ឃើញ​ទឹក​ចិត្ត​ ហង្ស ម៉ារិនី អ្នក​និពន្ធ​​លាន់​មាត់​​​អាណិត​តារា​ស្រី​រូប​នេះ​

  • 2019-03-25 04:31:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម្ចាស់​រឿង "ថ្ងៃ​មុន​ស្អប់​ថ្ងៃ​នេះ​ស្រលាញ់" ដែល​កំពុង​ល្បី​នៅ​ប៉ុស្តិ៍​ភីអិនអិន​ បាន​បញ្ចេញ​ប្រលោមលោក​ថ្មី​រឿង "អាគម​បរ​ព្រៃ" ជា​សៀវភៅ​ថ្មី​ហើយ​ថែម​ទំាង​ត្រូវ​បាន​ផ្តាច់​មុខ​ដោយ​តារា​ស្រី​​ ហង្ស ម៉ារីនី។

តារា​ស្រី​រូប​នេះ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ថា នាង​ទទួល​លក់​សៀវភៅ​​រឿង​"អាគម​បរ​ព្រៃ" នេះ​ផ្តាច់​មុខ​ដោយ​សារ​តែ​នាង​មាន​គំនិត​ចង់​ចូល​រួម​ជួយ​​ជំរុញ​ការ​អាន​នៅ​កម្ពុជា។ នាង​ថា​ ពី​មុន នាង​ក៏​មិន​ចូលចិត្ត​ការ​អាន​ដូច​គ្នា តែ​ក្រោយ​ពី​សៀវភៅ​មួយ​ចំនួន​បាន​កែ​ប្រែ​ជីវិត​របស់​នាង នាង​យល់​ថា​ការ​អាន គឺ​ជា​ជំហាន​នៃ​ជោគជ័យ។

ដោយ​ឃើញ​តារា​ស្រី​ដែល​លក់​ដូរ​លើ​អនឡាញ​យ៉ាង​មមារញឹក​បែរ​មក​ជួយ​លើក​តម្កើង​ស្នាដៃ​តែង​និពន្ធ​បែប​នេះ អ្នក​និពន្ធ​ ម៉ីសន សុធារី​បាន​សរសេរ​នៅ​លើ Page ​ផ្លូវ​ការ​របស់​ខ្លួន​នៅ​ព្រឹក​នេះ​ថា "អាណិត​ហង្ស ម៉ារិនី! គេង​បាន​បី​បួន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ឥឡូវ​មក​ថែម​លក់​សៀវភៅ​ទៀត​ទំាង​ដឹង​ហើយ​ថា លក់​សៀវភៅ​មួយ​ខែ​បាន​កម្រៃ​មិន​ស្មើ​លក់​គ្រឿង​សម្អាង​មួយ​ថ្ងៃ! នាង​ធ្វើ​ដើម្បី​អ្វី?”

​ក្នុង​ជំនួប​តាម​ទូរសព្ទ​ព្រឹក​មិញ​នេះ អ្នក​ស្រី ម៉ីសន សុធារី​បាន​​ឱ្យ​ដឹង​ថា សៀវភៅ​អាគម​បរ​ព្រៃ​ ជា​ខ្សែ​រឿង​បែប​មន្ត​អាគម​និង​ជំនឿ​ខ្មែរ។ រឿង​នេះ​និយាយ​​ពី​ត្រណម​ជា​ច្រើន​នៅ​តំបន់​នានា​ក្នុង​ការ​រំកិល​ឬ​កាប់​ឈើ​សង់​ផ្ទះ។ អ្នក​ស្រុក​មាន​ជំនឿ​ថា​ ឈើ​នីមួយៗ​មាន​អ្នក​ថែរក្សា​ជា​ពិសេស​បណ្តា​ដើម​ណា​ដែល​មាន​មែក​ញែក​ជា​ពីរ​ដូច​ចម្ពាម​កៅស៊ូ គឺ​ត្រូវ​ការ​រំកិល​ចេញ​ពី​របង​ផ្ទះ​ ហើយ​មាន​ពិធី​ស្មុគស្មាញ​ទើប​បាន​សុខ។

សៀវភៅ​នេះ​មាន​បង្កប់​នូវ​គតិ​អប់រំ​ជៀសវាង​ការ​បៀតបៀន​ចង់​បាន​ទ្រព​របស់​ដែល​ពុំ​មែន​មក​ដោយ​ធម៌។ ទោះ​យ៉ាង​ណា រឿង​ប្រលោម​លោក​មួយ​នេះ​ពុំមែន​បោះពុម្ព​ជាមួយ​គម្រោង​ RyNa​ ដែល​មាន​ឌីជេ​ណាណា​ជា​ដៃ​គូ​ទៀត​​ទេ។ អ្នក​និពន្ធ​អះអាង​ថា ​មាន​រឿង​ស្នេហា​ជា​ច្រើន​ដែល​​កំពុង​ត្រៀម​បោះពុម្ព​ជាមួយ​ឌីជេ​ណាណា ព្រោះ​ត្រូវ​នឹង​ចំណូលចិត្ត​ហ្វេន​ដ៏​ធំ​របស់​គាត់ ចំណែក​ឯ​អាគម​បរ​ព្រៃ អ្នក​និពន្ធ​ចង់​បាន​ក្រុម​គោលដៅ​ថ្មី​មក​បូក​បន្ថែម។

អ្នក​និពន្ធ​សង្កត់​ធ្ងន់​ថា "ខ្ញុំ​បាន​ទៅ​និយាយ​ជាមួយ​តារា​ពីរ​បី​រូប​ដែល​ល្បី​លើ​អនឡាញ ​ខ្ញុំ​ប្រាប់​ទំាង​អស់​ថា លក់​សៀវភៅ​មិន​បាន​ធ្វើ​ឱ្យ​ភាគី​ណា​មួយ​មាន​បាន​ទេ សូម្បី​អ្នក​និពន្ធ អ្នក​បោះពុម្ព​ ឬ​អ្នក​លក់​ដុំ ​លក់​បន្ត​ ប៉ុន្តែ​សៀវភៅ​ជា​អ្វី​មួយ​ដែល​ចូល​ទៅ​កែប្រែ​សង្គម​យើង​បាន​តាម​រយៈ​ឥទ្ធិពល​សម្ងាត់​របស់​វា ចុង​ក្រោយ​ម៉ារិនី​បាន​យល់​ព្រម! ខ្ញុំ​អាណិត​គាត់​ដែល​គេង​បាន​បី​បួន​ម៉ោង​ ហើយ​ថែម​ទំាង​កាត់​មួយ​ម៉ោង​រាល់​ថ្ងៃ​មក​លក់​សៀវភៅ! រក​ឯណា​បាន?”

តាម​គម្រោង​ រឿង​អាគម​បរ​ព្រៃ​នឹង​ចេញ​ជា​សៀវភៅ​ពិត​​នៅ​ថ្ងៃ​ទី​២​ ខែ​មេសា​នេះ ក្នុង​ទម្រង់​ក្រប​រឹង (HardCover) និង​ទំហំ ១២,២​ ស.ម x ​១៧ ស.ម កម្រាស់​២០០​ទំព័រ លក់​ចេញ​ក្នុង​តម្លៃ ២៥ ០០០ ​រៀល។ តម្លៃ​នេះ តារា​ស្រី​ ហង្ស មារិនី ទទួល​បាន​ ៥ ០០០ រៀល​ក្នុង​មួយ​ក្បាល។ នាង​បាន​ប្រកាស​ថា នឹង​យក​ចំណូល​ពី​ការ​លក់​សៀវភៅ​នេះ​ទៅ​​ធ្វើ​សកម្មភាព​សប្បុរសធម៌ និង​ជ្រោម​ជ្រែង​ក្រុម​អ្នក​លក់។

បើ​តាម​អ្នក​និពន្ធ​ឱ្យ​ដឹង​ អាគម​បរ​ព្រៃ​បោះផ្សាយ​តែ​១​ពាន់​ក្បាល​ប៉ុណ្ណោះ គឺ​តិច​ជាង​ចំនួន​សៀវភៅ​បោះ​មុន​ៗ។ អ្នក​ស្រី​ពន្យល់​ត្រង់​ណេះ​ថា នេះ​ជា​ការ​សម្រេច​ចិត្ត​របស់​ក្រុម តម្រា ដែល​ជា​ក្រុម​យុវវ័យ​លើក​កម្ពស់​ការ​អាន​មួយ ហើយ​ដោយ​សារ​គេ​មាន​លទ្ធភាព​ទិញ​យក​សិទ្ធិ​បោះពុម្ព​តែ​មួយ​ពាន់​ក្បាល ​អ៊ីចឹង​ចំនួន​សៀវភៅ​មិន​អាច​លើស​ពី​នេះ​បាន៕

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម