អាយុ​ម្ភៃ​ក្រាស់ហើយ​នៅ​លីវ ខ្លាច​ជា​ង​គេ​គឺ​ទៅ​ញ៉ាំ​ការ​គេ​តែ​ម្ដង

  • 2019-01-31 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​និយាយ​បំផ្លើស​ទេ ខ្ញុំ​មាន​អារម្មណ៍​ថា​ជីវិត​​នៅ​លីវសព្វ​ថ្ងៃ​គឺ​ស្រណុក​ពិត​មែន តែ​ឲ្យ​តែ​ត្រូវ​ញ៉ាំ​ការ​គេ​ម្ដង​ៗ គឺ​ភ័យ​ខ្លាច និង​ធុញ​ទ្រាន់​ជា​និច្ច នៅ​ពេល​ដែល​តែង​ត្រូវ​គេ​សួរ​ថា ពេល​ណា​បាន​ដល់​វេន​ខ្ញុំ។

ឆ្នាំ​នេះ​ខ្ញុំ​អាយុ​២៩ ឆ្នាំ កម្ពស់​បាន សម្រស់​ក៏​សម​ល្មម អ្នក​ជុំ​វិញ​តែង​និយាយ​ថា​ខ្ញុំ​ល្អ​គន់។ សព្វ​ថ្ងៃ​ខ្ញុំ​គឺ​ជា​គណនេយ្យករ​របស់​ក្រុមហ៊ុន​ធំ​មួយ ចំណូល​ច្រើន​គួរ​សម។ អាច​និយាយ​បាន​ថាជីវិត​សព្វ​ថ្ងៃ​គឺ​សម​ប្រកប​ខ្លាំង​ណាស់ ឯក​រាជ្យ​រឿង​លុយកាក់ អាច​មើល​ថែ​ខ្លួន​ឯង និង​ឪពុក​ម្ដាយ​បាន​យ៉ាង​ល្អ។ យ៉ាងណាមិញ ឪពុក​ម្ដាយ​ខ្ញុំ​មិន​បាន​គិត​ដូច​នេះ​ឡើយ ជា​ពិសេស​គឺ​ម៉ាក់​តែ​ម្ដង។ គាត់​មិន​ស្ងប់​ចិត្ត ព្រោះ​មិន​ដឹង​ថា​ពេល​ណា​ទើប​ខ្ញុំ​មាន​ប្ដី នៅ​ពេល​ដែលមិត្ត​រួម​ជំនាន់​ខ្ញុំ សុទ្ធ​តែ​មាន​កូន​១ ២​អស់​ហើយ។

រាល់​ពេល​បាយ​ជុំ​គ្នា ប្រធាន​បទ​ដែល​មិន​អាច​ជៀស​ផុត​នោះ​គឺ​ពេល​ណា​​ទើប​ខ្ញុំ​មាន​គ្រួសារ។ គាត់​ថា ខ្ញុំ​រៀនសូត្រ ការងារ​មាន​ត្រឹម​ត្រូវ ម៉េច​ក៏​អន់​ជាង​អ្នក​ដទៃ ដែល​រៀន​ទាប​ជាង​ខ្ញុំ។ ហើយ​រវល់​តែ​ការងារ​រហូត​បែប​នេះ រើស​បែប​នេះ ពេល​ណា​ទើប​ពួក​គាត់​មាន​ចៅ​ពរ​នឹង​គេ។ នៅ​ពេល​ខ្លះ នៅ​ពេល​ដែល​មិត្តភ័ក្ដិ​ហៅ​ការ ខ្ញុំ​តែង​ទៅ​ចូល​រួម​ដោយ​លាក់​ពួក​គាត់​ជា​និច្ច ព្រោះ​បើ​គាត់​ដឹង​ថា មិត្តខ្ញុំ​ម្នាក់​ទៀត​ការ ប្រាកដ​ជា​រអ៊ូ​ពេញ​មួយ​ថ្ងៃ​មិនខាន។ បើ​រោងការ​ណា​ដែល​ខ្ញុំ​លាក់​មិន​ជិត គឺ​ដឹង​តែ​ជីក​សួរ​ខ្ញុំ​ពេញ​មួយ​ថ្ងៃ​តែ​ម្ដង ថា​គេ​ការ​អស់​ហើយ ពេល​ណា​បាន​ដល់​វេន​ខ្ញុំ។

តាម​ការ​ពិត មាន​គេ​ស្រលាញ់​ខ្ញុំ​ដែរ តែ​រក​បាន​អ្នក​ដែល​នៅ​ក្បែរ​គ្នា​អស់​មួយ​ជីវិត​គឺ​មិន​ងាយ​ទេ មិន​អាច​ចេះ​តែ​រើស​ឲ្យ​តែ​បាន​ឡើយ។ ខ្ញុំ​តែង​ពន្យល់​ប្រាប់​ប៉ាម៉ាក់​ថា ការ​យឺត​ក៏​បាន​ដែរ កុំ​ឲ្យ​តែ​ការ​ខុស។ ស្ងាត់​បាន​តែ​ប៉ុន្មាន​ថ្ងៃ បទ​ចម្រៀង​ចាស់ ក៏​ត្រូវ​ពួក​គាត់​ផ្សាយ​ឡើង​វិញ​ទៀត។

ម៉ាក់​ខ្ញុំ​ទៅ​ណា​មក​ណា ក៏​តែង​សួរ​ថា មាន​កូន​ប្រុស​អ្នក​ណា​ល្អ​អត់ អាង​ណែនាំ​ឲ្យ​ខ្ញុំ ធ្វើ​ដូច​ខ្ញុំ អត់​ខ្លាំង​ណាស់​ចឹង។ ពេល​ខ្លះ​ខ្ញុំ​គិត​ថា ប៉ាម៉ាក់​ចង់​រក​បាន​តែ​អ្នក​ណា​ម្នាក់ ហើយ​លើក​ខ្ញុំ​ឲ្យ​បាត់​ៗ​ទេ។ សម្ពាធការងារ​ហើយ មក​ដល់​ផ្ទះ​ សម្ពាធ​រឿង​យក​ប្ដី​ទៀត។ ថ្ងៃ​ខ្លះ​គិត​ខ្លួន​ឯង​ដែរ​ថា យក​អ្នក​ណាមួយ​ឲ្យ​​ហើយ ឲ្យ​ប៉ាម៉ាក់​ឈប់តឿន​ទៀត តែ​គិត​ថា​សុភមង្គល​របស់​យើង​ទាំង​មូល មិន​អាច​លេង​សើច​បាន ក៏​សម្ងំ​ស្ដាប់​ពួក​គាត់​រអ៊ូ​តទៀត​ទៅ៕

ចុចអាន៖មិន​ចាំបាច់​ចង់​បញ្ឈឺ​សង្សារ​ចាស់​ទេ ធ្វើ​រឿង ៥ យ៉ាង​នេះ​ឲ្យតែ​បាន​ទៅជីវិត​ក៏ល្អណាស់

ប្រភព៖ Guu អត្ថបទ៖Caramel