គន្លឹះសន្សំប្រាក់ចាយដល់ចុងខែសម្រាប់សិស្សនិស្សិត មិនពិបាកលាដៃសុំម្តាយឪពុកញយដង
- 2019-06-24 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះសន្សំប្រាក់ចាយដល់ចុងខែសម្រាប់សិស្សនិស្សិត មិនពិបាកលាដៃសុំម្តាយឪពុកញយដង
ជីវិតជានិស្សិតមិនងាយស្រួលនោះទេ ព្រោះមិនទាន់អាចរកការងារ ដូច្នេះមិនទាន់មានលុយចាយខ្លួនឯងបាន ហើយត្រូវចំណាយលើថ្លៃសិក្សាទៀតផង។ បើអ្នកមកពីខេត្តមករស់នៅភ្នំពេញទៀត កាន់តែត្រូវសន្សំសំចៃខ្លាំងឡើង។ ខាងក្រោមនេះ ជាគន្លឹះសម្រាប់និស្សិតទាំងឡាយ អាចសល់ប្រាក់ចាយមិនខ្វះ យ៉ាងងាយស្រួលបំផុត៖
១. បង្កើតកញ្ចប់ថវិកាត្រឹមត្រូវ
នៅពេលម្ដាយឪពុកផ្ញើលុយពីស្រុកមក អ្នកគួរកត់រាល់ចំណាយទាំងអស់លើក្រដាសបិទនឹងជញ្ជាំង ឬសៀវភៅណាមួយ ដើម្បីដឹងថាក្នុងមួយខែនេះបានចាយលើអ្វីខ្លះ កុំឲ្យចេះតែទិញនេះទិញនោះតាមចិត្តនឹកឃើញ។ ធ្វើបែបនេះ អ្នកអាចគ្រប់គ្រងការចាយវាយបានល្អ មិនដាច់ខែដាច់ខ្យល់នោះទេ។
២. បបួលមិត្តភ័ក្កិរស់នៅផ្ទះជាមួយគ្នា បើអ្នករស់នៅផ្ទះជួល យកល្អហៅមិត្តសម្លាញ់មករស់នៅជាមួយ ដើម្បីកុំឲ្យធ្ងន់ករអស់ថ្លៃឈ្នួលផ្ទះម្នាក់ឯង។ បើមានគ្នាកាន់តែច្រើន ការចំណាយលើថ្លៃផ្ទះក៏កាត់បន្ថយទៅតាមនោះដែរ។
៣. ចម្អិនអាហារខ្លួនឯង ទិញអាហារញ៉ាំនៅខាងក្រៅ កាន់តែធ្វើឲ្យលុយក្នុងហោប៉ៅអ្នកអស់ដោយមិនដឹងខ្លួន។ លើសពីនេះ ក៏មិនល្អសម្រាប់សុខភាពផងដែរ។ ទិញបន្លែ ត្រីសាច់ពីផ្សារមកធ្វើម្ហូបខ្លួនឯង សល់ប្រាក់ច្រើននិងថែមទាំងមានកម្លាំងរៀនសូត្រទៀតផង។
៤. កុំរំលងរបស់ Free
បើនៅសាលាឬគេមានកម្មវិធីណាមួយមានប្រយោជន៍សម្រាប់សិស្សឥតគិតថ្លៃ អ្នកកុំភ្លេចចូលរួមឲ្យសោះ។ នេះជាវិធីល្អ ក្រៅពីមិនចំណាយលុយហើយ អ្នកអាចសល់ប្រាក់បានកាន់តែច្រើន និងទទួលបានចំណេះដឹងថែមទៀត។
៥. ប្រើកាតសិស្ស
មានកន្លែងជាច្រើនបញ្ចុះតម្លៃសម្រាប់អ្នកសិក្សា តាមរយៈកាតសិស្ស។ កន្លែងញ៉ាំអាហារ ឡានក្រុង ឬមើលកុនជាដើម សុទ្ធតែមានការបញ្ចុះតម្លៃយ៉ាងភ្ញាក់ផ្អើលសម្រាប់សិស្សនិស្សិត។ អ្នកគ្រាន់តែបង្ហាញកាតសិស្សពេលគិតលុយម្ដងៗ នោះអ្នកមិនចាំបាច់បង់លុយពេញតម្លៃនោះទេ។
៦. ទាញផលចំណេញពេលចូលបណ្ណាល័យ
ក្នុងបណ្ណាល័យនៅសាកលវិទ្យាល័យនីមួយៗ ក្រៅពីមានសៀវភៅល្អៗទុកអានហើយ ក៏មានកម្មវិធីដូចជា ភាពយន្ត តន្ត្រី ជាដើមសម្រាប់សិស្ស។ ដូច្នេះអ្នកអាចប្រើកម្មវិធីទាំងនោះសម្រាប់ការកម្សាន្ត បំបាត់ស្រេ្តស ដោយមិនចំណាយប្រាក់បន្ថែម។
៧. ផឹកទឹកប្រសើរជាងផឹកកាហ្វេ
ចំណុចនេះ ប្រហែលនិស្សិតជាច្រើនគិតថា ដូចជាហួសហេតុពេកហើយ ព្រោះបើស្រេកទឹក គួរកុំផឹកកាហ្វេ ឬតែសូដាអី យកល្អផឹកទឹកបរិសុទ្ធអីវិញប្រសើរជាង។ វាអាចសន្សំលុយបានកាន់តែច្រើន ព្រោះកាហ្វេ Brand មួយកែវថ្លៃជិត២ដុល្លារដែរ។ ដូច្នេះផឹកទឹកបរិសុទ្ធល្អចំពោះសុខភាពហើយ ក៏ផ្ដល់ជាតិទឹកបានច្រើនដល់រាងកាយដែរ។
ការសន្សំលុយ អាចជារឿងរញ៉េរញ៉ៃបន្តិចសម្រាប់សិស្សនិស្សិត ប៉ុន្តែក៏ជួយឲ្យពួកគេមិនរងទុក្ខចាយអស់ប្រាក់រលីងពីខ្លួនទាំងពាក់កណ្ដាលខែដែរ។ រៀនពីរបៀបចេះលៃលកបែបនេះ មើលទៅក៏ល្អម្យ៉ាងដើម្បីជាទម្លាប់ចេះសន្សំប្រាក់ពីក្មេង៕
ចុចអាន៖ ឲ្យតែចាយលុយតាមវិធីទាំងនេះ ធានាមួយជីវិតក៏ចាយលុយមិនអស់ដែរ