រៀបការ​ចំ​មនុស្ស​ខុស មនុស្ស​ស្រី​មិនបាច់​ទ្រាំ​ទេ ដើរ​ចេញ​សន្សំ​កម្លាំង​មើលថែ​កូន​វិញ

  • 2019-03-01 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​មនុស្ស​ស្រី​ណា​ចង់​រៀបការ​ខុស​នោះ​ទេ តែ​គ្មាន​អ្នកណា​អាច​មើល​ឃើញ​ពី​អនាគតទៅ​ជា​យ៉ាង​ណា​នោះ​ទេ? ថ្ងៃនេះ​គេ​ធ្វើ​ឲ្យ​យើង​គិត​ថា​ជា​ល្អ ចុះ​តើ​រៀបការ​រួច​គេ​អាច​នឹង​ទៅ​ជា​យ៉ាង​ណា?

បទ​ពិសោធន៍​ដ៏​ឈឺចាប់​ធំ​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ​គឺ​រៀបការ​ប៉ះ​ចំ​មនុស្ស​ប្រុស​ខុស ហើយ​វា​ក៏​ជា​មេរៀន​ដែល​ខ្ញុំ​ពិបាក​នឹង​ស្រមៃ​ថា​កើត​ឡើង​ចំ​លើ​ខ្ញុំ​ផង​ដែរ។ ប៉ុន្តែ​នៅ​ពេល​ដែល​វា​បាន​មក​ដល់​ហើយ​ តើ​យើង​នឹង​ត្រូវ​ធ្វើ​បែប​ណា?

កាន់​តែ​ទ្រាំ​ កាន់​តែ​ឈឺ​ កាន់​តែ​ថោក​ទាប​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ស្រមៃ​ថា​គេ​នឹង​ភ្ញាក់​រលឹក កែ​ខ្លួន​ដើម្បី​ប្រពន្ធ​កូន តែ​កំណើត​មនុស្ស​ដែល​មាន​សន្ដាន​ក្បត់ សន្ដាន​បំផ្លាញ​ទៅ​ហើយ​ពិបាក​នឹង​កែ​ណាស់ ទោះ​បី​ខំ​ដល់​ស្លាប់​ខ្លួន​ក៏​ដោយ។

ខ្ញុំ​មិន​ដឹង​ថា​សារជាតិ​ធ្វើ​ឲ្យ​សុភមង្គល​គ្រួសារ​រលាយ​បែប​នេះ​គេ​បាន​មក​ពី​ណា​ទេ ព្រោះ​គេ​ពី​មុន និង​គេ​ពេល​នេះ​ខុស​គ្នា​ស្រឡះ។ ដោយហេតុ​និស្ស័យ​ជា​ប្ដី​ប្រពន្ធ និស្ស័យ​ធ្លាប់​ស្រឡាញ់​គ្នា​ខ្លាំង ខ្ញុំ​មិន​ដាច់​ចិត្ត ខ្ញុំ​ខាំ​មាត់​សង្កត់​ចិត្ត​មិន​ព្រម​ដើរចេញ ព្រោះ​ក៏​នឹក​អាណិត​កូន ប៉ុន្តែ​កាន់​តែ​ទ្រាំ គឺ​ខ្ញុំ​កាន់​តែ​ខុស។

ខ្ញុំ​លែង​ចំណាយ​កម្លាំង ចំណាយ​ទឹក​ភ្នែក​ទៅ​លើ​មនុស្ស​បែប​នេះ​ទៀត​ហើយ ព្រោះ​កាន់​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ដុនដាប​ជាង​មុន។ ខ្ញុំ​ជ្រើស​យក​វិធី​ដើរចេញ​ នឹង​សម្រេច​ចិត្ត​លែងលះ មិន​ឲ្យ​សល់​ស្នាម​អី​ទាក់ទង​នឹង​គ្នា​ទៀត​ឡើយ។ កម្លាំង​ដែល​ខ្ញុំ​ទ្រាំ​ជាមួយ​គេ​ពីមុន ខ្ញុំ​សុខចិត្ត​យក​មក​មើលថែ​ខ្លួន​ និង​កូន​ខ្ញុំ​ប្រសើរ​ជាង ព្រោះ​មិន​ចាំបាច់​ដេក​ស្រក់​ទឹក​ភ្នែក​រាល់​យប់។

គ្មាន​មនុស្ស​ប្រុស​ម្នាក់​នោះ ខ្ញុំ​ក៏​មិន​ស្លាប់​ដែរ ខ្ញុំ​រឹងមាំ​គ្រប់​គ្រាន់​នឹង​ចិញ្ចឹម​កូន​ខ្ញុំ​ដោយ​មិន​បាច់​មាន​វត្តមាន​គេ។ ខ្ញុំ​មិន​ចង់​ឲ្យ​កូន​ខ្ញុំ​ធំ​ដឹង​ក្ដី​ក្នុង​គ្រួសារ​ដែល​មាន​តែ​ភាព​រកាំរកូស គ្មាន​សុភមង្គល ដូច្នេះ​ទុក​ឲ្យ​ខ្ញុំ​ម្នាក់​បាន​ហើយ​ដែល​ផ្ដល់​សុភមង្គល​នោះ​ឲ្យ​ទៅ​កូន​ខ្ញុំ។

ខ្ញុំ​ចង់​ប្រាប់​ទៅ​មនុស្ស​ស្រី​គ្រប់​គ្នា​ថា បើ​អ្នក​រៀបការ​ខុស​នោះ​មិន​មែន​ជា​កំហុស​អ្នក​នោះ​ទេ តែ​អ្នកនឹង​ខុស​បើ​អ្នក​ទ្រាំ​រស់​នៅ​ជាមួយ​មនុស្ស​មិន​ល្អ​ម្នាក់៕

ចុចអាន៖ឈ្លោះ​គ្នា​បែក​ផ្សែង​យ៉ាង​ណា​ក៏​ដោយ ក៏​ប្ដី​ប្រពន្ធ​មិន​បែក​គ្នាដែរ ឲ្យ​តែ​រក្សា​បាន​ចំណុច​នេះ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម