អ្នកបង្ហោះរូបស្រីៗស្លៀកលេចលើលេចក្រោមក្នុងថ្ងៃសង្រ្កាន្តនៅថៃ អាចជាប់គុកដល់ ៥ឆ្នាំ
- 2019-04-11 09:43:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកបង្ហោះរូបស្រីៗស្លៀកលេចលើលេចក្រោមក្នុងថ្ងៃសង្រ្កាន្តនៅថៃ អាចជាប់គុកដល់ ៥ឆ្នាំ
ប៉ូលីសថៃ បានព្រមានថា អ្នកដែលបង្ហោះ ឬ share រូបភាព ឬវីដេអូ នារីស្លៀកពាក់មិនសមរម្យ លេចលើលេចក្រោម ក្នុងឱកាសអបអរពិធីបុណ្យសង្រ្កាន្តនៅថៃ នឹងត្រូវទទួលរងការពិន័យជាប្រាក់ ឬជាប់ពន្ធនាគារ។ អ្នកដែលនៅក្នុងរូបថត ឬវីដេអូនោះ (អ្នកស្លៀកពាក់មិនសមរម្យ) ក៏ប្រឈមនឹងការពិន័យដែរ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នាថ្ងៃទី១១ ខែមេសានេះ។
ការព្រមាន ដែលធ្វើឡើងដោយអនុប្រធាននាយកដ្ឋានទប់ស្កាត់បទល្មើសបច្ចេកវិទ្យារបស់ថៃ លោក Siriwat Dipho កាលពីថ្ងៃពុធម្សិលមិញ ពោលគឺចំពេលដែលអាជ្ញាធរថៃ កំពុងរៀបចំពង្រឹងច្បាប់ ដើម្បីការពារសុវត្ថិភាព និងសណ្ដាប់ធ្នាប់ អំឡុងពិធីបុណ្យចូលឆ្នាំថៃ ដែលចាប់ផ្ដើមនាថ្ងៃចុងសប្ដាហ៍នេះ។
មាត្រា ១៤ នៃក្រមព្រហ្មទណ្ឌបច្ចេកវិទ្យាថៃ បានចែងថា អ្នកដែលបង្ហោះ និងចែករំលែករូបភាពមិនសមរម្យ នឹងប្រឈមទោសអតិបរមា ជាប់ពន្ធនាគារ ៥ឆ្នាំ និង/ឬ ពិន័យជាប្រាក់ដល់ ១០ម៉ឺនបាត (ជាង ៣១០០ដុល្លារអាមេរិក)។
លោក Siriwat បានបន្ថែមទៀតថា ប៉ូលីសប្រឆាំងបទល្មើសបច្ចេកវិទ្យា នឹងអាចកំណត់ទីតាំងអ្នកប្រព្រឹត្តិល្មើសបាន មិនថាពួកគេនៅទីណានោះទេ។ នៅពេលចាប់ខ្លួន ពួកគេមិនអាចប្រកែកថា បង្ហោះ ឬ ចែករំលែកដោយអចេតនា ឬមិនបានដឹងពីច្បាប់ ដើម្បីគេចពីការពិន័យនោះទេ។
គួររំលឹកផងដែរថា រូបភាព ឬវីដេអូ បង្ហាញពីស្រីៗស្លៀកពាក់សិចស៊ីខ្លាំង (ជាពិសេសពេលលេងបាញ់ទឹក) ត្រូវបានគេឃើញយ៉ាងច្រើននៅលើបណ្ដាញសង្គម ឲ្យតែដល់ពេលសង្រ្កាន្តថៃម្ដងៗ។ លោក Siriwat ថាទង្វើនេះ គឺប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ថៃ។
សូមបញ្ជាក់ថា សង្រ្កាន្ត ឬពិធីបុណ្យចូលឆ្នាំថៃ ក្នុងឆ្នាំ២០១៩ នេះ ធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ទី១៥ ខែមេសា ប៉ុន្តែជាទូទៅប្រជាជនថៃអបអរពិធីបុណ្យនេះ ចាប់ពីថ្ងៃ១១ ដល់ទី១៧ ខែមេសា៕