ដំបូងខឹងម៉ាក់ប៉ាបង្ខំឲ្យការ តែពេលរស់នៅជាមួយគ្នាទើបដឹងថា ពិតជាមិនខុសមែន
- 2019-03-15 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំបូងខឹងម៉ាក់ប៉ាបង្ខំឲ្យការ តែពេលរស់នៅជាមួយគ្នាទើបដឹងថា ពិតជាមិនខុសមែន
ពាក្យថារៀបការទាំងបង្ខំ ហើយដល់ពេលណាមួយនឹងលែងគ្នា គឺគ្មាននៅក្នុងខួរក្បាលខ្ញុំទៀតទេ។ បើរៀបរាប់ទៅអាចដូចរឿងកុនថៃ កូរ៉េ ដែលថារៀបការក្នុងកិច្ចសន្យា ហើយក្លាយជាប្តីប្រពន្ធមែនទែន តែនេះជាជីវិតពិត ហើយវាពិតជាបែបនោះមែន។
មុនដំបូងខ្ញុំក៏គិតថារឿងបែបនេះ មានតែក្នុងទូរទស្សន៍ប៉ុណ្ណោះ ជីវិតពិតគ្មានអ្នកណាទៅប្រថុយរៀបការជាមួយមនុស្សដែលមិនស្គាល់ ហើយមិនបានស្រលាញ់គ្នាផងនោះ។ តែទីបំផុតរឿងបែបនេះ ក៏ធ្លាក់មកលើខ្លួនខ្ញុំវិញ ខ្ញុំស្ទើរតែឆ្កួត ព្រោះម៉ាក់ប៉ាយកអនាគតខ្ញុំទៅលេងសើចដូចក្នុងល្ខោន។ បើនិយាយទៅខាងណោះវិញខ្ញុំក៏មិនដឹងថា គេយ៉ាងណាទេ ដឹងរឿងសំខាន់មួយ គឺគេមានសង្សារហើយ ហើយសង្សារគេជាប្អូនស្រីរបស់ជីដូនមួយមិត្តភ័ក្ដិខ្ញុំ។ ខ្ញុំ និងមិត្ត បានហៅបុរសម្នាក់នោះមកពិភាក្សា ថាគួររកលេសយ៉ាងម៉េច ដើម្បីដោះខ្លួនពីការចាប់ផ្គុំបែបចាស់គំរឹលនេះ។
ថ្ងៃជួបមុខគ្នាលើកដំបូង ខ្ញុំមិនបានសង្កេតមើលបុរសនោះឡើយ ហើយខ្ញុំដឹងថាគេក៏មិនបានមកចាប់ភ្លឹកនឹងខ្ញុំមុខស្អាត ឬមិនស្អាតដែរ តែអ្វីដែលចាំគឺគំនិត និងចរិតពួកយើងមិនស្របគ្នាសូម្បីតែបន្តិច។ ពេលនិយាយគ្នារកវិធីទៅប្រាប់ចាស់ទុំ ខ្ញុំ និងគេឈ្លោះគ្នារហូត បើគ្មានមិត្តភ័ក្ដិមកជាមួយ ពួកខ្ញុំប្រហែលជាប្រខាំគ្នាដូចឆ្កែឆ្មារក៏មិនដឹង។ ជាចុងក្រោយពួកយើងរកបានហេតុផលសមរម្យមួយ គឺថាខ្ញុំត្រូវទៅរៀននៅចិនបន្ត ព្រោះគ្រួសារខ្ញុំចង់បានឲ្យកូនទៅរៀននៅស្រុកគេ ដើម្បីមានមុខមាត់ក្នុងសង្គមបានច្រើន ហើយក៏ជាបំណងពួកគាត់ដ៏ធំផងដែរ។ ចំណែកខាងណោះវិញ គាត់លើកហេតុផលថា មនុស្សខ្ញុំមិនត្រូវចិត្តគាត់។
តែអ្វីដែលពួកខ្ញុំទទួលបានមកវិញ គឺដាច់ខាតត្រូវតែរៀបការ។ តាំងពីកើតរហូតមកដល់ពេលនេះ ខ្ញុំមិនធ្លាប់បដិសេធ និយាយតមាត់ ឬនិយាយសំឡេងខ្លាំងដាក់អ្នកមានគុណឡើយ ហើយគាត់ក៏មិនដែលហាមឃាត់ខ្ញុំដែរ ម៉េចក៏លើកនេះដាច់ខាតខ្លាំងម្ល៉េះ។ ដ្បិតតែខ្ញុំកាចឆ្នាសឆ្នើម ព្រោះជាកូនស្រីពៅ ក្នុងចំណោមបងប្អូន ៦ នាក់ តែមិនដែលមានសម្ដីលើសខ្វះដាក់ពួកគាត់ ម្ដងនេះព្រោះតែមិនអាចធ្វើតាម ខ្ញុំបានស្រែកសម្លុតទៅម្ដាយ ធ្វើឲ្យគាត់ទន់ជើងដួល។
ពីដើមមកខ្ញុំប្រកាន់គោលគំនិតមួយថា បើរៀបការ ខ្ញុំនឹងរៀបការជាមួយបុរសដែលស្គាល់ច្បាស់ពីខ្ញុំ ស្រលាញ់ តាមចិត្ត និងមានអត្តចរិតដូចខ្ញុំ តែគំនិតមួយនោះត្រូវរលាយបាត់បន្ទាប់ពីខ្ញុំស្រែកខ្លាំងៗដាក់ម៉ាក់។ ប៉ាឃើញបែបនោះ ក៏មិនសប្បាយចិត្ត មួយគ្រួសារសុទ្ធតែមើលមុខគ្នាលែងចំ ក្រោយសម្ដីបែបនោះចេញពីមាត់ខ្លួនឯងហើយ ខ្ញុំមានវិប្បដិសារីខ្លាំងណាស់ បន្ទាប់មកខ្ញុំក៏លែងប្រកែក ព្រោះមិនអាចឃើញអ្នកមានគុណធ្លាក់ក្នុងសភាពបែបនោះម្ដងទៀត។ មិនដឹងថាខាងណោះគេចង់ការ ឬអត់ទេ សំខាន់ខ្ញុំបានបំពេញតួនាទីជាកូនកតញ្ញូរួចហើយ តែក្នុងចិត្តបន់ឲ្យគេប្រកែកដែរ ដើម្បីបានរួចខ្លួន។
កន្លងទៅ ៣ ថ្ងៃខាងប្រុសគេឲ្យដំណឹងថា នឹងរៀបចំពិធីមង្គលការខែក្រោយ។ តាមពិតកូនកំលោះគេក៏មិនព្រមដែរ តែដោយសារឃើញខ្ញុំព្រម គេក៏រៀបការទាំងបង្ខំ ព្រោះត្រូវចាស់ៗព្រួតគ្នាថាឲ្យចាញ់ខ្ញុំជាមនុស្សស្រី។ ពួកយើងក៏ណាត់គ្នាមកនិយាយម្ដងទៀតពីរឿងអនាគត និងថតរូបទុកថ្ងៃការ តែមិនមែនជា pre-wedding អីទេ ព្រោះគ្មានចិត្តចង់សោះ។ ពេលបានជួបគ្នាម្ដងទៀត ទើបខ្ញុំដឹងថា អនាគតកូនកំលោះខ្ញុំសង្ហាមិនធម្មតាដែរ កម្រិតសិក្សា ការងារក៏ល្អ ចរិតទៀតសោតក៏មិនអាក្រក់អីដែរ គ្រាន់តែពេលនោះយើងខ្វែងគំនិតគ្នា។
ការសម្រេចចិត្តរបស់ពួកយើង គឺអំឡុងពេល ២ ឆ្នាំនឹងលែងលះគ្នា ព្រោះរស់នៅមិនចុះសម្រុង ណាមួយខ្ញុំគិតគាត់ក៏មិនចង់ឲ្យសង្សារខូចចិត្ត ហើយខ្ញុំក៏មិនចេះរស់នៅជាមួយមនុស្សមិនស្រលាញ់គ្នា ណាមួយអាណិតចិត្តមនុស្សស្រីដូចគ្នា ខំស្រលាញ់គ្នាឡើងចង់ ១០ ឆ្នាំមកបែកគ្នាព្រោះរឿងចាស់ៗចាប់ផ្សំផ្គុំ។
ថ្ងៃរៀបការខ្ញុំក៏មិនសូវហៅមិត្តភ័ក្ដិមកដែរ ព្រោះមិនដឹងឆ្លើយតបនឹងសំណួរពួកគេ ហើយមិត្តខាងគេក៏មិនសូវមាន។ ពួកយើងជាកូនក្រមុំ-កូនកំលោះដែលសោះកក្រោះ ព្រោះគ្មានមិត្តមកកូរកម្មវិធីដូចគេឯង។ មានតែសាច់ញាតិ ហើយពួកគាត់នាំគ្នាបង្អាប់ថា ប្រកែកៗដល់ពេលឈរទឹមគ្នាសមគ្នាសឹងអី។
២ ខែកន្លងទៅ ទើបខ្ញុំដឹងថា ហេតុអ្វីបានជាម៉ាក់បង្ខំខ្ញុំឲ្យរៀបការជាមួយរបស់បុរសនោះខ្លាំងម្ល៉េះ។ គាត់ជាសុភាពបុរសពិតៗ ដ្បិតរស់នៅក្នុងបន្ទប់តែមួយ តែគាត់មិនដែលបង្ខំ ឬបន្លំប៉ះពាល់ខ្ញុំឡើយ ដើរក៏ចាំនៅពីក្រោយញ៉ាំអីក៏ទាយកៅអី និងរុញឲ្យ បើកទ្វារឡានឲ្យ មិនដែលចេះស្រែកគំហក ឬសម្ដីធំដាក់ខ្ញុំយ៉ាងម៉េច មិនចេញទៅដើរលេងយប់ មានតែខ្ញុំវិញទេដែលច្រែតៗគ្មានទប់មាត់បានទៅគាត់។
ព្រឹកឡើងពួកយើងបំបែកគ្នាទៅធ្វើការ ឃើញមុខគ្នាតែពេលយប់ប្រហែល ២ ម៉ោង ក៏ចូលគេងរៀងខ្លួន។ សៅរ៍អាទិត្យពួកយើងនៅផ្ទះជុំជាមួយចាស់ៗក្នុងផ្ទះ ឬពេលខ្លះទៅដើរផ្សារម្ដងៗ។ អ្នកផ្ទះគាត់ស្រលាញ់ខ្ញុំខ្លាំងណាស់ ខ្លាំងរហូតដល់ខ្ញុំមានអារម្មណ៍ថា ទីនេះជាផ្ទះរបស់ខ្លួន ហើយនៅចំពោះមុខចាស់ៗ ពួកយើងសម្ដែងដូចជាប្ដីប្រពន្ធដែលស្រលាញ់គ្នាខ្លាំងណាស់ចឹង គឺ ផ្អែមលើសជាងស្ករទៅទៀត។ ខ្ញុំមិនដឹងថា ខ្ញុំចាប់ផ្ដើមចាញ់អំពើល្អ និងធ្លាក់ក្នុងអន្លង់ស្នេហ៍គាត់តាំងពីពេលណាឡើយ ដឹងត្រឹមថា មិនអាចបាត់មុខគាត់យូរឡើយ។
បើត្រឡប់មកពីធ្វើការវិញមិនឃើញគាត់ គឺខ្ញុំអន្ទះអន្ទែងខ្លាំង តែមិនមែនខ្លាចគាត់ទៅជួបសង្សារចាស់ឡើយ គឺខ្លាចមានគ្រោះថ្នាក់អ្វី ឬធ្វើការហត់នឿយជ្រុលប៉ុណ្ណោះ។ ទោះជាយ៉ាងណាខ្ញុំខំធ្វើចិត្តដូចធម្មតា ព្រោះនឹកអាណិតចិត្តមិត្តស្រីចាស់គាត់ដែលនៅរង់ចាំ។
កន្លះឆ្នាំកន្លងទៅសង្សារចាស់គាត់ក៏បានរៀបការជាមួយកូនខ្មែរនៅបរទេស ហើយពេលនោះក៏ជាពេលដែលខ្ញុំបានដឹងថា តាំងពីរៀបការរួចមក គឺគាត់លែងនឹកនាសង្សារចាស់ទៀតហើយ ព្រោះពេលឮដំណឹងនោះ គាត់មើលទៅធម្មតា ហើយពេលមានឱកាសខ្ញុំក៏សួរគាត់ថា ម្ដេចមិនឃាត់នាង។ គាត់ក៏តបថា ឃាត់ធ្វើអី បើគាត់ក៏មានប្រពន្ធហើយដែរ។ ពេលនោះគាត់ក៏បាននិយាយប្រាប់ថា គាត់មិនបានឲ្យសង្សារចាស់គាត់រង់ចាំឡើយ ព្រោះគាត់មិនព្រមឲ្យខ្ញុំមានឈ្មោះជាស្រីមេម៉ាយទេ។
ឮបែបនេះ ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំង តែខំធ្វើចិត្ត ហើយធ្វើជាសួរដេញដោលទាំងដឹងព្រាលៗថា គាត់ក៏មានចិត្តលើខ្ញុំវិញ គ្រាន់តែមិនហ៊ានបង្ហើប។ "ម៉េចបងនិយាយចឹង ខាងណោះគេខូចចិត្តស្លាប់ហើយ”? គាត់ថា ជ្រុលជាយល់ព្រមទទួលយកនារីណាជាភរិយាហើយ គាត់គ្មានថ្ងៃនារីម្នាក់នោះខូចចិត្តដាច់ខាត។ បន្ថែមពីលើនោះ គាត់ក៏បញ្ជាក់ដែរថា ពេលជួបមុខគ្នាដំបូង គាត់បែរជាក្នាញ់ចរិតយកតែឈ្នះចិត្តរបស់ខ្ញុំ។ បន្ទាប់មកគាត់ក៏សួរខ្ញុំវិញថា ខ្ញុំពិតជាចង់លែងលះមែនអី ព្រោះនៅតែជាង ១ ឆ្នាំទៀតប៉ុណ្ណោះ? ខ្ញុំបែរជាស្រឡាំងកាំង ព្រោះខ្ញុំមិនដឹងថា បើដល់ថ្ងៃនោះ ខ្ញុំពិតជាហ៊ានស៊ីញេលែងគ្នា តែក៏នៅមិនទាន់ហ៊ានសារភាព ព្រោះខ្លាចគេថា គ្រាន់តែសង្សារចាស់គេការភ្លាម ឯងបើកដៃទៅរកសង្សារគេភ្លែត។
អ្វីដែលឆ្លើយបាន មានតែប្រាប់គាត់ថា "ខ្ញុំរាល់ថ្ងៃសាំទៅនឹងបរិយាកាសបែបនេះ គ្រួសារមួយនេះ ហើយមិនដឹងថា បើផ្លាស់ទៅផ្ទះវិញ អាចគ្មានអារម្មណ៍កក់ក្ដៅបែបនេះទៀតឬអត់ទេ ហើយប្រហែលមិនទម្លាប់ក្រោកឡើងមិនឃើញមុខបងទេ"។ គាត់យល់ពីចម្លើយសារភាពរបស់ខ្ញុំណាស់ ហើយពួកយើងក៏បានរស់នៅជាប្ដីប្រពន្ធពេញលេញចាប់ពីពេលនោះយក។
អ្វីដែលចង់បង្ហាញ គឺចង់អរគុណដល់ម៉ាក់ប៉ាទាំងសងខាង និងចង់ប្រាប់ថាក្ដីស្នេហាកើតឡើងទៅបាន គឺពេលមនុស្សពីរនាក់នៅជិតគ្នា ជឿជាក់លើគ្នា ហើយទោះជាគេចង់ដាក់ស្នេហ៍យ៉ាងម៉េចក៏មិនអាចយករបស់យើងទៅបានដែរ បើអ្នកផ្ដល់ភាពកក់ក្ដៅឲ្យគ្នាបានគ្រប់គ្រាន់ ដូចនេះហើយទើបចាស់ៗច្រើននិយាយតគ្នា «ស្នេហ៍មិនឈ្នះស្និទ្ធ»៕