីត​ឡាក់​ទិច ​វី​តា​មីន​ B ​កាល់​ស្យូម​​ទៀត​ផង​។ ​ ទឹក​ដោះ​គោ​ជូ​ក្រិច​ ត្រូវ​គេ​ប្រដូច​នឹង​​​​គ្រឿង​ផ្សំ​អស្ចារ្យ​ដែល​ជួយ​ផ្ដល់​សំណើម​​បែប​ធម្មជាតិ​សម្រាប់​ស្បែក។ ​មិត្ត​នារី​​ៗ ​អាច​យក​វា​មក​លាប​លើ​មុខ​​សុទ្ធ​ក៏​បាន នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​ទន់​ស​ពី​ខាង​ក្នុង ​ ដោយ​សារ​ប្រសិទ្ធភាព​របស់​វា​អាច​កម្ចាត់​ស្បែក​ដែល​ងាប់​បាន ព្រម​ទាំង​ជួយ​បង្រួញ​រន្ធ​ញើម​ផង​ដែរ។

៥. ផ្លែ​ទ​ទឹម​ក្រហម

​អ្នក​ប្រាកដ​ជា​ធ្លាប់​ឃើញ​មិន​ខាន​នៅ​លើ​ផលិត​ផល​​ទប់​ស្កាត់​ជរាភាព​ជា​ច្រើន ​តែង​មាន​គ្រឿង​ផ្សំ​ពី​ផ្លែ​ទទឹម​ក្រហម។ ​ក្រៅ​ពី​រស​ជាតិ​ឆ្ងាញ់​និង​ជា​​និមិត្ត​សញ្ញា​នៃ​ភាព​រុង​រឿង​របស់​ប្រជា​ជន​ក្រិច ​ផ្លែ​ឈើ​នេះ​សំបូរ​វី​តា​មីន​ សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម បង្កើន​ការ​ផលិត​ខូ​ឡា​ជែន រក្សា​ស្បែក​ឲ្យ​តឹង​ណែន​ពី​កម្ម​រស្មី​ព្រះ​អាទិត្យ និង​​មជ្ឈដ្ឋាន​ខាង​ក្រៅ​យ៉ាង​មាន​ប្រសិទ្ធ​ភាព។ សំខាន់​មួយ​ទៀត ​បើ​អ្នក​ទម្លាប់​​ផឹក​ទឹក​ផ្លែ​ទទឹម​១​ពែង​រាល់​ថ្ងៃ នឹង​ជួយ​បំ​បាត់​ស្នាម​ជ្រីវ​ជ្រួញ​ ​និង​យារ​ធ្លាក់​បាន​។ ​វា​ក៏​​ស្ដារ​កោសិកា​​ឲ្យ​លូត​លាស់​ឡើង​វិញ ព្រម​ទាំង​ព្យាបាល​របួស​នៅ​លើ​ស្បែក​ផង​ដែរ៕

ចុចអាន៖ ​​ ទម្លាប់អាក្រក់ ៨ យ៉ាង ធ្វើឲ្យស្បែកឆាប់ចាស់ជ្រីវជ្រួញមុនវ័យ

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម