តារាសម្ដែងល្បីៗនៅកម្ពុជារួមគ្នាផ្សព្វផ្សាយសមភាពយេនឌ័រក្នុងទិវាសិទ្ធិនារី
- 2019-03-07 07:45:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាសម្ដែងល្បីៗនៅកម្ពុជារួមគ្នាផ្សព្វផ្សាយសមភាពយេនឌ័រក្នុងទិវាសិទ្ធិនារី
នាថ្ងៃទី០៨ ខែមីនានេះ សិល្បការិនីល្បីៗជាច្រើនរូបនឹងរួមគ្នារៀបចំកម្មវិធីដ៏ពិសេសអស្ចារ្យ “តន្ត្រីអបអរទិវាសិទ្ធិនារីឆ្នាំ២០១៩” នៅអគារភ្នំពេញ Factory ។ សិល្បការិនីទាំងនោះរួមមាន កញ្ញា មាស សុខសោភា សុខ ពិសី ឡរ៉ា ម៉ម អេដា ក្រុម Smallworld Smallband ក្រុមរាំ OMG Girls Dance Crew ក្រុមសិល្បករ New Cambodian Artists ព្រមទាំងពិធីការិនី ឌីចេ ណាណា។
កញ្ញា ឡរ៉ា ម៉ម ដែលជាតារាចម្រៀង និងជានាយកប្រតិបត្តិនៃផលិតកម្មបារមីបាននិយាយថា៖ “នេះគឺជាព្រឹត្តិការណ៍ដ៏ពិសេសមួយ។ វាគឺជាការប្រារព្ធដើម្បីបង្ហាញអំពីកម្លាំង និងអំណាចរបស់ស្ត្រី។ ព្រឹត្តិការណ៍នេះនឹងរួមបញ្ចូលទីផ្សារដ៏ធំមួយដែលមានបណ្តាក្រុមហ៊ុនអាជីវកម្មជាង៤០ ក្នុងនោះដែរជាងពាក់កណ្តាលកាន់កាប់ដោយស្ត្រីខ្មែរ។ កម្មវិធីនេះក៏មានការសម្តែងសិល្បៈ ការពិព័រណ៍សិល្បៈ សកម្មភាពគ្រួសារ អាហារ និងកម្មវិធីជាច្រើនផ្សេងទៀត ដោយចាប់ផ្តើមពីម៉ោង៤:០០ រសៀលតទៅ។
ការប្រគំតន្ត្រីចាប់ផ្តើមពីម៉ោង ៦:០០ ល្ងាចតទៅ ដោយចាប់ផ្តើមជាមួយនឹងចម្រៀងសម័យបុរាណដ៏ល្បីល្បាញរបស់លោកស្រី រស់ សេរីសុទ្ធា និងលោកស្រី ប៉ែន រ៉ន ការសម្តែងក្បាច់រាំរបស់ NCA and OMG Girls Dance Crew និងក្រុម Vartey Ganiva band កញ្ញា អេដា កញ្ញា សុខ ពិសី កញ្ញា ឡរ៉ា ម៉ម ដោយមានរួមបញ្ចូលក្រុមអូន និងក្មេងខ្មែរ ក្រុម Smallworld Smallband កញ្ញា មាស សុខសោភា និងការបិទបញ្ចប់កម្មវិធីដោយ ឌីចេ រ៉ូស។
តេង សុផាន់ណា ប្រធានធនធានមនុស្សនៃក្រុមហ៊ុនស្មាតនិយាយថា៖ “ខ្ញុំពិតជារំភើបខ្លាំងណាស់ដែលឃើញព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ ដែលអាចឲ្យយើងផ្លាស់ប្តូរការគិតដែលស្ត្រីមិនអាចទៅឆ្ងាយបាន។ ព្រឹត្តិការណ៍នេះ នឹងបង្កើតផលប៉ះពាល់ជាវិជ្ជមានសម្រាប់ស្ត្រីនៅក្នុងសង្គម។ ជឿជាក់លើខ្លួនអ្នក។”
សម្រាប់អ្នកចង់ចូលរួមនេះ មានកម្មវិធីគួរឲ្យចាប់អារម្មណ៍ជាច្រើននឹងកើតមានរហូតថ្ងៃប្រារព្ធកម្មវិធី។ ត្រៀមខ្លួនទស្សនាការបង្ហាញវីដេអូដ៏ជក់ចិត្តនៃកិច្ចសន្ទនាគ្នាជាមួយក្រុមស្ត្រីកម្ពុជាដែលមានឥទ្ធិពល និងវីដេអូតន្ត្រីថ្មីរបស់ កញ្ញា ឡរ៉ា ម៉ម។
លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិនៅកម្ពុជាបានមានប្រសាសន៍ថា៖“ការប្រគំតន្ត្រីនេះ គឺជាចក្ខុវិស័យដ៏សំខាន់មួយដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរ និងធានាថាសិទ្ធិ និងសំឡេងរបស់ស្ត្រី និងយុវតីនៅទូទាំងប្រទេសកម្ពុជា ត្រូវបានគេទទួលស្គាល់ពេញលេញ។
យើងពិតជាមានមោទនភាពណាស់ដែលបានចូលរួមប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិឆ្នាំ២០១៩ ជាមួយក្រុមស្ត្រីអ្នកដឹកនាំវ័យក្មេង។”
ព្រឹត្តិការណ៍ការប្រគំតន្ត្រីអបអរទិវាសិទ្ធិនារីរៀបចំដោយផលិតកម្មបារមី និង The Sound Initiative សហការជាមួយក្រុមហ៊ុនស្មាត។ ម្ចាស់ជំនួយសប្បុរសនានាសម្រាប់ព្រឹត្តិការណ៍ប្រគំតន្ត្រីនេះ រួមមានស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា អង្គការសហប្រជាជាតិនៅកម្ពុជា (UNDP, OHCHR, WFP, UNFPA, UNAIDS), ក្រុមហ៊ុន Vivo ក្រុមហ៊ុន Mekong Homes កិច្ចសហប្រតិបត្តិការណ៍ និងអភិវឌ្ឍន៍អន្តរជាតិរបស់ស្វីស ស្ថានទូតចក្រភពអង់គ្លេស ស្ថានទូតអូស្ត្រាលី និងក្រុមហ៊ុនតូយ៉ូតា។
សម្រាប់ព័ត៌មានបន្ថែមថ្មីៗ និងទំនាក់ទំនងទៅកាន់អ្នករៀបចំកម្មវិធី សូមចុចទីនេះ!