របៀប​ធ្វើ​ឲ្យ​​អ្នក​ក្លាយ​ជា​មនុស្ស​ស្រី​​ដែល​ខ្លាំងក្លា​ម្នាក់​ក្នុង​សង្គម​សព្វថ្ងៃ

  • 2019-04-05 02:50:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​វេលា​ដើរ របត់​សង្គម​ក៏​ផ្លាស់​ប្ដូរ សម័យ​កាល​ក៏​រំកិល​ និង​ប្រែប្រួល​រាល់​ថ្ងៃ។ ពី​មុន​មនុស្ស​ស្រី​គេ​ចាត់​ទុក​ថា​ជា​ស្រី​មេផ្ទះ​ដែល​ត្រូវ​បង្វិល​ចង្ក្រាន​ឲ្យ​ជុំ ដោយ​មិន​បាច់​រៀន​សូត្រ​ខ្ពង់ខ្ពស់​ដូច​មនុស្ស​ប្រុស​នោះ​ទេ ឯ​ការ​ងារ​ខាង​ក្រៅ​ក៏​ជា​មនុស្ស​ប្រុស​ជា​អ្នក​ចេញ​ទៅ​រ៉ាប់រង​ដែរ។ យ៉ាង​ណា​មិញ​បច្ចុប្បន្ន​មាន​ការ​ប្រែប្រួល​សម្បើម​ណាស់ មនុស្ស​ស្រី​ក៏​ត្រូវ​លើក​កម្ពស់​ខ្លាំង​ក្នុង​ការ​សិក្សា​រៀន​សូត្រ និង​ចូលរួម​ការងារ​សង្គម​ជា​ច្រើន​ទៀត​ដោយ​មិន​ឲ្យ​ចាញ់​មនុស្ស​ប្រុស។ ដោយ​ឡែក​ក្នុង​សង្គម​សព្វថ្ងៃ​បើ​អ្នក​ចង់​ក្លាយ​ជា​មនុស្ស​ស្រី​ខ្លាំងក្លា​ម្នាក់​អ្នក​គួរ​តែ​មាន​ចំណុច​ដូច​ខាង​ក្រោម​នេះ៖

១. ចំណេះ​ដឹង​ទូលំទូលាយ

វា​មិន​សំដៅ​ឲ្យ​អ្នក​រៀន​ដល់​អស់​ថ្នាក់​នោះ​ទេ តែ​វា​សំដៅ​រក​ឲ្យ​អ្នក​មាន​ការ​សិក្សា​បាន​ច្រើន​មិន​ថា​ទាំង​នៅ​សាលា ឬ​ក៏​នៅ​ខាង​ក្រៅ​ ដោយ​ការ​ចូលរួម​​បាន​ច្រើន អាន​សៀវភៅ​ និង​ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ថែម​ដោយ​ខ្លួន​ឯង។ ការ​មាន​ចំណេះ​ដឹង​ជ្រៅ​ជ្រះ​នឹង​ជួយ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​លេចធ្លោ និង​មាន​ឥទ្ធិពល​នៅ​ពេល​ដែល​អ្នក​នៅ​ក្នុង​ចំណោម​អ្នក​ខ្លាំង​ៗ​ជា​ច្រើន​ទៀត។

២. មាន​ការងារ​ល្អ​មួយ

មាន​ការងារ​ដែល​នឹងធឹង​មួយ​មិន​ត្រឹម​តែ​ជួយ​ផ្គត់ផ្គង់​ខ្លួន​ឯង​បាន​ទេ ថែម​ទាំង​លើក​តម្លៃ​អ្នក​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន។ ការ​ដែល​មាន​ការ​ងារ​មិន​ថា​អ្នក​មាន​គ្រួសារ​ក្ដី​ ឬ​មិន​ទាន់​មាន​ក្ដី​ក៏​មិន​អាច​មាន​ភាគី​ណា​យក​ប្រៀន​លើ​អ្នក​បាន​ដែរ ព្រោះ​អ្នក​មាន​សមត្ថភាព​ក្នុង​ការ​រក​លុយ ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង​ដោយ​មិន​បាច់​ត្រូវ​ពឹង​លើ​អ្នក​ណា​ច្រើន​នោះ​ទេ។

៣. ការងារ​ខាង​ក្រៅ​ ការងារ​ខាង​ក្នុង

អ្នក​អាច​គ្រប់​គ្រង​ទាំង​ការ​ងារ​ខាង​ក្រៅ​របស់​អ្នក ហើយ​ក៏​អាច​ធ្វើ​បាន​នូវ​ការ​ងារ​ផ្ទះ​ទៀត​ផង។ យ៉ាង​ណា​ក៏​ដោយ​ទោះ​សម័យ​កាល​ជឿនលឿន​ ក៏​អ្នក​មិន​អាច​ចោល​ការងារ​ផ្ទះ​ទាំង​ស្រុង​បាន​ដែរ ព្រោះ​វា​មិន​ត្រឹម​តែ​ជួយ​អ្នក​ឲ្យ​ក្លាយ​ជា​មនុស្ស​ស្រី​ពូកែ​ទេ វា​ក៏​ជួយ​ឲ្យ​ខ្លួន​អ្នក​មាន​សុខភាព​ល្អ​ផង​ដែរ។

៤. អាច​ដើរហើរ​ទៅ​ក្រៅ​ម្នាក់​ឯង​បាន

ការ​ដែល​អាច​ទៅ​ក្រៅ​ ឬ​ទៅ​ណា​ឆ្ងាយ​ៗ​ម្នាក់​ឯង​បាន​ វា​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​ក្លាហាន និង​រឹងមាំ។ មិន​សូវ​ជា​មាន​មនុស្ស​ស្រី​ដែល​អាច​ទៅ​ក្រៅ​ប្រទេស ទៅ​តាម​ខេត្ត​ឆ្ងាយៗ បាន​តែ​ឯង​ប៉ុន្មាន​ទេ ព្រោះ​នៅ​ខ្លាច នៅ​ស្ទាក់ស្ទើរ និង​មាន​អារម្មណ៍​ថា​មិន​អាច​ទៅ​ម្នាក់​ឯង​បាន​ឡើយ។ មែនទែន​ទៅ​បើ​អ្នក​អាច​មាន​ចំណុច​នេះ​ មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ស្រី​ដែល​ពូកែ​ និង​ឯករាជ្យ​ម្នាក់។

៥. ទម្លាប់​ល្អ

ទម្លាប់​នៅ​ទី​នេះ​គឺ​សំដៅ​ដល់​ការ​រៀបចំ​ខ្លួន ការ​និយាយ​ស្ដី កាយ​វិការ​ ចរិត​ថ្លៃថ្នូរ ដែល​មិន​ទៅ​ណា​មកណា​គេ​និយាម​ដើម​នោះ​ទេ។ ត្រូវ​រៀន​ពី​របៀប​ធ្វើ​ឲ្យ​ខ្លួន​ថ្លៃ​ថ្នូរ និង​មាន​ការ​ស្រឡាញ់​ចូលចិត្ត​ច្រើន នោះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ពិសេស​ជាង​មនុស្ស​ស្រី​ដែល​ខ្វះ​នូវ​ចំណុច​នេះ។

នៅ​មាន​ចំណុច​តូច​ៗ​ច្រើន​ទៀត​ ប៉ុន្តែ​បើ​អ្នក​អាច​មាន​នូវ​ចំណុច​ប៉ុន្មាន​ដូច​ខាង​លើ​នេះ នោះ​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ស្រី​ដែល​ខ្លាំង ហើយ​មិន​ទន់ជ្រាយ​ឲ្យ​គេ​ដើរ​ជាន់​បាន​ងាយ​នោះ​ទេ៕

ចុចអាន៖ស្អាត​​យ៉ាង​ណា​ក៏​ដោយ បើ​​មាន​ចរិត ៦​យ៉ាង​​នេះ​​ប្រាកដ​គ្មាន​អ្នក​ចង់​​​​រាប់​អាន​ទេ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម