នេះហើយគំនិតល្អជួយស្រ្តីខ្មែរឲ្យមានសមត្ថភាពខ្លាំង លុយចាយខ្លួនឯងពេញៗដៃ
- 2019-07-13 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះហើយគំនិតល្អជួយស្រ្តីខ្មែរឲ្យមានសមត្ថភាពខ្លាំង លុយចាយខ្លួនឯងពេញៗដៃ
សម័យបច្ចេកវិទ្យាកាន់តែទំនើប ស្ត្រីខ្មែរបានតស៊ូពុះពារ កសាងសមត្ថភាព រហូតក្លាយជាធនធានដ៏សំខាន់ចូលរួមជាមួយបុរស ជំរុញសេដ្ឋកិច្ចគ្រួសារ ជាតិ និងការអភិវឌ្ឍន៍នានានៅជុំវិញពិភពលោក។
កន្លងទៅមានទស្សនៈមួយចំនួន ហាក់មានភាពចាស់គំរឹល ដែលបានដាក់បន្ទុក និងបន្ទច់បង្អាក់ បិទឱកាសស្ត្រី ដូចជា៖ ស្ត្រីបង្វិលចង្ក្រានមិនជុំ ឬស្ត្រីមិនចាំបាច់ចេះដឹង ឬពូកែរកលុយពេកទេ យ៉ាងណាក៏គង់តែក្លាយជាប្រពន្ធគេ និងម្ដាយគេដដែលៗ។
ទោះជាយ៉ាងនេះក្ដី ស្ត្រីសម័យថ្មី បានងាកមកចាប់អារម្មណ៍រឿងលុយកាក់ ឬហៅថាសេរីភាពហិរញ្ញវត្ថុ ដើម្បីអាចសម្រេចបំណងប្រាថ្នាសម្រាប់ជីវិត និងចូលរួមសកម្មភាពសង្គមឲ្យកាន់តែល្អប្រសើរ។
បច្ចុប្បន្ន ស្ត្រីខ្មែរដែលមានសមត្ថភាព ភាគច្រើនមានចំណេះដឹងជ្រៅជ្រះ និងមានលំនឹងសេដ្ឋកិច្ចផ្ទាល់ខ្លួនឬហៅថាសេរីភាពលុយកាក់។ ក្រៅពីជួយខ្លួនឯង ស្ត្រីទាំងនោះបានក្លាយជាបង្គោលដ៏រឹងមាំសម្រាប់គ្រួសារ និងជាអ្នកម្ដាយដ៏ឆ្លាតវៃ ដោយមិនចាំបាច់ចាំតែលាដៃសុំលុយប្ដីចាយវាយ ឬរស់នៅស្ថិតក្រោមសំពាធលុយកាក់ទៀតទេ។
ជាស្ត្រីសម័យថ្មីមួយរូបដែលមានទាំងសមត្ថភាព ការតាំងចិត្តខ្ពស់ និងរូបសម្រស់ដ៏ស្រស់ស្អាត លោកស្រី ឡុង ទេពធីតា នាយកប្រតិបត្តិនៃក្រុមហ៊ុន Decoration Partner Co.LTD បានប្រាប់ កញ្ញាថា សេរីភាពហិរញ្ញវត្ថុជាចំណែកសំខាន់ជំរុញស្ត្រីឲ្យមានឱកាសល្អសម្រេចគោលដៅជីវិត អាចមានសម្ភារៈទាន់សម័យ Brand Brand ដែលខ្លួនស្រឡាញ់ និងថែមទាំងអាចចែករំលែកធនធានទៅកាន់សង្គមដោយមិនខ្វល់ខ្វាយច្រើន។
មុនមានជីវភាពរស់នៅល្អប្រសើរ និងទាន់សម័យ ជាបទពិសោធន៍លោកស្រី ឡុង ទេពធីតា ដែលមានជំនួញក្នុងដៃមួយរូបផង សូមលើកទឹកចិត្តស្ត្រីត្រូវហ៊ានបង្កើតក្ដីស្រមៃឲ្យធំ ដុះខាត់សមត្ថភាព ជំនាញឲ្យខ្លាំង និងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីសម្រេចផែនការជីវិតទាំងនោះ។
លោកស្រីបន្តថា ចំពោះស្ត្រីដែលមាន ដែលស្វាមី និងកូនៗ គឺរឹតតែសំខាន់ មិនគួរបិទឱកាសខ្លួនឯងដោយគិតថាស្រីៗ គួរនៅតែផ្ទះមើលកូន ប៉ុន្តែនិងត្រូវពង្រឹងខ្លួនឯង តាមរយៈការចូលរួមសកម្មភាពសង្គមឲ្យច្រើន ដូចជា ចូលកម្មវិធីស្ដីពីសហគ្រិនស្ត្រី និងវគ្គខ្លីៗនានាស្ដីពីចំណេះដឹងហិរញ្ញវត្ថុជាដើម។
របាយការណ៍ស្ដីពីយុទ្ធសាស្ត្រដំណាក់កាលទី០៣ និងផែនការយុទ្ធសាស្ត្រទី០៤ របស់ក្រសួងកិច្ចការនារី បានលើកកម្ពស់ការយល់ដឹងសង្គមក្នុងការផ្ដល់ភាពក្លាហានផ្នែកសេដ្ឋកិច្ច ដល់ស្ត្រី។ វាពិតជាមានតួនាទីសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការជួយបង្កើនសេដ្ឋកិច្ចជាតិ ហើយស្ត្រីក៏ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចសង្គមជាតិ។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៅក្រុមហ៊ុនពិគ្រោះយោបល់ ហៅកាត់ (EMC) បានមានប្រសាសន៍ថា សេរីភាពហិរញ្ញវត្ថុពិតជាមានប្រយោជន៍សំខាន់សម្រាប់ស្ត្រី ព្រោះស្ត្រីជាទូទៅមានភាពស្និទ្ធស្នាលជាមួយកូនជាងបុរសជាប្ដី។
បើសិនជាស្ត្រីមានលំនឹងរឿងសេដ្ឋកិច្ចផ្ទាល់ខ្លួន មិនចាំបាច់ធ្វើការងារពេញម៉ោង នោះស្ត្រីអាចមានពេលមើលថែទាំ និងអប់រំកូនៗបានយ៉ាងល្អ។ ម្យ៉ាងវិញទៀត វាអាចជួយស្ត្រីឲ្យពេលវេលាសម្រាប់ខ្លួនឯង និងការអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួនដើម្បីចូលរួមសកម្មភាពសង្គម។
គិតត្រឹមឆ្នាំ២០១៦ នៅប្រទេសកម្ពុជា ចំនួនស្ត្រីមានប្រមាណ ៥១% នៃចំនួនប្រជាជនសរុបទូទាំងប្រទេស នេះបើតាមរបាយការណ៍របស់វិទ្យាស្ថានសភាកម្ពុជា។
មានទស្សនៈយល់ឃើញខុសៗគ្នាទាក់ទងនឹងស្ត្រីមានសេរីភាពហិរញ្ញវត្ថុ ឬលុយកាក់នេះ។ មនុស្សមួយចំនួន ហាក់យល់ច្រឡំនឹងនិយមន័យសេរីភាពហិរញ្ញវត្ថុ ។ អ្នកខ្លះយល់ថា ទាល់តែមានលុយវាល់លានដុល្លារ ដូចសេដ្ឋី ឬអ្នកមានៗ។ អ្នកខ្លះទៀត មិនសូវចាប់អារម្មណ៍រឿងសន្សំ គឺចាយសល់ ទើបនឹកឃើញទុកខ្លះ។ ហើយខ្លះ ចេះឆ្ងល់ថា ខំប្រឹងនឹងគេដែរ មិនមានបានសោះ?
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច លោក ង៉ែត ជូ បានពន្យល់បន្តថា វាមាននិយមន័យខុសៗច្រើន ទៅតាមបុគ្គលម្នាក់ៗ។ សេរីភាពហិរញ្ញវត្ថុគឺជាលទ្ធភាពនៃការរស់ ឬប្រកបមុខរបរ ធ្វើអ្វីដែលខ្លួនស្រឡាញ់ និងនៅដោយរីករាយ ហើយមិនស្ថិតក្រោមសំពាធផ្នែកហិរញ្ញវត្ថុ។ ក្នុងន័យនេះលោក ង៉ែត ជូ បានបញ្ជាក់ថាវាសំដៅដល់ការមានប្រាក់ទ្រទ្រង់នានា ទៅតាមចំណេះដឹង និងវិន័យហិរញ្ញវត្ថុទៅតាមបុគ្គលម្នាក់ៗមាន។
មានមតិខ្លះទៀតថា រឿងលុយកាក់ជាបន្ទុករបស់ស្ត្រី ប្រុសៗមិនបាច់ខ្វល់ទេ។ ទាល់តែលំដាប់សេដ្ឋីចាយលុយលែងអស់ ទើបរាប់ថាអ្នកមានសេរីភាពហិរញ្ញវត្ថុ។ អ្នកខ្លះទៀតថា ត្រឹមអ្នកធម្មតា ទោះរកយ៉ាងណាក៏ត្រឹមតែមួយរស់ៗ មិនបាច់ប្រឹងពេកទេ បើពេលខ្វះខាតអាចរត់រកខ្ចីធនាគារបាន បង់តែការប្រាក់គេទៅ។
ឆ្លើយតបនឹងមតិខាងលើ កញ្ញា រ៉ុន សុភី ជាស្ត្រីខ្មែរម្នាក់ល្បីឈ្មោះតាមបណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិ និងមានប្រវត្តិជីវិតតស៊ូរស់នៅលើគំនរសំរាម មិនគាំទ្រទេ។
ទោះមានប្រវត្តិជីវិតលំបាកលំបិនបែបណា សុភី ដែលជាក្មេងស្រីដំបូងសម្រាប់អង្គការ CCF ដែលទទួលអាហារូបករណ៍ពេញថ្លៃសិក្សានៅសាកលវិទ្យាល័យមែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី នៅតែមានការគិតវិជ្ជមាន និងចង់ឲ្យស្ត្រីគួរមានសេដ្ឋកិច្ចផ្ទាល់ខ្លួនល្អ។
បើបកទៅអតីតកាល សុភីបានប្រាប់ថា ក្រុមគ្រួសារនាងធ្លាប់មានប្រវត្តិ និងវិបត្តិរឿងបំណុលច្រើនពេក ហើយគ្មានលទ្ធភាពសង ដែលនេះជាមេរៀនជីវិតដែលគួរចងចាំ។
តាមរយៈបទពិសោធន៍នេះ សុភីចង់ចែករំលែក និងលើកទឹកចិត្តឲ្យស្ត្រីទាំងអស់ ទោះរស់នៅក្នុងស្ថានភាពណាក៏ដោយ ត្រូវមានផែនការសន្សំ បង្កើនភាពក្លាហាន និងយល់ដឹងពីសេរីភាពហិរញ្ញវត្ថុ ដើម្បីសម្រេចគោលដៅជីវិត។
មួយវិញទៀត យើងត្រូវមានការបែងបែកឲ្យដាច់ពីគ្នារវាងរឿងតម្រូវការ និងភាពចង់បាន។ សុភីថា តម្រូវការគឺជារឿងសំខាន់ អត់មិនបានសម្រាប់ជីវិត ដូចជាការសិក្សា ដើម្បីពង្រឹងសមត្ថភាព។ ចំណែកឯ ភាពចង់បាន គ្រាន់តែជាអារម្មណ៍ចង់បានអ្វីមួយ ដូចជាសម្ភារៈក្រៅខ្លួន ឬរបស់ណាមិនសូវចាំបាច់ គួរកុំចំណាយតែម្ដង។ មួយវិញទៀត បើវាមិនមែនជារឿងចាំបាច់ខ្លាំង ហើយយើងក៏មិនមានស្ថិរភាពចំណូល យើងមិនក៏គួរឆាប់ទទួលសេវាកម្ចីពីធនាគារទេ ព្រោះវាអាចនាំបញ្ហាធំ។
ស្រដៀងនឹងការលើកឡើងនេះ ទាក់ទងនឹងការទទួលសេវាកម្ចីនានា នាយកប្រតិបត្តិសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា លោក យុន សុវណ្ណា បានលើកឡើងប្រាប់ Sabay ថា ការប្រើប្រាស់កម្ចីមានប្រសិទ្ធិភាព អ្នកខ្ចីត្រូវប្រើកម្ចីក្នុងគោលដៅច្បាស់លាស់ដូចជា ប្រើប្រាស់កម្ចីសម្រាប់បង្កើតចំណូល ឬបន្ថែមចំណូលជាដើម។ លោកឲ្យដឹងថាបើប្រជាពលរដ្ឋដែលមានគំនិតធ្វើអាជីវកម្ម តែនៅមានមន្ទិលលើគំនិតរបស់ខ្លួន ដូច្នេះអ្នកគួររកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាដែលមានផ្ដល់សេវាប្រឹក្សាយោបល់ មុននឹងខ្ចីសម្រាប់បង្កើតអាជីវកម្ម។
បើតាមរបាយការណ៍ធនាគារជាតិ ក្នុងឆ្នាំ២០១៧ ចំនួនអ្នកដាក់ប្រាក់សន្សំនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង៧ មាន ១,៨លាននាក់។
ជាការពិត រាល់កម្ចីគឺជាបន្ទុកមួយកម្រិត ដែលត្រូវបង់ការប្រាក់ត្រលប់តាមកំណត់ និងទៀងទាត់ ដូច្នេះសូមប្រុងប្រយ័ត្ន និងច្បាស់គោលដៅជាមុនសិន ទើបអាចបង្កើនសេដ្ឋកិច្ច គេចចេញពីបំណុលវន្ត ក។ មនុស្សមិនសូវចេះសន្សំ តែចូលចិត្តខ្ចីគេ។
យើងអាចសង្កេតឃើញអ្នកមានផ្នត់គំនិតបែបនេះច្រើនជួបបញ្ហាលុយកាក់ ដែលវាពិតជារឿងដ៏ស្មុគស្មាញបំផុត ប្រសិនបើអ្នកមិនបានរៀបចំវា។ យើងអាចមើលឃើញតាម Status Facebook មិនថាអ្នកស្គាល់គ្នាជិតដិត ឬស្គាល់គ្នាលំៗ តែងប្រឈមនឹងរឿងលុយកាក់ តាមរយៈការខ្ចី ទាំងមានការ និងគ្មានការប្រាក់ ឬបង្ខំចិត្តជួយដោយសារតែទើសទាល់ចិត្ត។ បន្ទាប់មកគេឃើញមានម្ចាស់បំណុលមួយចំនួន និយមបង្ហោះសាររំលឹក ឬទារលុយអ្នកជំពាក់ ឬសារព្រមានទៅកាន់អ្នកស៊ីដាច់លុយទាំងដើមទាំងការជាដើម។
នាពេលបច្ចុប្បន្នមនុស្សខ្លះនិយមការរាប់អានគ្នា បង្កប់នូវគោលបំណងដើម្បីផលប្រយោជន៍ ពោលគឺលួចមានកូនចិត្តចង់ពឹង ឬទុកគ្រាន់ខ្ចីលុយ។ ចំណុចនេះ ជាហេតុផលដែលមានបញ្ហាដដែលៗ ស៊ាំញ៉ាំ និងជាប់ប្រទាក់ដូចសំឡេងកំពឹស ប៉ះពាល់ដល់កិត្តិយសទាំងសងខាង រហូតរកអ្នកទទួលខុសត្រូវមិនឃើញមានជាហូរហែ។
កាន់តែធ្ងន់ធ្ងរធ្លាប់មានករណីខ្លះ ដោយសារតែរឿងខ្ចីលុយមិត្តភ័ក្ដិ មានដល់ថ្នាក់កាប់សម្លាប់គ្នាក៏មាន។ ទីបំផុតមិត្តភាពក៏បង់ ថង់ក៏ដាច់ អ្នកស្លាប់ត្រូវគេទុករៀបចំធ្វើបុណ្យឲ្យ រីឯអ្នកល្មើសនៅរស់ តែត្រូវប្រឈមគុកច្រវាក់។ ដោយសារតែបញ្ហាទាំងនេះ ទើបអ្នកជំនាញសេដ្ឋកិច្ច ជំរុញឲ្យយកចិត្តទុកដាក់រឿងមានសេរីភាពហិរញ្ញវត្ថុ។
សម្រាប់មនុស្សសម័យថ្មីមានបញ្ហាមួយចំនួនតែងរាំងស្ទះដល់ការមិនអាចមានសេរីភាពហិរញ្ញវត្ថុ គឺអាចមកពីរឿងខុសៗគ្នា។ ហេតុផលមួយក្នុងចំណោមបញ្ហាទាំងនោះ អាចមកពីសម្ភារៈនិយម ខណៈខ្លួនមិនទាន់មានលទ្ធភាពគ្រប់គ្រាន់។ តើត្រូវដោះស្រាយបញ្ហានេះដោយរបៀបណា?
ចំណុចនេះត្រូវបានទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចខាងលើ គឺលោក ង៉ែត ជូ បានផ្ដល់គន្លឹះសំខាន់ ៤ចំណុច ដើម្បីឲ្យយើងមានដូចជា៖
១. មានចំណេះដឹងទូលំទូលាយ៖ មានចំណេះដឹង និងស្វែងយល់ពីលុយ កុំធ្វើអ្វីដើម្បីតែលុយមួយមុខ
២. ស្វែងយល់ពីសច្ចៈភាពនៃជីវិត និងយល់ពីបុព្វហេតុនៃជីវិតមានបេសកកម្មច្បាស់លាស់ មិនមែនគិតលុយជាធំ គឺធ្វើអ្វីៗក៏ត្រូវគិតពីប្រយោជន៍រយៈពេលវែងឆ្ងាយ
៣. ចេះជ្រើសរើសបរិយាកាសរស់នៅ៖ សំដៅដល់សង្គមដែលនៅជុំវិញខ្លួន ប្រសិនបើអ្នកជ្រើសរើសមិត្តភ័ក្ដិដែលជាមនុស្សសម្ភារៈនិយម នោះយើងចាំបាច់នឹងប្រឹងអួតសំញែងគេឯង។ ផ្ទុយមកវិញ បើអ្នកចេះជ្រើសរើសអ្នកដើរជាមួយដែលយល់ពីសច្ចៈភាពនៃជីវិត និងមានបេសកកម្មច្បាស់លាស់នោះអ្នកនឹងមានអារម្មណ៍ល្អ និងសន្តិភាពផ្លូវចិត្ត
៤. មានផែនការសន្សំ និងវិនិយោគ៖ ការសន្សំលុយគឺជារឿងល្អមួយ ដូចជាដាក់ក្នុងធនាគារ ឬមីក្រូហិរញ្ញវត្ថុជាដើម។ ចំណែកឯការវិនិយោគ គឺកាន់តែល្អ និងជួយយើងអាចបង្កើនចំណូលលឿន និងសេរីភាពលុយកាក់ ប៉ុន្តែចំណុចនេះ គឺទាមទារចំណេះដឹងហិរញ្ញវត្ថុ និងវិនិយោគខ្ពស់ មិនមែនចេះតែវិនិយោគផ្អើលតាមគេតាមឯង មួយឆាវៗ នោះទេ៕