មេរៀន​ធំ​បំផុត​​ក្រោយ​ស្នេហា​មួយ​កន្លង​ផុត នោះ​គឺ​កុំ​ឲ្យ​គេ​ដឹង​ថា​យើង​ស្រលាញ់​គេ​ច្រើន​ជាង

  • 2019-01-28 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្ញុំ​តែង​តែ​ជឿជាក់​ថា ក្នុង​រឿង​មនោសញ្ចេតនា ស្រលាញ់​តិច​ឬ​ច្រើន យូរ​ឬ​រហ័ស​គឺ​មិន​សំខាន់​ឡើយ ឲ្យ​តែ​ពេល​ស្រលាញ់​គឺ​ស្មោះ​នឹង​គ្នា​គឺ​បាន​ហើយ តែ​ហាក់​ដូច​អ្វី​ដែល​ខ្ញុំ​គិត​មិន​ទាន់​ត្រូវ​ឡើយ។

រូបតំណាង

រឿង​ស្នេហា កំហុស​ដ៏​ធំ​បំផុត​នោះ​គឺ ឲ្យ​ភាគី​ម្ខាង​ទៀត​ដឹង​ថា​យើង​ស្រលាញ់​គេ​ច្រើន​ជាង​គេ​ស្រលាញ់​យើង។ ពេល​ខ្លះ​ស្រី​ៗ​គ្នា​ខ្ញុំ​តែង​ជជែក​គ្នា​ពី​ស្នេហា​ទាំង​ឡាយ​ដែល​ធ្លាប់​បាន​ឆ្លង​កាត់​ក្នុង​ជីវិត​ពួក​ខ្ញុំ។ ហើយ​ពួក​បង​ៗ តែង​មាន​ដំបូន្មាន​ដូច​គ្នា​ថា៖ ពេល​ស្ថិត​ក្នុង​ចំណង​មនោសញ្ចេតនា​ណា​មួយ កុំ​ទុក​ឲ្យ​គេ​ដឹង​ថា យើង​ត្រូវការ​គេ ហើយ​ក៏​មិន​ត្រូវ​បង្ហាញ​ពី​មនោសញ្ចេតនា​ខ្លាំង​ពេក​ដែរ។ កុំ​ឲ្យ​គេ​ចាប់​បាន​ចំណុច​ខ្សោយ​របស់​យើង​បាន​ឲ្យ​សោះ។ ព្រោះ​គេ​អាច​នឹង​យក​វា​មក​​លេង​សើច ឬ​ធ្វើ​បាប​យើង​បាន​ដោយ​ងាយ។

ការ​ពិត​ទៅ អ្វី​ដែល​ពួក​គាត់​និយាយ​គឺ​មិនខុស​ទេ ថែម​ទាំង​ត្រូវ​ខ្លាំង​ចំពោះ​ស្នេហា​ពេល​បច្ចុប្បន្ន​ទៀត​ផង។ តែ​នៅ​ពេល​ឈាន​ជើង​ចូល​មនោសញ្ចេតនា​ខ្លួន​ឯង​ផ្ទាល់ អ្វី​ៗ​នឹង​ខុស​ប្លែក។ មនុស្ស​គ្រប់​រូប មាន​ការ​ស្រលាញ់​​ខុស​ពី​គ្នា ការ​បង្ហាញ​ពី​ក្ដី​ស្រលាញ់​ក៏​ខុស​គ្នា។ មិន​មែន​អ្នក​ណា​ក៏​ឈ្លាស​វៃ​អាច​ទប់​អារម្មណ៍​ខ្លួន​ឯង​មិន​បង្ហាញ​ចេញ​ក្រៅ​ទាំង​អស់​ឡើយ ហើយ​ក៏​​មិន​មែន​អ្នក​ណា​ក៏​ចង់​ឆោត​ដល់​ថ្នាក់​លង់​ខ្លួន​ដក​មិន​រួច លះបង់​គ្រប់​បែប​យ៉ាង​ដើម្បី​មនុស្ស​ម្នាក់​ដែល​លែង​ស្រលាញ់​ខ្លួន​នោះ​ដែរ។

រូបតំណាង

តែ​ចំពោះ​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​តែង​គិត​ថា ស្រលាញ់​យូរ​ ឬ​ខ្លី តិច​ឬ​ច្រើន​មិន​សំខាន់​ទេ អ្វី​ដែល​សំខាន់​នោះ​គឺ យើង​អាច​រស់​ពិត​នឹង​អារម្មណ៍​របស់​ខ្លួន​ឯង។ បើ​នៅ​មុខ​មនុស្ស​យើង​ស្រលាញ់ តែ​មិន​អាច​បង្ហាញ​ចេញ​មក ហើយ​ត្រូវ​ព្យាយាម​លាក់​បាំង​នោះ សួរ​ថា​ស្នេហាមួយ​នេះ​មាន​ន័យ​អ្វី?

តែ​ក៏​ដោយ​សារ​តែ ​ការ​ស្រលាញ់​បែប​​ស្មោះ​ត្រង់​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​ស្នេហា​មិន​តិច​ដង​ឡើយ។ ខ្ញុំ​មាន​ទម្លាប់​មួយ​នោះ​គឺ នៅ​ពេល​ដាក់​ចិត្ត​ស្រលាញ់​នរណា​ម្នាក់​ហើយ គឺ​បង្ហាញ​ចេញ​ទាំង​អស់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​តែង​ចាប់​បាន​ចំណុច​ខ្សោយ​មួយ​នេះ ហើយ​យក​វា​មក​ធ្វើ​បាប​ខ្ញុំ​វិញ ព្រោះ​គេ​ដឹង​ថា ខ្ញុំ​ស្រលាញ់​គេ​ច្រើន​ជាង​គេ​ស្រលាញ់​ខ្ញុំ។

រូបតំណាង

ក្រោយ​បែកបាក់​ស្នេហា​ជាច្រើន​​ទើប​ ខ្ញុំ​ដក​ពិសោធន៍​ឃើញ​ថា យើង​ស្រលាញ់​គេ ១០ បង្ហាញ​តែ ៥ បាន​ហើយ ព្រោះ​យើង​បង្ហាញ​អស់ ក៏​គេ​មិន​បាន​ឲ្យ​តម្លៃ​វា​ទាំង​អស់​ដែរ ដោយ​ថែម​ទាំង​យក​វា​មក​ជាន់​ឈ្លី​ក៏​ថា​បាន៕

ចុចអាន៖ខ្ញុំមិនចូលចិត្តទំនាក់ទំនងមិនច្បាស់លាស់ទេ ដូច្នេះបើមិនប្រាកដទេ កុំស្រឡាញ់ខ្ញុំ

ប្រភព៖ Guu អត្ថបទ៖Caramel

អត្ថបទពេញនិយម