ជោគជតារាសីឆ្នាំថ្មីត្រៀមចូលដល់សម្រាប់អ្នកកើតឆ្នាំមមី-កុរ
- 2019-04-09 03:48:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជោគជតារាសីឆ្នាំថ្មីត្រៀមចូលដល់សម្រាប់អ្នកកើតឆ្នាំមមី-កុរ
កាលពីអត្ថបទមុន កញ្ញាបានចុះផ្សាយពីទំនាយជោគជតារាសីរបស់អ្នកកើតឆ្នាំទាំង៦ដំបូង គឺ ពីឆ្នាំជូតដល់ឆ្នាំម្សាញ់ រួចមកហើយ។ ថ្ងៃនេះ យើងនឹងមកមើលបន្តនូវឆ្នាំទាំង៦ផ្សេងទៀតតាមការទស្សន៍ទាយក្នុងសៀវភៅមហាសង្ក្រាន្តឆ្នាំកុររបស់ឯកឧត្តម អ៊ឹម បូរិន្ទដូចគ្នា។
ឆ្នាំមមី
ទាំងជាមនុស្សប្រុស និងមនុស្សស្រី
ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់។ ដួងជតាត្រូវខាតបង់ត្រូវមានធុរៈជំងឺឈឺថ្កាត់មិនខានឡើយ។ បើអ្នកចង់ធ្វើអ្វីត្រូវពិចារណាគិតមុខគិតក្រោយឱ្យល្អិតល្អន់មែនទែន។ បើកាលណាភ្លាត់មុខជាត្រូវរងអំពើសង្កត់សង្កិនយ៉ាងគួរឱ្យធរមានចិត្ត។ ចូរកុំគប្បីបញ្ចេញឈ្មោះបោះសំឡេងជាត្លុកកំប្លែងលេងជាមួយគេញយពេក។ ចូរខំបំពេញខ្លួនឱ្យគេឃើញថា យើងជាមនុស្សមានរបៀបនិងសុភាពរៀបរយ ចូរធ្វើសេចក្ដីល្អតបតជាមួយសត្រូវទើបគ្រោះរបស់អ្នកត្រូវបន្ធូរបន្ថយទៅបានខ្លះ ប៉ុន្តែអ្នកត្រូវបានមិត្តជិតស្និទ្ធជួយឈឺឆ្អាលយ៉ាងពេញទំហឹង ហើយពេលក្រោយមានគេជួយឱ្យបានទ្រព្យនឹងបានស្ដុកស្ដម្ភ។
ឆ្នាំមមែ
បើជាមនុស្សប្រុស
ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគលាភមុខនឹងមានមកដល់អ្នក ហើយបើលោកអ្នកចង់ធ្វើអ្វីនឹងបានសម្រេចជាដរាប។ មិត្តភ័ក្ដិ ឬនាយចៅហ្វាយជាធំប្រុងទំនុកបម្រុងដល់អ្នក តែថារឿងដែអ្នកត្រូវប្រិតប្រៀបខ្លួនជានិច្ច គឺថាកុំបេះបួយនាំរឿងពីឯនេះទៅនិន្ទា ឱ្យអ្នកឯនោះឮឬដឹង បើអ្នកបានតមប្រាកដក្នុងហេតុភេទបែបនេះបាន ឈ្មោះថាខ្លួនអ្នកបានដោះស្រាយពីការបែកបាក់រវាងមេត្រីភាព។
បើជាមនុស្សស្រី
ក្នុងឆ្នាំនេះ ជាឆ្នាំដែលការរៀបមង្គលការរបស់អ្នកនឹងបានផលសម្រេចបំណងយ៉ាងពិតប្រាកដប្រកបទោដោយសេចក្ដីសុខ ប៉ុន្តែអ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្តិចបន្តួច រួចពីហេតុការណ៍បែបនេះទៅនឹងបានល្អប្រសើរឡើងវិញ។ បើអ្នកធ្វើការកាន់មុខតំណែងមានមុខនាទីទទួលខុសត្រូវ អ្នកត្រូវបានឡើងតំណែងនាទីបន្ថែមជាមុនខាន។ ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុតនោះគឺចោរកម្ម និងអគ្គិភ័យបំផ្លាញប បើសិនជាមានជំងឺច្រើនតែផ្ដាសាយ។
ឆ្នាំវក
បើជាមនុស្សប្រុស
ក្នុងឆ្នាំនេះជាឆ្នាំសម្រេចលាភផលជូនដល់កណ្ដាប់ដៃយើងហើយ។ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការ ហើយនឹងបានទទួលការលើកតម្កើងពីមនុស្សទូទៅ ថាបើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះរាប់ថាល្អផ្ដាច់ហើយ ទោះបីជាសត្រូវកាចប៉ុនប៉ងប្រទូសរ៉ាយយ៉ាងដូចម្ដេចក៏ដោយក៏អ្នកអាចគេចផុតបានទាំងអស់ ប៉ុន្តែឧបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរ។ ចំពោះក្រុមញាតិព័ន្ធនឹងផ្ដល់នូវសេចក្ដីរំខានដល់អ្នកមួយចំនួននៅក្នុងរយៈឆ្នាំនេះ។
បើជាមនុស្សស្រី
ក្នុងឆ្នាំនេះជាឆ្នាំដែលជោគជតរាសីរបស់អ្នកពុំប្រសើរទេ។ ជាគ្រោះកម្មកាចសាហាវណាស់ លោកអ្នកតោងកែកុនប្រើសេចក្ដីពិនិត្យពិច័យឱ្យល្អិតល្អន់បន្តិច សូម្បីតែអ្នកដែលធ្លាប់រាប់រកអ្នកយ៉ាងណា ឬអ្នកធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹមឡើយថានឹងបានកម្រៃផលពីវង់ការបែបនោះឱ្យសោះ ពុំនោះនឹងបណ្ដាលហេតុពីក្នុងក្រុមគ្រួសារ មានភ័យព្រួយឈឺថ្កាត់ ឬក៏មានរឿងទំនាស់ពីមនុស្សបម្រើការក្នុងលំនៅឋាន។ ការងារប្រចាំជីវិតរបស់អ្នក ឬសេចក្ដីស្និទ្ធស្នាលរបស់អ្នកនឹងផ្ដល់ផលជាអសារឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូរបន្ថយការអាប់បែបនេះ អ្នកត្រូវខំខ្នះខ្នែងដោយប្រើសេចក្ដីឆ្លៀវឆ្លាត និងសេចក្ដីអង់អាចឱ្យគ្រប់កម្លាំង ទើបអ្នកបានប្រាសចាកផុតពីវិបត្តិទាំងនេះទៅខ្លះៗ។
ឆ្នាំរកា
បើជាមនុស្សប្រុស
ជោគជតារាសីរបស់អ្នកក្នុងឆ្នាំនេះមិនសូវជាល្អ។ អ្នកនឹងមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភ័ក្ដិជាទីស្រលាញ់ ឬញាតិសន្ដានដែលមនាគុណបំណាច់លើរូបអ្នកនឹងត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខទោសក្ដៅណាស់ណាទេ បើទុកជាមានឧបសគ្គក្នុងការងាររបស់អ្នកខ្លះក៏គង់នឹងសាបរលាបទៅវិញបាន ដោយសារពេលនេះមានគេជួយឈឺឆ្អាលឱ្យអ្នកបានសុខសាន្ត រីឯភឿនរបស់អ្នកក៏បានតទល់ជួយយ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះអ្នកត្រូវរុះរើផ្ទះសម្បែងជួសជុល ឬធ្វើថ្មីផងក៏អាចថាបាន។
បើជាមនុស្សស្រី
ក្នុងឆ្នាំនេះជាឆ្នាំដែលអ្នកនឹងបានការងារធ្វើជាក់ជាប្រាកដ បើសិនជាការរៀបចំមង្គលផ្ទាល់ខ្លួនមុខជាបានសម្រេចដូចសេចក្ដីប្រាថ្នា ហើយជួបលាភផលយ៉ាងបន្ទាន់ តែបើទោះទៅជាយ៉ាងនោះក៏ដោយ ក៏គង់តែនៅមានមនុស្សច្រណែនឫស្យាចំពោះផលរបស់អ្នកជានិច្ច នៅក្នុងរឿងនេះចូរអ្នកកុំគប្បីខ្លាចឱ្យសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹង ខាងមុខនៃហេតុការណ៍ដូចពោលនេះ អ្នកត្រូវប្រយ័ត្នចំពោះមនុស្សមានទុក្ខទោសគ្របសង្កត់ណាមួយមកបញ្ចុះបញ្ចូលបញ្ជោរលើកជើងអ្នកឱ្យចូលរួមការងារជាមួយគេ ទោះការងារនោះមានសភាពបែបណាក៏ដោយចុះ សុទ្ធតែមិនបរិសុទ្ធទាំងអស់។ ហើយមិនគួរលីសែងរែកពុនលើកដាក់របស់ធ្ងន់ៗពេកទេ ព្រោះអាចមានថ្លោះចង្កេះ ឬគ្រេចឆ្អឹងខ្នង ឬមានការឈឺថ្កាត់បានដោយងាយ។
ឆ្នាំច
បើជាមនុស្សប្រុស
ក្នុងឆ្នាំនេះជាឆ្នាំដែលជោគជតារាសីរបស់អ្នកមិនសូវល្អ លោកអ្នកមិនសូវបានរីករាយសោះឡើយ មិត្តភ័ក្ដិ ឬមនុស្សធ្វើការជាមួយអ្នក គេជាមនុស្សអាប់ជោគថោករាសីដឹកនាំអ្នកឱ្យខូចខាតទុន ក្នុងរយៈឆ្នាំនេះអ្នកមិនគួរធ្វើដំណើរឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរអីវ៉ាន់ថ្មី ឬប្រកបកិច្ចការយ៉ាងណាក៏ដោយអ្នកកុំធ្វេសប្រហែសឱ្យសោះ ហើយមិនគួរពឹងរកឱ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត។ តែទោះបីជាយ៉ាងនេះក៏ដោយ អ្នកគង់នឹងបានសម្រេចក្នុងការងារដែលអ្ននកបានតាំងចិត្តទុកដោយសេចក្ដីមានះព្យាយាមយ៉ាងប្ដូរផ្ដាច់។
បើជាមនុស្សស្រី
ឆ្នាំនេះជាឆ្នាំដែលជោគរាសីរបស់អ្នកល្អជាទីបំផុត លោកអ្នកមានសេចក្ដីសុខសម្រាន្តយ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាង នៅមានគេនាំបំណាច់រង្វាន់មកឱ្យដល់ទីកន្លែង។ នៅក្នុងបន្ទុកក្រុមគ្រួសារមានសេចក្ដីសុខយ៉ាងក្រៃលែង។ ក្នុងឆ្នាំនេះបើលោកអ្នកមានបំណងធ្វើការងារអ្វី ឬបើកមុខជំនួញជួញដូរមុខបានជាសម្រេចផលយ៉ាងពិតប្រាកដ ប៉ុន្តែថាអ្នកកុំផ្ដេកផ្ដួលនឹងការជួយឈឺឆ្អាលពីអ្នកដទៃឯទៀតខ្លាំងពេក ចំពោះរឿងនៃរាប់អានស្រឡាញ់ទុកចិត្តគួរតែប្រយ័ត្នឱ្យមែនទែន ហើយខំស្ទាបស្ទង់នូវទឹកចិត្តគេបន្តិចផង។
ឆ្នាំកុរ
បើជាមនុស្សប្រុស
ក្នុងឆ្នាំនេះ រាសីរបស់អ្នកមិនសូវបានស្រួលបួលទេ គឺថាអ្នកត្រូវតែជួបប្រទះនឹងឧបសគ្គជាញឹកញាប់ក្នុងដំណើរជីវិតរបស់អ្នក។ ប៉ុន្តែអ្នកត្រូវខិតខំតាំងចិត្តពុះពារនិងប្រឹងរម្ងាប់ចិត្តទប់ទល់នឹងអធិករណ៍នេះឱ្យមែនទែន ហើយគួរតាំងចិត្តធ្វើការងារ ឬកិច្ចការយ៉ាងណានោះដោយសេចក្ដីឧស្សាហ៍ និងស្វាហាប់ខំបំពេញឱ្យបានអង់អាចជានិច្ច។ បើអ្នកធ្វើយ៉ាងនេះបាននោះ ទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញបន្តិច ក្នុងរវាងដែលលោកអ្នកមានអាយុប៉ុណ្ណេះ។
បើជាមនុស្សស្រី
ឆ្នាំនេះជាឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង បើសិនជាមិនដូច្នោះទេ អ្នកមុខជាត្រូវនឿយណាយធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្ដូរទីលំនៅផងក៏មាន ពុំនោះសោត នាទីការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី។ បើមានការលក់ដូរជំនួញជួញប្រែជាអាជីព ការនេះនឹងបណ្ដាជាហេតុឱ្យមានសេចក្ដីតឹងចង្អៀតខ្លះៗ។ តំណទៅពេលខាងមុខ ក្នុងឆ្នាំនេះ អ្នកនឹងធ្វើមោះមិនគាប់ឱ្យអ្នកមានសេចក្ដីហ្មងមួរជារឿយៗ។ មួយវិញទៀត ញាតិព័ន្ធឬមិត្តភ័ក្ដនឹងកើតជាក្ដីរង្គាស ឫស្យាដល់អ្នកដោយបំពានលើផលល្អនិងសេចក្ដីចម្រើនរបស់អ្នក ហេតុការណ៍ទាំងនេះចូរកុំភ្លេចស្មារតីឱ្យសោះ។ បើយ៉ាងហោចណាស់ នៅក្នុងឆ្នាំនេះ អ្នកនឹងមានវិបត្តិឈឺថ្កាត់មិនខានឡើយ៕