មកដឹងពីលក្ខណៈពិសេសពីឈុត ប៊ី សុធារី ស្លៀកចូលរួមកម្មវិធី Miss Universe Cambodia
- 2019-04-02 07:31:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីលក្ខណៈពិសេសពីឈុត ប៊ី សុធារី ស្លៀកចូលរួមកម្មវិធី Miss Universe Cambodia
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ អតីតបវរកញ្ញាចក្រវាលប្រចាំប្រទេសកម្ពុជាឆ្នាំ ២០១៧ បានចូលរួមកម្មវិធីគ្រងមកុដបវរចក្រវាលថ្មីប្រចាំឆ្នាំ ២០១៩ ដោយបានស្លៀកឈុតយ៉ាងពិសេសមួយមានសភាពទាក់ទងនឹងនាងផ្ទាល់តែម្ដង។
ក្នុងឱកាសនោះ ប៊ី សុធារី មិនត្រឹមតែចូលរួមជាភ្ញៀវកិត្តិយសនោះទេ ប៉ុន្តែក៏ជាគណៈកម្មការផ្ដល់ពិន្ទុមួយរូបផងដែរ អមជាមួយបវរកញ្ញាចក្រវាលឆ្នាំ ២០១៨ កញ្ញា រឿន ណាត។ ដូច្នេះហើយទើបលោក យុន រតនៈ ដែលជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ល្បីឈ្មោះមួយរូប បានកែច្នៃរ៉ូបមួយឈុតធ្វើឲ្យស័ក្ដិសមនឹងនាងតែម្ដង។
ឈុតនេះផ្ដោតសំខាន់ទៅលើ សត្វឃ្មុំ ដោយសត្វឃ្មុំឬ Bee អានថាប៊ី គឺជាឈ្មោះរបស់កញ្ញាតែម្ដង។ ដោយសារតែជាអ្នកគ្រងតំណែងបវរកញ្ញានេះលើកដំបូងព្រមទាំងមានកិត្តិយសខ្ពស់ផងនោះ ទើបលោករតនៈ សម្រេចចិត្តយកពណ៌ផ្ទៃមេឃប្រៀបបាននឹងផ្ទៃវាលធំធេងស័ក្ដិសមនឹង កញ្ញា សុធារី។ ថ្លែងមកកាន់សប្បាយលោករតនៈ បញ្ជាក់ថា "ធម្មតាក្នុងមួយថ្ងៃខ្ញុំអាចកែច្នៃឈុតបានដល់ទៅ ជិត១០ឈុតឯណោះ ប៉ុន្តែសម្រាប់ឈុតរបស់ ធារី គឺខ្ញុំចំណាយពេលដល់ទៅ២ថ្ងៃឯណោះ សម្រាប់តែការចេញទម្រង់ហើយចំណាយពេលដល់ទៅ៣ថ្ងៃសម្រាប់ផលិត។"
ចំពោះគ្រឿងផ្សំផ្សេងៗពីសម្លៀកបំពាក់ជាពិសេសគឺ ត្បូងរាងសំបុកឃ្មុំផ្ទាល់តែម្ដងគឺសុទ្ធតែផលិតឡើងដោយដៃ។ ទោះជាយ៉ាងណាក៏ដោយចំពោះតម្លៃនៃការផលិតឈុតនេះគឺលោករតនៈ សុំមិនបង្ហាញដោយនេះគឺលោករចនាជូនកញ្ញា ប៊ី សុធារី ជាពិសេស។ នេះមិនមែនជាលើកទី១នោះទេ កញ្ញា សុធារី ក៏ធ្លាប់ស្លៀកឈុតផ្សេងៗកែច្នៃឲ្យពីអ្នកច្នៃម៉ូដ យុន រតនៈ ផងដែរ៕