ទាក់ទងគ្នាជាង ១០ ឆ្នាំចុងក្រោយកូនក្រមុំមិនមែនជាខ្ញុំ នៅមានមុខមកនិយាយថា ជាមិត្តបានទៀត
- 2019-02-12 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាក់ទងគ្នាជាង ១០ ឆ្នាំចុងក្រោយកូនក្រមុំមិនមែនជាខ្ញុំ នៅមានមុខមកនិយាយថា ជាមិត្តបានទៀត
បើជ្រុលជាបែកគ្នាហើយ អ្នកក៏ជិតរៀបការដែរ ហេតុអ្វីក៏តាមចងពៀរខ្ញុំម្ល៉េះ? អ្នកឲ្យខ្ញុំកាត់ចិត្ត ខ្ញុំក៏កាត់ចិត្ត ហេតុអ្វីគ្រាន់តែអ្នកជិតរៀបការ ចាំបាច់មកហៅខ្ញុំទៅចូលរួមធ្វើស្អី? ខ្វះខ្ញុំអ្នកចូលរួមម្នាក់ លោកគ្មានសេចក្ដីសុខមែន? ឬទាល់តែខ្ញុំទៅ ទើបអ្នកអាចរៀបការមានសុភមង្គល? អ្នកមកអញ្ជើញខ្ញុំបែបនេះ មានគិតពីមុខមាត់ខ្ញុំដែរឬទេ? មានគិតពីអារម្មណ៍ខ្ញុំទេ?
ក្ដីស្រលាញ់ដែលយើងទាំងពីរខំសាងមកមានជាង ១០ ឆ្នាំ បានរលាយទៅបាត់ត្រឹមរយៈពេល ២ ខែក្រោយអ្នកស្គាល់ស្រីថ្មី។ ខ្ញុំក៏មិនបានតោងទាមអ្វីដែរ សុំត្រឹមបែកគ្នាហើយ មិនបាច់និយាយ ឬនៅស្គាល់គ្នាទៀតទេ។
ពេលវេលាជាង ១០ ឆ្នាំនេះ យើងទៅណាមកណាជាមួយគ្នាគ្រប់ពេល បងប្អូនចាស់ទុំទាំងសងខាងស្គាល់ និងដឹងឮទាំងអស់ នៅតែថ្ងៃភ្ជាប់ពាក្យ និងថ្ងៃការប៉ុណ្ណោះ តែដល់ពេលការកូនក្រមុំមិនមែនជាខ្ញុំអ្នកគិតថា ខ្ញុំអាចទទួលយកបានមែនទេ? ខ្ញុំសូបប្រាប់ថា ខ្ញុំមិនអាចទទួលយកបានទេ បេះដូងធ្វើឡើងពីសាច់ ចេះឈឺចាប់ដូចគ្នា។
ទៅណាមកណាគេឯងនាំគ្នាសួរខ្ញុំលាន់ថា ឮថាសង្សារឯងជិតការ ហើយម៉េចបានកូនក្រមុំមិនមែនជាឯង? ខ្ញុំឈឺចិត្តផង ខ្មាសគេផង ម្ដាយឪពុកស្ដីឲ្យមុខក្រោយទៀត ព្រោះគាត់ក៏ត្រូវអ្នកជិតខាងចំអកឡកឡឺយឡើងហ៊ឹងត្រចៀកដែរ តើខ្ញុំនេះពិតជារឹងមាំតែងខ្លួនយ៉ាងស្អាត សើចឡើងស្រស់ទៅញ៉ាំការអ្នកបានមែនឬ? ការដែលនិយាយថា អ្នកដទៃគេបែកគ្នាហើយ អាចនៅរាប់អានគ្នាបានធម្មតា អានោះជារឿងរបស់គេ ចំណែករឿងយើងខ្ញុំសូមបដិសេធ ហើយសំបុត្រការ ខ្ញុំសូមមិនទទួល ព្រោះស្បែកមុខខ្ញុំមិនក្រាស់ ទៅនាំឲ្យគេមើលលើមើលក្រោមមិនឈប់នោះទេ។
ខ្ញុំធ្លាប់តឿនហើយតឿនទៀតរឿងស្រីញីឲ្យកែខ្លួនអ្នកថាកែម្ដងហើយម្ដងទៀត ខ្ញុំជឿរហូត ទាល់តែអ្នកចុងក្រោយនោះមានកូន ៣ ខែ រើខ្លួនលែងរួច ទើបបានខ្ញុំដឹងថា មួយឆ្នាំចុងក្រោយដែលគាត់មិនសូវមានពេលជាមួយខ្ញុំ ក៏ព្រោះតែអ្នកថ្មីគឺជាស្រីក្មេង ស្អាត ហើយត្រូវនៅតាមចិត្តគេសឹងគ្រប់ពេល។
បើជ្រុលជាក្បត់បែបនេះទៅហើយ ខ្ញុំសូមប្រកាសថា ខ្ញុំនិងអ្នកជាមនុស្សមិនស្គាល់គ្នា ហើយមិនបាច់ចាប់ផ្ដើមស្អីថ្មីទៀតទេ ជួបមុខធ្វើមិនឃើញ មានការងារត្រូវធ្វើជាមួយ សូមមិនធ្វើ និយាយរួមជាមនុស្សពីភពផ្សេងគ្នាទៅចុះ។ ប៉ុណ្ណេះខ្ញុំគិតថាល្អហើយ ព្រោះមិនបានចាត់ទុកជាសត្រូវ បើជាសត្រូវអ្នកអាចនឹងមិនចប់ដោយល្អមើលបែបនេះទេ៕
ចុចអាន៖ព្រោះតែការលេងសើចជាមួយស្រីផ្សេង ធ្វើឲ្យអ្នកបាត់បង់មនុស្សដែលខ្លួនស្រលាញ់ពិត