ព្រោះ​តែ​ការ​លេង​សើច​ជាមួយ​ស្រី​ផ្សេង ធ្វើឲ្យ​អ្នក​បាត់បង់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ពិត

  • 2019-01-30 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សួរ​ថា​ជា​មនុស្ស​ស្រី​ដូច​គ្នា អ្នក​ណា​មិន​ឈឺចាប់​ពេល​បុរស​ខ្លួន​ស្រលាញ់​មក​ប្រាប់​ថា ស្រី​ដទៃ​គឺ​គាត់​គ្រាន់តែ​លេង​សើច​ប៉ុណ្ណោះ? ប៉ុន្តែ​ការ​លេង​សើច​កន្លង​មក​បែរជា​មិន​អី ស្រាប់តែ​ជាប់​ដៃ​ជាមួយ​មនុស្ស​ស្រី​ចុងក្រោយ​ដែល​គាត់​ប្រាប់​ថា ម្នាក់​នោះ​ជា​ស្រី​ចុងក្រោយ​ហើយ ហើយ​គាត់​នឹង​ឈប់​រហូត។

រូបតំណាង

ពិត​មែន​មនុស្ស​ស្រី​ម្នាក់​នោះ​ពិតជា​អ្នក​ចុងក្រោយ​ដែល​គាត់​បាន​លេង​សើច​មែន ព្រោះ​គាត់​នឹង​ត្រូវ​រៀបការ​ជាមួយ​នាង។ យើង​ទាំង​ពីរ​នាក់​ស្រលាញ់​គ្នា​ជិត ១០ ឆ្នាំ​មក​ហើយ ឆ្លង​កាត់​ឧបសគ្គ​ច្រើន​រាប់​មិន​អស់ ប្រៀប​ដូច​ជា​ការ​ធ្វើ​សង្គ្រាម​នៅ​លើ​សមរភូមិ​ដ៏​ធំធេង​ដែរ។ ចរិត​ខិលខូច តែ​លាក់​មុខ​ជា​សុភាព​បុរស​របស់​គាត់ ខ្ញុំ​ក៏​ដឹង ហើយ​ក៏​មិន​និយាយ​ស្ដី​អ្វី​ដែរ។ យូរ​ៗ​ទម្លាប់​បែប​នោះ​ក៏​មិន​អាច​កែ​បាន ដោយ​ហត់​ចិត្ត​នឹង​រឿង​ស្រី​ញី​ច្រើន ខ្ញុំ​ក៏​សូម​ដក​ខ្លួន តែ​គាត់​មិន​ព្រម គាត់​ថា​គាត់​នឹង​បញ្ចប់​ជាមួយ​នារី​ម្នាក់​នោះ​ដោយ​ខ្លួនឯង និង​ជា​លើក​ចុងក្រោយ។

ព្រោះតែ​ការ​ជឿ​ទុក​ចិត្ត ៣ ខែ​កន្លង​ទៅ​ខ្ញុំ​ក៏​ឮ​ដំណឹង​ថា គាត់​បែរជា​ជិត​ចូល​រោង​ការ​ជាមួយ​ម្នាក់​នោះ។ រឿង​ទាំង​នោះ គឺ​ចេញ​ពី​មាត់​សម្លាញ់​គាត់ ហើយ​គេ​ក៏​ជា​មិត្ត​ខ្ញុំ​ដែរ ដើម្បី​ចង់​ដឹង​ចម្លើយ​ពិត ខ្ញុំ​ក៏​ណាត់​សង្សារ​មក​និយាយ​គ្នា​តទល់។ គាត់​ថា សូម​ឲ្យ​ខ្ញុំ​ចាំ ព្រោះ​គាត់​ការ​ដើម្បី​បំពេញ​មុខ​ខាង​ស្រី​តែ​ប៉ុណ្ណោះ។ មិន​បាច់​ឮ​ដល់​រៀបការ​រួច ៥ ៦ ខែ​ក្រោយ​លែង គ្នា​ទេ ខ្ញុំ​ឮ​ត្រឹម​តែ​ពាក្យ «រៀបការ» ទឹក​ភ្នែក​ក៏​ហូរ​មក​បាត់​ទៅ​ហើយ។

បុរស​ម្នាក់​នោះ​ព្យាយាម​ប្រាប់​ពី​ហេតុផល​ដែល​ត្រូវ​រៀបការ​ថា មកពី​ពេល​ជ្រុលជ្រួស​ជាមួយ​គ្នា​សាច់​ញាតិ​ម្ខាង​ទៀត​ចាប់​បាន ហើយ​គេ​ក៏​បង្ខំ​ឲ្យ​រៀបការ។ ប៉ុន្តែ​ខ្ញុំ​មិន​បន្ទោស​នារី​ដូច​គ្នា​នោះ​ទេ គឺ​មក​ពី​គាត់​ខ្លួនឯង​ដែល​ចូលចិត្ត​ប្រព្រឹត្ត​ទង្វើ​ថោក​ទាប​នោះ​ខ្លួនឯង។

រៀបការ​កសាង​គ្រួសារ​ឲ្យ​មាន​សុភមង្គល​ចុះ​ថ្លៃ ហើយ​ក៏​មិន​បាច់​បែក​គ្នា​វិញ​ដែរ ខ្ញុំ​មិន​ទទួល​យក​អ្នក​ទៀត​ទេ មនុស្ស​ប្រុស​ដែល​យក​នារី​ត្រឹម​ការ​កំដរ​អារម្មណ៍​បែប​នេះ។

រឿង​ដែល​ខ្ញុំ​ចង់​ចែករំលែក​នេះ មិន​មែន​ចង់​បន្ទោស​ស្រី​ម្នាក់​នោះ​ទេ តែ​ចង់​ឲ្យ​បុរស​ៗ​ដឹង​ថា បើ​មាន​មនុស្ស​ខ្លួន​ស្រលាញ់​ស្មោះ​ត្រង់​ហើយ គួរតែ​ថែរក្សា​ឲ្យ​បាន​គង់វង្ស។ មួយ​វិញ​ទៀត​រឿង​ដែល​មនុស្ស​ប្រុស​តែង​និយាយ​ថា មាន​ស្រី​ផ្សេង​គ្រាន់តែ​ជា​ការ​លេង​សើច វា​ជា​ពាក្យ​បំផ្លាញ​ជំនឿ​ចិត្ត​ម្ខាង​ទៀត ព្រោះ​នារី​ណា​ក៏​មិន​ចង់​ឲ្យ​សង្សារ​ខ្លួន​ចែករំលែក​ក្ដី​ស្រលាញ់ ហើយ​ក៏​ជា​ការ​មើល​ងាយ​ស្រ្តី​ភេទ។

រូបតំណាង

លា​ហើយ​មនុស្ស​ប្រុស​សាវា តែ​ខ្ញុំ​ក៏​សំណាង​ល្អ​ដែរ ដែល​មិន​ទាន់​ជ្រុលជ្រួស ឬ​រៀបការ​ជាមួយ​បុរស​បែប​នោះ៕

ចុចអាន៖កុំ​សើច​ពេល​ឃើញ​គេ​លែង​គ្នា ព្រោះថ្ងៃក្រោយ​​អ្នក​មើល​មិន​ឃើញ​មង្គល​ការ​ខ្លួន​ទៅជាយ៉ាងណាឡើយ

អត្ថបទ៖ ទ្រី រ៉ាវី