របស់៨យ៉ាង តិចច្រឡំដាក់ចោលក្នុងឡានយូរអាចបង្កគ្រោះថ្នាក់ថ្ងៃណាមួយ
- 2019-01-28 04:10:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របស់៨យ៉ាង តិចច្រឡំដាក់ចោលក្នុងឡានយូរអាចបង្កគ្រោះថ្នាក់ថ្ងៃណាមួយ
ជាធម្មតាមានរបស់របរជាច្រើនដែលអ្នកបើកបរច្រើនទុកក្នុងរថយន្តចោល ដោយមិនចាប់អារម្មណ៍លើសុវត្ថិភាពឬគុណភាពរបស់ទាំងនោះទេ។ របស់សាមញ្ញនោះគ្មានអ្វីក្រៅពី ដបទឹកបរិសុទ្ធ ភេសជ្ជៈដែលមានជាតិហ្គាស៍ និងម្ហូបអាហារខ្ចប់នោះទេ ដែលអ្នកជំនាញផ្នែករថយន្តនិងវេជ្ជបណ្ឌិតជំនាញក៏ធ្លាប់បានលើកឡើងពីបញ្ហាប្រឈមទាំងនេះហូហែរដែរ។
អីចឹង! តើរបស់ទាំងនេះគ្មានសុវត្ថិភាពកម្រិតណាពេលទុកចោលក្នុងរថយន្ត?
១. ដបទឹកបរិសុទ្ធ៖
លោក គង់ សុជា ប្រធានផ្នែកសេវាកម្មជួសជុលរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតាបានពន្យល់ប្រាប់ពីមូលហេតុដែលមិនគួរទុកចោលដបទឹកបរិសុទ្ធក្នុងរថយន្ត ព្រោះទឹកដែលទុកចោលយូរក្នុងរថយន្តងាយរងកម្ដៅ ដោយវាបានទៅបំបែកសារធាតុគីមីនៅក្នុងទឹកអាចបង្កជាបញ្ហានិងនាំផល ប៉ះពាល់នៅពេលទទួលទាន។
លោកមិនបដិសេធថា ការដាក់ទឹកតាមឡានដើម្បីងាយស្រួលក្នុងការទទួលទាន អាស្រ័យតាមកាលៈទេសៈនិងតម្រូវការជាក់ស្ដែង។ ប៉ុន្តែក៏ត្រូវប្រុងប្រយ័ត្នខ្ពស់ ដើម្បីនាំផលប៉ះពាល់តិចតួចបំផុតពីការទទួលទានទឹកទាំងនោះ។
២. ម្ហូបអាហារខ្ចប់៖
វេជ្ជបណ្ឌិត កុយ វណ្ណី ជំនាញផ្នែកទឹកនោមផ្អែម និង ក្រពេញអ័រម៉ូនបានប្រាប់ថា ម្ហូបអាហារខ្ចប់ងាយខូចគុណភាពណាស់ពេលដាក់ទុកចោលក្នុងរថយន្ត ព្រោះសារធាតុគីមីដែលបញ្ចេញដោយថង់ ឬសម្ភារៈខ្ចប់នោះបានបំបែកខ្លួនពេលត្រូវកម្ដៅ និង ធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមថា យើងមិនគួរខ្ចប់អាហារហើយទុកចោលយូរពេកនោះទេ ដើម្បីជៀសវាងការមានបញ្ហាសុខភាពទៅថ្ងៃក្រោយ។
៣. ដែកកេះ៖
ពេលដែលត្រូវក្ដៅរយៈពេលយូរ អាចធ្វើឲ្យផ្ទុះបានថ្វីត្បិតតែវាមិនអាចបង្កគ្រោះថ្នាក់ដល់ជីវិតមែន ប៉ុន្តែវាអាចបង្កឲ្យសម្ភារៈក្នុងឡានឆាបឆេះបានយ៉ាងងាយ។
៤. កំប៉ុងថ្នាំបាញ់៖
ក្នុងកំប៉ុងថ្នាំទាំងនោះមានផ្ទុកពេញទៅដោយសារធាតុហ្គាសដែលរីកមាឌ ពេលត្រូវកម្ដៅ បើសិនជាទុកវាក្នុងឡានដែលត្រូវកម្ដៅថ្ងៃខ្លាំងវាអាចបង្កជាគ្រោះថ្នាក់បាន។
៥. Power Bank៖
នៅក្នុង Power Bank ទាំងនោះមានផ្ទុកសារជាតិគីមីម្យ៉ាង ដែលនឹងធ្វើប្រតិកម្មពេលត្រូវកម្ដៅខ្លាំង ដែលវាអាចបង្កឲ្យឆាបឆេះភ្លាមៗ។
៦. ទូរសព្ទ៖
កម្ដៅអាចធ្វើឲ្យទូរសព្ទរបស់អ្នកឆ្លង ឬគាំងបាន លោកអ្នកធ្លាប់ដែលចំណាំមើលទេ? ពេលអ្នកប្រើប្រាស់វានៅកន្លែងគ្មានធាតុត្រជាក់គ្រប់គ្រាន់ វាតែងតែដំណើរការយឺតៗ គាំងៗ។ ដូចនេះហើយទើបអ្នកមិនគួរទុកទូរសព្ទ ឬស្មាតហ្វូនចោលក្នុងឡានដែលចតហាលថ្ងៃក្នុងរយៈពេលយូរៗនោះទេ។
៧. បន្ទះស្អិត៖
ថ្វីត្បិតតែវាជាវត្ថុចាំបាច់ដែលត្រូវមានក្នុងឡាន ដើម្បីដាក់ទូរសព្ទដៃឬ វត្ថុផ្សេងៗកុំឲ្យរអិលជ្រុះមែនពិត តែវាផលិតចេញពីសារធាតុម្យ៉ាង ដែលមិនសូវធន់នឹងកម្ដៅប៉ុន្មានទេ ពេលដែលវាត្រូវកម្ដៅខ្លាំងវានឹងបញ្ចេញសារធាតុគីមីម៉្យាង ដែលមានក្លិនឆួល និងប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំងរហូតដល់អាចបង្កជំងឺមហារីកបានទៀតផង។ (ប្រភព៖ អាចារ្យធំ នគររាជ)
៨. ភេសជ្ជៈដែលមានជាតិហ្គាស៍
លោក ឡេង អេងហ៊ាង អ្នកគ្រប់គ្រងផ្នែកលក់របស់ក្រុមហ៊ុន Mazda បានប្រាប់ពីកម្រិតសុវត្ថិភាពរបស់ភេសជ្ជៈដែលមានជាតិហ្គាស៍ពេលទុកចោលក្នុងរថយន្តថា ភេសជ្ជៈដែលមានជាតិហ្គាស៍ងាយរងសីតុណ្ហភាពក្នុងរថយន្តណាស់ ព្រោះកាលណាយើងបិទកញ្ចក់ជិត កម្ដៅក្នុងរថយន្តចាប់ផ្ដើមកើនឡើង ដែលនេះជាមូលហេតុធ្វើឲ្យភេសជ្ជៈខូចគុណភាព ដោយសារសារធាតុម៉ុងតុលបានបំបែក ។
ជាក់ស្ដែង តាមបទពិសោធន៍លោកបានឲ្យដំបូន្មានថា យើងមិនគួរដាក់ភេសជ្ជៈដែលមានជាតិហ្គាស៍ចោលនៅក្នុងរថយន្តយូរនោះទេ ប៉ុន្តែអ្នកបើកបរនៅតែអាចដាក់តាមរថយន្តបានក្នុងរយះពេលខ្លី។