វិធី​មើល​ទឹក​អប់​ទាំង​៥​ប្រភេទ​ ដឹងច្បាស់មិនចេះខកចិត្ត

  • 2019-07-25 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទឹក​អប់​មាន​ច្រើន​ប្រភេទ​ ច្រើន​តម្លៃ​ ហើយ​គុណ​ភាព​និង​ក្លិន​ជាប់​បាន​យូរ​ឬ​ឆាប់​ក៏​ខុស​គ្នា​តាម​នោះ​ដែរ។​ ក្រៅ​ពី​ក្លិន​ដែល​លោក​អ្នក​ចូល​ចិត្ត​ ការ​ស្គាល់​ប្រភេទ​ទឹក​អប់​និង​គុណភាព​របស់​វា​ក៏​ជា​រឿង​សំខាន់​មុន​សម្រេច​ចិត្ត​ទិញ​ទឹក​អប់​មក​ប្រើ៖​

១. Perfume​ : ជា​ប្រភេទ​ទឹក​អប់​ដែល​ផ្សំ​ពី​មេ​ទឹក​អប់​ច្រើន​ជាង​គេ​ពី​ ២០%-៣០%។​ ផ្ដល់​ក្លិន​ឈ្ងុយ​ខ្លាំង​ ជាប់​ក្លិន​បាន​យូរ​ជាង​បណ្ដា​ទឹក​អប់​ប្រភេទ​ផ្សេង​ទៀត។​ អ្នក​ដែល​មាន​សភាព​ស្បែក​ស្ងួត​ ងាយ​អាឡែហ្ស៊ី​មិន​គួរ​ប្រើ​ទឹក​អប់​ប្រភេទ​នេះ​ទេ។​

២. Eau​ de​ Parfum​ : ហៅ​កាត់​ថា​ EDP​ ផ្សំ​ពី​មេ​ទឹក​អប់​ ១៥%-២០%​ មាន​ក្លិន​ជាប់​បាន​យូរ​ពី​ ៤ ទៅ ៥​ម៉ោង។​

៣. Eau​ de​ Toilette​ : ឈ្មោះ​កាត់​ EDT​ នារី​ៗ​ច្រើន​ប្រើ​ទឹក​អប់​ប្រភេទ​នេះ។​ ផ្សំ​ពី​មេ​ទឹក​អប់​ប្រមាណ​ ៥%-១៥%​ ហើយ​មាន​ជាតិ​អាល់​កុល​ច្រើន​ ល្អ​សម្រាប់​បាញ់​ពេល​ថ្ងៃ​ និង​មាន​ក្លិន​ជាប់​បាន​ពី​ ២ ទៅ​ ៥ ម៉ោង។​ ទឹក​អប់​ប្រភេទ​នេះ​ក្លិន​មិន​សូវ​ជាប់​បាន​យូរ​មែន​តែ​ក្លិន​វា​ប្រហើរ​ស្រាលល្អ។​ មាន​ផលិតផល​ប្រភេទ​ Toilette​ ខ្លះ​សម្រាប់​បាញ់​ក្រោយ​ងូត​ទឹក​រួច​តែ​ម្ដង​ បាញ់​ហើយ​នឹង​ទទួល​អារម្មណ៍​ស្រស់​ស្រាយ​ ដូច​នេះ​ហើយ​មុន​ពេល​ទិញ​គួរ​សួរ​អ្នក​លក់​បន្ថែម​រឹត​តែ​ល្អ។​

៤. Eau​ de​ Cologne​ : អាច​ហៅ​ម៉្យាង​ទៀត​បាន​ថា​ EDC​ ផ្សំ​ពី​មេ​ទឹកអប់​ប្រហែល​ ២%-៤%។​ សារ​ធាតុ​ផ្សំ​សំខាន់​របស់​ទឹកអប់​ប្រភេទ​នេះ​គឺ​ អាល់កុល​ ធ្វើ​ឲ្យ​ក្លិន​ក្រអូប​ឆាប់​រំហើយ​អស់។​ ទឹកអប់​ប្រភេទ​នេះ​ច្រើន​ច្រក​ក្នុង​ដប​ធំ​ៗ​ ព្រោះ​ពេល​ប្រើ​ម្ដង​ៗ​ត្រូវ​បាញ់​ច្រើន​ទើប​មាន​ក្លិន​ឈ្ងុញ។​

៥. Eau​ fraiche​ : ស្រដៀង​នឹង​ Eau​ de​ Cologne​ ដែរ​ តែ​ក្លិន​ជាប់​បាន​យ៉ាង​យូរ​ត្រឹម​តែ​ ២ម៉ោង​ទេ។​ ទឹក​អប់​នេះ​ច្រើន​តែ​ទឹក​ទេ​ ឯ​មេ​ទឹក​អប់​មាន​ផ្សំ​ត្រឹម​តែ​ ១%-៣%​ប៉ុណ្ណោះ។​

ដូចនេះការពិនិត្យមើលប្រភេទរបស់វាជាមុន នឹងជួយឲ្យអ្នករកបានទឹកអប់ដែលត្រូវចិត្តទាំងក្លិននិងគុណភាពល្អជាប់បានយូរផងដែរ៕

ចុចអាន៖ ​ បណ្ដុំ​ពណ៌​ក្រចក​​​ លាប​ច្រើន​ដង​ប៉ុន​ណា​ក៏​មើល​ទៅ​​​នៅ​តែ​ស្អាតដែរ

ប្រភព៖ sistacafe ប្រែ​សម្រួល៖ Sokchea Heng

អត្ថបទពេញនិយម