ទំនាយជោគជតារាសីឆ្នាំថ្មី សម្រាប់អ្នកកើតឆ្នាំជូត-ម្សាញ់
- 2019-04-02 03:26:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទំនាយជោគជតារាសីឆ្នាំថ្មី សម្រាប់អ្នកកើតឆ្នាំជូត-ម្សាញ់
សង្ក្រាន្តឆ្នាំថ្មីនឹងចូលមកដល់នៅថ្ងៃទីអាទិត្យ ១០កើតខែចេត្រត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស២០១៩ វេលាម៉ោង១៥:១២ នាទី។ មុននឹងឈានដល់ថ្ងៃទទួលទេវតាឆ្នាំថ្មី កញ្ញាសូមបង្ហាញការទស្សន៍ទាយជោគជតារាសីប្រចាំឆ្នាំរបស់អ្នកកើតឆ្នាំទាំង១២ តែថ្ងៃនេះសូមលើកតែឆ្នាំ៦គឺឆ្នាំជូត ឆ្លូវ ខាល ថោះ រោង និងម្សាញ់ ដែលដកស្រង់ពីសៀវភៅមហាសង្ក្រាន្ត រៀបរៀងដោយឯកឧត្ដម អ៊ឹម បូរិន្ទដូចតទៅនេះ៖
ចុចអាន៖ ជិតចូលឆ្នាំហើយ! គួរមកដឹងរណ្ដាប់ទេវតាឆ្នាំថ្មី ឆ្នាំកុរ ព្រះនាងធុង្សៈទេវី
ឆ្នាំជូត
ទាំងជាមនុស្សប្រុស និងមនុស្សស្រី
ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគជតារាសីរបស់លោកអ្នកបានល្អប្រសើរ និងបានលាភធំ តែមុននឹងកើតលាភ អ្នកត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះត្រូវចោរកម្មវាមានបំណងទុក បន្ទាប់ពីនោះទៅ អ្នកនឹងត្រូវបានទទួលមុខតំណែងថ្មី មាននាទីទទួលខុសត្រូវជាន់ខ្ពស់ ឯជោគជតាលាភដែលអ្នកបាននោះនឹងបានមកពីទីឆ្ងាយ ហើយលោកអ្នកត្រូវខំរក្សាសុខភាពឱ្យបានល្អ ព្រោះអាចមានជំងឺតម្កាត់ខ្លះផងនៅក្នុងឆ្នាំនេះ។
ឆ្នាំឆ្លូវ
បើជាមនុស្សប្រុស
ឆ្នាំនេះជាឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង បើសិនជាមិនដូច្នោះទេ អ្នកមុខជាត្រូវនឿយណាយធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្ដូរទីលំនៅផងក៏មាន ពុំនោះសោត នាទីការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី។ បើមានការលក់ដូរជំនួញជួញប្រែជាអាជីព ការនេះនឹងបណ្ដាជាហេតុឱ្យមានសេចក្ដីតឹងចង្អៀតខ្លះៗ។ តំណទៅពេលខាងមុខ ក្នុងឆ្នាំនេះ អ្នកនឹងធ្វើមោះមិនគាប់ឱ្យអ្នកមានសេចក្ដីហ្មងមួរជារឿយៗ។ មួយវិញទៀត ញាតិព័ន្ធឬមិត្តភ័ក្ដនឹងកើតជាក្ដីរង្គាស ឫស្យាដល់អ្នកដោយបំពានលើផលល្អនិងសេចក្ដីចម្រើនរបស់អ្នក ហេតុការណ៍ទាំងនេះចូរកុំភ្លេចស្មារតីឱ្យសោះ។ បើយ៉ាងហោចណាស់ នៅក្នុងឆ្នាំនេះ អ្នកនឹងមានវិបត្តិឈឺថ្កាត់មិនខានឡើយ។
បើជាមនុស្សស្រី
ក្នុងឆ្នាំនេះ រាសីរបស់អ្នកមិនសូវបានស្រួលបួលទេ គឺថាអ្នកត្រូវតែជួបប្រទះនឹងឧបសគ្គជាញឹកញាប់ក្នុងដំណើរជីវិតរបស់អ្នក។ ប៉ុន្តែអ្នកត្រូវខិតខំតាំងចិត្តពុះពារនិងប្រឹងរម្ងាប់ចិត្តទប់ទល់នឹងអធិករណ៍នេះឱ្យមែនទែន ហើយគួរតាំងចិត្តធ្វើការងារ ឬកិច្ចការយ៉ាងណានោះដោយសេចក្ដីឧស្សាហ៍ និងស្វាហាប់ខំបំពេញឱ្យបានអង់អាចជានិច្ច។ បើអ្នកធ្វើយ៉ាងនេះបាននោះ ទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញបន្តិច ក្នុងរវាងដែលលោកអ្នកមានអាយុប៉ុណ្ណេះ។
ឆ្នាំខាល
បើជាមនុស្សប្រុស
ឆ្នាំនេះជាឆ្នាំដែលជោគរាសីរបស់អ្នកល្អជាទីបំផុត លោកអ្នកមានសេចក្ដីសុខសម្រាន្តយ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាង នៅមានគេនាំបំណាច់រង្វាន់មកឱ្យដល់ទីកន្លែង។ នៅក្នុងបន្ទុកក្រុមគ្រួសារមានសេចក្ដីសុខយ៉ាងក្រៃលែង។ ក្នុងឆ្នាំនេះបើលោកអ្នកមានបំណងធ្វើការងារអ្វី ឬបើកមុខជំនួញជួញដូរមុខបានជាសម្រេចផលយ៉ាងពិតប្រាកដ ប៉ុន្តែថាអ្នកកុំផ្ដេកផ្ដួលនឹងការជួយឈឺឆ្អាលពីអ្នកដទៃឯទៀតខ្លាំងពេក ចំពោះរឿងនៃរាប់អានស្រឡាញ់ទុកចិត្តគួរតែប្រយ័ត្នឱ្យមែនទែន ហើយខំស្ទាបស្ទង់នូវទឹកចិត្តគេបន្តិចផង។
បើជាមនុស្សស្រី ក្នុងឆ្នាំនេះជាឆ្នាំដែលជោគជតារាសីរបស់អ្នកមិនសូវល្អ លោកអ្នកមិនសូវបានរីករាយសោះឡើយ មិត្តភ័ក្ដិ ឬមនុស្សធ្វើការជាមួយអ្នក គេជាមនុស្សអាប់ជោគថោករាសីដឹកនាំអ្នកឱ្យខូចខាតទុន ក្នុងរយៈឆ្នាំនេះអ្នកមិនគួរធ្វើដំណើរឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរអីវ៉ាន់ថ្មី ឬប្រកបកិច្ចការយ៉ាងណាក៏ដោយអ្នកកុំធ្វេសប្រហែសឱ្យសោះ ហើយមិនគួរពឹងរកឱ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត។
ឆ្នាំថោះ
បើជាមនុស្សប្រុស
ក្នុងឆ្នាំនេះជាឆ្នាំដែលអ្នកនឹងបានការងារធ្វើជាក់ជាប្រាកដ បើសិនជាការរៀបចំមង្គលផ្ទាល់ខ្លួនមុខជាបានសម្រេចដូចសេចក្ដីប្រាថ្នា ហើយជួបលាភផលយ៉ាងបន្ទាន់ តែបើទោះទៅជាយ៉ាងនោះក៏ដោយ ក៏គង់តែនៅមានមនុស្សច្រណែនឫស្យាចំពោះផលរបស់អ្នកជានិច្ច នៅក្នុងរឿងនេះចូរអ្នកកុំគប្បីខ្លាចឱ្យសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹង ខាងមុខនៃហេតុការណ៍ដូចពោលនេះ អ្នកត្រូវប្រយ័ត្នចំពោះមនុស្សមានទុក្ខទោសគ្របសង្កត់ណាមួយមកបញ្ចុះបញ្ចូលបញ្ជោរលើកជើងអ្នកឱ្យចូលរួមការងារជាមួយគេ ទោះការងារនោះមានសភាពបែបណាក៏ដោយចុះ សុទ្ធតែមិនបរិសុទ្ធទាំងអស់។ ហើយមិនគួរលីសែងរែកពុនលើកដាក់របស់ធ្ងន់ៗពេកទេ ព្រោះអាចមានថ្លោះចង្កេះ ឬគ្រេចឆ្អឹងខ្នង ឬមានការឈឺថ្កាត់បានដោយងាយ។
បើជាមនុស្សស្រី
ជោគជតារាសីរបស់អ្នកក្នុងឆ្នាំនេះមិនសូវជាល្អ។ អ្នកនឹងមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភ័ក្ដិជាទីស្រលាញ់ ឬញាតិសន្ដានដែលមនាគុណបំណាច់លើរូបអ្នកនឹងត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខទោសក្ដៅណាស់ណាទេ បើទុកជាមានឧបសគ្គក្នុងការងាររបស់អ្នកខ្លះក៏គង់នឹងសាបរលាបទៅវិញបាន ដោយសារពេលនេះមានគេជួយឈឺឆ្អាលឱ្យអ្នកបានសុខសាន្ត រីឯភឿនរបស់អ្នកក៏បានតទល់ជួយយ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះអ្នកត្រូវរុះរើផ្ទះសម្បែងជួសជុល ឬធ្វើថ្មីផងក៏អាចថាបាន។
ឆ្នាំរោង
បើជាមនុស្សប្រុស
ជោគជតារបស់អ្នកក្នុងឆ្នាំនេះពុំសូវល្អទេ ជាគ្រោះកម្មកាចសហាវណាស់។ អ្នកតោងកែកុនប្រើសេចក្ដីពិនិត្យពិច័យឱ្យល្អិតល្អន់បន្តិច សូម្បីតែអ្នកដែលធ្លាប់រាប់រកអ្នកយ៉ាងណា ឬអ្នកធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹមឡើយថានឹងបានកម្រៃផលពីវង់ការបែបនេះឱ្យសោះ ពុំនោះនឹងបណ្ដាលហេតុពីក្នុងគ្រួសារ មានភ័យព្រួយឈឺថ្កាត់ ឬក៏មានរឿងទំនាស់ពីមនុស្សបម្រើការក្នុងលំនៅដ្ឋាន។ ការងារប្រចាំជីវិតរបស់អ្នក ឬសេចក្ដីស្និទ្ធស្នាលរបស់អ្នកនឹងផ្ដល់ផលជាអាសាឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូរបន្ថយការអាប់បែបនេះ អ្នកត្រូវខំខ្នះខ្នែងដោយប្រើសេចក្ដីឆ្លៀវឆ្លាតនិងសេចក្ដីអង់អាចឱ្យគ្រប់កម្លាំង ទើបអ្នកបានប្រាសចាកផុតពីវិបត្តិទាំងនេះទៅខ្លះៗ។
បើជាមនុស្សស្រី
ក្នុងឆ្នាំនេះ ជាឆ្នាំសម្រេចលាភផលជូនដល់កណ្ដាប់ដៃអ្នក ហើយខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការ ហើយនឹងបានទទួលការលើកទឹកចិត្ត លើកតម្កើងពីមនុស្សទូទៅ ថាបើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះរាប់ថាល្អផ្ដាច់ហើយ ទោះបីជាសត្រូវកាចប៉ុនប៉ងប្រទូសរ៉ាយយ៉ាងដូចម្ដេចក៏ដោយ ក៏អ្នកអាចគេចផុតទាំងអស់។ ប៉ុន្តែឧបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិព័ន្ធនឹងផ្ដល់នូវសេចក្ដីរំខានដល់អ្នកមួយចំនួននៅក្នុងរយៈឆ្នាំនេះ។
ឆ្នាំម្សាញ់
បើជាមនុស្សប្រុស
ក្នុងឆ្នាំនេះជាឆ្នាំដែលការរៀបមង្គលការរបស់អ្នកនឹងបានផលសម្រេចបំណងយ៉ាងពិតប្រាកដប្រកបទៅដោយសេចក្ដីសុខ។ ប៉ុន្តែអ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្តិចបន្តួច រួចពីហេតុការណ៍បែបនេះទៅនឹងបានល្អ ប្រសើរឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំណែងមានមុខនាទីទទួលខុសត្រូវ អ្នកត្រូវបានឡើងតំណែងនាទីបន្ថែមជាមិនខាន ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុតនោះគឺ ចោរកម្មនិងអគ្គិភ័យបំផ្លាញ បើសិនជាមានជំងឺច្រើនតែផ្ដាសាយ។
បើជាមនុស្សស្រី
ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគលាភមុខជានឹងមានមកដល់អ្នក ហើយអ្នកចង់ធ្វើអ្វីនឹងបានសម្រេចដូចបំណងជាដរាប។ មិត្តភ័ក្ដិឬនាយចៅហ្វាយជាធំប្រុងទំនុកបម្រុងដល់អ្នក តែថារឿងដែលអ្នកត្រូវប្រិតប្រៀបខ្លួនជានិច្ច គឺកុំបេះបួយនាំរឿងពីនេះទៅនិន្ទាឱ្យអ្នកឯនោះបានដឹងឬឮ បើអ្នកបានតមប្រាកដក្នុងហេតុភេទបែបនេះ បានឈ្មោះថាខ្លួនអ្នកបានដោះស្រាយពីការបែកបាក់រវាងមេត្រីភាព។
សម្រាប់ឆ្នាំបន្ទាប់ កញ្ញានឹងចុះផ្សាយនៅអត្ថបទក្រោយ
រូបភាព៖ IG