វិធីហាមឃាត់ខ្លួនឯង កុំឲ្យចេះតែដើរ Crush លើគេផ្តេសផ្តាស

  • 2019-07-11 10:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​​ដែល​ធ្លាប់​តែ​នៅ​លីវ ហើយ​បែរ​ជា​ចង់​មាន​ស្នេហា​មួយ​រំពេច អាច​នឹង​លង់​ស្រលាញ់​នរណា​ម្នាក់ ដោយ​មិន​បាន​គិត​គូ​ល្អិតល្អន់ និង​អាច​ឈាន​ដល់​ការ​ខក​បំណង​ខ្លាំង ព្រោះ​អ្វីៗ​មិន​ដូច​​ជា​ការ​រំពឹង​ទុក​ទាល់​តែ​សោះ​។ ពេល​ខ្លះ គ្រាន់​តែ​ឃើញ​គេ​ភ្លាម ក៏​ចាប់​ផ្តើម​​មាន​អារម្មណ៍លើ​គេ​ភ្លែត ហើយ​ដេក​គិត​នឹក​ស្រមៃ​ទាំង​​ថ្ងៃ​​ម្នាក់​ឯង ទាំង​ដែល​គេ​មាន​គូ​រួច​ទៅ​ហើយ ឬ​មិន​​ល្អ​គ្រប់​ដប់​ដូច​សំបក​ក្រៅ​ឡើយ។ ដើម្បី​ការពារ​ខ្លួន​មិន​ឲ្យ​លង់​ស្នេហ៍ ដើរ​ Crush លើ​នរណា​ម្នាក់​​​ផ្តេស​ផ្តាស ដោយ​មិន​បាន​សង្កេត​ពី​ចំណុច​អាក្រក់​របស់​គេ កុំ​ភ្លេច​ដាស់​តឿន​ខ្លួន​ឯង តាម​វិធី​ខាង​ក្រោម​នេះ។

១. ឆែក​មើល​ថា​គាត់​មាន​ចំណុច​ដែល​អ្នក​ចង់​បាន​ឬ​ទេ

វា​ជា​រឿង​ចាំ​បាច់​​ក្នុង​ការ​កត់​ត្រា​នូវ​ចំណុច​​ល្អ​ដែល​អ្នក​ចង់​បាន​ពី​​បុរស​ក្នុង​ក្តី​ស្រមៃ ជា​ជាង​ការ​កត់​ទុក​​តែ​ចំណុច​អាក្រក់​​ដែល​អ្នក​មិន​ចង់​បាន​។ ហេតុ​នេះ​ហើយ កុំ​ប្រញាប់​ប្រញាល់​​វាយ​តម្លៃ​តែ​សំបក​​ក្រៅ​លឿន​ពេក។ គួរ​ចេះ​សង្កេត​មើល​ថា​តើ​គាត់​មាន​បុគ្គលិក​លក្ខណៈ ត្រូវ​នឹង​​អ្វី​ដែល​អ្នក​​កត់​ត្រា​ទុក​​ដែរ​ឬ​អត់? ទោះ​មិន​បាន​គ្រប់​ទាំង​អស់​ យ៉ាង​ហោច​ណាស់​ក៏​មាន​មួយ​ចំនួន​​​ ទើប​ជា​តម្លៃ​ពិត​ប្រាកដ។

២. រក​វិធី​ដក​ខ្លួន

តើ​​អ្វី​ទៅ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ឈប់​​គិត​ពី​គេ​មិន​លស់​ពេល? បើ​រក​នឹក​មិន​ឃើញ​ទេ សាក​អង្គុយ​សញ្ជឹង​គិត​មួយ​ភ្លែត​ ហើយ​សម្លឹង​មើល​ឲ្យ​បាន​ឆ្ងាយ។ ពេល​ខ្លះ​របស់​ល្អ​ទាក់ទាញ មិន​ប្រាកដ​ថា​អាច​​នៅ​ស្ថិត​ស្ថេរ​​រឹង​មាំ​​បាន​យូរ មាន​គុណ​ភាព​​ខ្ពស់​​ដូច​ដែល​គិត​នោះ​​ទេ។ កុំ​​រវល់​តែ​ធ្វើ​តាម​​បេះដូង​ពេក ប្រយ័ត្ន​​ដក​ខ្លួន​​មក​វិញ​មិន​កើត។

៣. រស់​នៅ​ជាមួយ​ការពិត មិន​មែន​ពិភព​ក្លែងក្លាយ

ប្រហែល​ជា​គាត់​ស្អាត​សង្ហា ឆ្លាត​ និង​ទាន់​សម័យ ដូច​ជា​វីរបុរស​ក្នុង​រឿង​កុន​ ស្រី​ណា​ក៏​ប៉ង​ចង់​បាន។ ប៉ុន្តែ​ឈប់​សិន កុំ​ទាន់​អាល​ស្រមើ​ស្រមៃ​ថា​ម្នាក់​នោះ​ល្អ​ឥត​ខ្ចោះ​គ្មាន​ទាស់ ព្រោះ​មនុស្ស​ទាំង​អស់​លើ​លោក​នេះ សុទ្ធ​តែ​មាន​ចំណុច​ខ្សោយ​និង​គុណវិបត្តិ​រៀង​ៗ​ខ្លួន។

៤. រៀន​ប្រកែក​នឹង​ខួរ​ក្បាល​របស់​អ្នក

ខួរក្បាល​​និង​អ័រម៉ូន​នៅ​ក្នុង​ខ្លួន​អ្នក ​បើ​ចេះ​​តែ​បណ្ដោយ​​គឺ​មិន​បាន​ទេ​ វា​ពិត​ជា​គ្រោះ​ថ្នាក់​ណាស់​។ ពេល​ខ្លះ​វា​អាច​​បញ្ជា​ឲ្យ​អ្នក​គិត​និង​ធ្វើ​រឿង​ខុស​ទំនង​មិន​សម​ហេតុផល ជា​ពិសេស​នៅ​​ពេល​លង់​ស្នេហ៍​នឹង​បុរស​ណា​ម្នាក់​។ ​គួរ​ប្រកែក​ជាមួយ​ខួរ​ក្បាល​ខ្លួន​ឯង​ផង ទើប​គ្មាន​រនាំង​នៅ​បាំង​មុខ។

៥. ជៀស​វាង​ចង់​រក​ស្នេហា​ឲ្យ​បាន​លឿន​ទាន់​ហន់

ស្នេហា​ពិត​នឹង​រត់​មក​​រក​អ្នក​ដោយ​ឯក​ឯង​ ក្នុង​ពេលវេលា​សម​គួរ​ណាមួយ។ អ្នក​មិន​ចាំ​បាច់​បង្ខំ​ ឬ​គិត​ថា​ខ្លួន​ឯង​ដល់​អាយុ​ត្រូវ​តែ​មាន​នោះ​ទេ​។ ផ្តោត​សំខាន់​លើ​គោល​ដៅ​ក្នុង​ជីវិត​ឲ្យ​បាន​ច្បាស់​លាស់​សិន ​គង់​តែ​ជួប​បុរស​ពិត​មិន​ខាន។ បើ​អ្នក​សម្រេច​ចិត្ត​តាម​អារម្មណ៍​មួយ​ឆាវ ដល់​ពេល​អនាគត​អាច​នឹង​​​មាន​កំហុស​ដោយ​មិន​ដឹង​ខ្លួន និង​ស្តាយ​ក្រោយ​ជា​​រៀង​រហូត។

Crush លេងៗ​​សិន​បាន​ហើយ​ ងប់ងុល​ពេក​ ប្រយ័ត្ន​ខូច​ចិត្ត​គ្មាន​អ្នក​ដឹង​៕

ចុចអានបន្ត៖ កុំ​ស្រលាញ់​មនុស្ស​ប្រុស​ដែល​មិន​ព្យាយាម​ធ្វើ​អ្វី​សោះ ដើម្បី​បាន​​បេះដូង​អ្នក

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម