ស្ត្រី​ខ្មែរ​មហិច្ឆតា​ខ្ពស់​!​ សុខ​ចិត្ត​ចាយ​លុយ​ខ្លួន​ឯង​ធ្វើ​គម្រោង​ដើម្បី​ជំរុញ​ទឹក​ចិត្ត​យុវតី​ជំនាន់​ថ្មី​

  • 2019-04-04 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កញ្ញា យូ សុធារី​ គឺ​ជា​ស្ថាបនិក​នៃ​គម្រោង​ ស្ត្រី​ជំនាន់​ថ្មី​ ដែល​ភាសា​អង់គ្លេស​ហៅថា​ Next Women Gerneration។​ តាម​រយៈ​ការ​ផ្ដល់​បទ​សម្ភាស​ពី​ស្ត្រី​ខ្មែរ​មាន​ដើម​កំណើត​មក​ពី​​ទឹក​ដី​ ខេត្ត​កំពង់​ធំ ​រូប​នេះ​បាន​​ឲ្យ​ដឹង​ថា​គោល​បំណង​ក្នុង​ការ​ធ្វើ​គម្រោង​នេះ​ឡើង​គឺ​ «ដើម្បី​បង្ហាញ​និង​ចងក្រង​នូវ​រឿង​រ៉ាវ​ជីវិត​ និង ​ភាព​ជា​អ្នក​ដឹក​នាំ​របស់​ស្ត្រី​នៅ​កម្ពុជា ដើម្បី​ផ្ដល់​ជា​គំរូ​ភាព​ដល់​យុវតី​ផ្សេង​ៗ​ទៀត​ឲ្យ​យល់​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ ការ​ពុះពារ​ជម្នះ​​ឧបសគ្គ​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ក្លាយ​ទៅ​ជា​ខ្លួន​ឯង​ដូច​ពេល​បច្ចុប្បន្ន​នេះ​​​​»។​

កញ្ញា​បាន​បន្ត​ទៀត​ថា ​គម្រោង​នេះ​ធ្វើ​ឡើង​ជា​លក្ខណៈ​ Digital platform ដោយ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដូច​ជា​ Facebook ជាដើម​ និង​មាន​ជា​គេហទំព័រ​​ដើម្បី​ចែក​ចាយ​និង​ផ្សព្វផ្សាយ​ពី​រឿង​រ៉ាវ​ជីវិត​ និង​ការ​សន្ទនា​រវាង​គម្រោង​និង​ស្ត្រី​ទាំង​នោះ​ ជា​មួយ​សហគមន៍​ខ្មែរ​ក៏​ដូច​ជា​សហគមន៍​អន្តរជាតិ​។​ ស្ត្រី​ដែល​ជា​កូន​បង​គេ​ក្នុង​គ្រួសារ​រូប​នេះ​​ប្រាប់​ថា​ ​គម្រោង​នេះ​ផ្ដោត​សំខាន់​ទៅ​លើ​ស្ត្រី​ដែល​បាន​ធំធាត់​ឡើង​ក្រោយ​សម័យ​សង្គ្រាម​ដែល​ពួក​គេ​​បាន​មើល​ឃើញ​ពី​ទស្សន​វិស័យ​ក្នុង​ការ​អភិវឌ្ឍន៍​ជីវិត​របស់​ពួក​គេ​សព្វ​ថ្ងៃ​នេះ​ និង​ថ្ងៃ​ទៅ​មុខ​ទៀត​ថា​ពួក​គាត់​ចង់​បាន​អ្វី​។​

អ្វី​ដែល​គួរ​ឲ្យ​សរសើរ​គឺ​ថា​នៅ​ក្នុង​គម្រោង​មួយ​នេះ​កញ្ញា​ធ្វើ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ​ ហើយ​បាន​ចំណាយ​លុយ​ខ្លួន​ឯង​ផ្ទាល់​ដើម្បី​បង្កើត​គម្រោង​នេះ​ឡើង​។​ កញ្ញា​ សុធារី​ ក៏​ធ្លាប់​ជា​និស្សិត​ម្នាក់​ដែល​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់​អនុបណ្ឌិត​​ផ្នែក​ គោល​នយោបាយ​អភិវឌ្ឍន៍​អន្តរជាតិ​ នៃ​សាកល​វិទ្យាល័យ​ Sanford School of Public Policy of Duke University នៅ​សហរដ្ឋ​អាមេរិក​អស់​រយៈ​ពេល​ ២​ឆ្នាំ​ផង​ដែរ​។​

ស្ថាបនិក​រូប​នេះ​ក៏​ធ្លាប់​មាន​ការ​បាក់​ទឹក​ចិត្ត​រហូត​ចង់​ឈប់​ធ្វើ​គម្រោង​មួយ​នេះ​​ ព្រោះ​តែ​សម្ដី​អ្នក​ដទៃ​និយាយ​ថា​ «គម្រោង​ ស្ត្រី​ជំនាន់​ថ្មី​ នេះ​មាន​អ្វី​ប្លែក​ពី​គម្រោង​ផ្សេង​ៗ​ដែល​គេ​ធ្លាប់​ធ្វើ​ហើយ​​?​ អ្នក​ខ្លះ​ទៀត​ក៏​និយាយ​ថា​ហេតុ​អ្វី​ចង់​ធ្វើ​ការ​ជួយ​សង្គម​ទាំង​ដែល​ជួយ​ខ្លួន​ឯង​មិន​ទាន់​បាន​ផង​ហ្នឹង ហើយ​ប្រាប់​ថា​កញ្ញា​គ្មាន​រូប​ភាព​អ្វី​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ដ៏​ទៃ​បាន​ទេ​ ​»​ ប៉ុន្តែ​ក្រោយ​មក​ទៀត​កញ្ញា​ក៏​បាន​សួរ​ខ្លួន​ឯង​វិញ​ថា​ហេតុ​អ្វី​កញ្ញា​ចង់​ធ្វើ​គម្រោង​នេះ​តាំង​ពី​ដំបូង​មក​។​

ដោយ​សារ​តែ​ការ​ចូល​ចិត្ត​ ការ​​កោត​សរសើរ​ពី​ភាព​ជា​អ្នក​ដឹក​នាំ​របស់​ស្ត្រី​វ័យ​ក្មេង​ទាំង​អស់​នោះ​ កញ្ញា​ក៏​ចង់​ចែក​រំលែក​រឿង​រ៉ាវ​និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ពួក​គេ​ក្នុង​នាម​ជា​ស្ត្រី​ដែល​រស់​នៅ​ក្នុង​សង្គម​បិតាធិបតេយ្យ​ដល់​ស្ត្រី​ដទៃ​ទៀត​ ជា​ពិសេស​យុវតី​ជំនាន់​ថ្មី​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​តស៊ូ​និង​តាម​ចាប់​ក្ដី​ស្រមៃ​របស់​ពួក​គេ​។​ ទៅ​ថ្ងៃ​មុខ​ទៀត​ក៏​កញ្ញា​នៅ​តែ​បន្ត​ធ្វើ​គម្រោង​មួយ​នេះ​ទៀត​ដែរ​ ដោយ​សារ​តែ​ស្ថាបនិក​រូប​នេះ​ចូល​ចិត្ត​ជួប​សន្ទនា​ជា​មួយ​នឹង​ស្ត្រី​ដែល​ជា​អ្នក​ដឹក​នាំ​វ័យ​ក្មេង​នៅ​កម្ពុជា​ និង​គិត​ថា​គម្រោង​នេះ​នឹង​ជួយ​លើក​ទឹក​ចិត្ត​ឲ្យ​ស្ត្រី​កាន់​តែ​បន្ត​និង​ខំ​ប្រឹង​ប្រែង​ពង្រឹង​ភាព​ជា​អ្នក​ដឹក​នាំ​របស់​ខ្លួន​ឯង​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត​បាន​៕

ចុចអាន៖ មក​​ស្តាប់​​​​​​ការ​​ចែក​​​រំលែក​​​​បទ​ពិសោធន៍​​​ល្អ​ៗ​​​ពី​មេធាវីស្រ្តី​​​ឆ្នើម​​​របស់​​​​​កម្ពុជា (វីដេអូ)

អត្ថបទ៖ ឃួន​ សុលីកា

អត្ថបទពេញនិយម