មានតែអ្នកអត់គូទេ ទើបយល់ពីទុក្ខសោកទាំងនេះ ពេលខែការមកដល់ម្ដងៗ
- 2019-01-23 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានតែអ្នកអត់គូទេ ទើបយល់ពីទុក្ខសោកទាំងនេះ ពេលខែការមកដល់ម្ដងៗ
ក្រៅពីត្រូវអស់លុយហើយ ចុងខែត្រូវហូបមីនោះ ក្រុមអ្នកអត់ទាន់មានគូទាំងអស់នៅមានភាពភ័យខ្លាចជាច្រើនទៀតរាល់រដូវការចូលមកម្ដងៗ។ អាចនិយាយបានថា អំឡុងពេលចុងឆ្នាំ និងដើមឆ្នាំដូចនេះ គឺពេញរដូវការតែម្ដង ដោយមិត្តភ័ក្ដិជិតស្និទ្ធិ មិត្តភ័ក្ដិយូរឆ្នាំ សាច់ញាតិជិតឆ្ងាយសុទ្ធតែដឹកដៃនាំគ្នាចូលរោងការឲ្យរញ៉ៃ។ ប៉ុន្តែពួកគេមិនដឹងទេថា ឲ្យតែខែការមកដល់ ក្រុមអ្នកអត់គូតែងភ័យខ្លាចជានិច្ច។ ខាងក្រោមនេះគឺជាទុក្ខលំបាករបស់អ្នកមិនទាន់មានសង្សារ តែត្រូវគេហៅការរហូត។
១. ដាច់បាយចុងខែ
សម្រាប់អ្នកប្រាក់ខែច្រើនមិនថាអីទេ តែសម្រាប់អ្នកដែលរកបានត្រឹមមួយរស់ៗនោះ ប្រាកដជាដាច់បាយមិនខាន ប្រសិនបើញ៉ាំការលើសពី ៣ ដងក្នុង ១ ខែ។ មិនត្រឹមតែប៉ុណ្ណោះ តម្លៃចងដៃគឺអាស្រ័យលើកន្លែងការទៀត។ ឧទាហរណ៍ការនៅផ្ទះ អាចសេសសល់បានខ្លះ បើការហាងធំៗ យើងចងតិចវាអាក្រក់មើល ដូចនេះត្រូវចងច្រើនបន្តិច។ ដល់ចុងខែ ប្រាកដជាមានមីកំដរយ៉ាងហោចណាស់ក៏ ១ សប្ដាហ៍ដែរ។
២. លុយធ្វើខ្លួនច្រើនជាងលុយចងដៃទៀត
បើជាមនុស្សប្រុសនៅរាងគ្រាន់បើបន្តិច ដោយគ្រាន់តែអស់លុយទិញខោអាវថ្មី ឬស្លៀកខោអាវមានស្រាប់ក៏បានឲ្យតែសមរម្យ។ បើមនុស្សស្រីវិញ ត្រូវទិញខោអាវថ្មី ហើយអ្វីដែលចុះជាងគេនោះគឺ ធ្វើសក់ផាត់មុខតែម្ដង។ បើធ្វើនៅហាងមិនសូវជំនាញតម្លៃថោក មកពីការវិញប្រាកដជារោលមុខដោយគ្រឿងសំអាងមិនត្រូវ តែបើចូលហាងធំវិញ អាចអស់លុយច្រើនជាងលុយចងការគេទៀត។
៣. ចង់កើតជំងឺបាក់ទឹកចិត្ត ព្រោះត្រូវគេសួរថាពេលណាបានការ
រាល់ពេលសាច់ញាតិការម្ដងៗ គឺជាពេលដែលក្រុមគ្រួសារជួបជុំគ្នា ហើយក៏ជាវេទនាបំផុតសម្រាប់អ្នកអត់គូដែរ នៅពេលត្រូវគេជីកសួរថាពេលណាបានការបើចាស់ហើយហ្នឹង? ចង់ប្រាប់ពួកគាត់ថា ឲ្យការយ៉ាងម៉េច បើសង្សារមិនទាន់មានផងហ្នឹង តើការជាមួយអ្នកណា?
៤. មានអារម្មណ៍ថាឯកាពេលមកផ្ទះវិញ
ក្រោយជប់លៀងសើចសប្បាយជាមួយក្រុមមិត្តភ័ក្ដិ គឺជាអារម្មណ៍ឯកានៅពេលត្រលប់ទៅផ្ទះវិញ ព្រោះពេលនេះមិត្តភ័ក្ដិគ្រប់គ្នាមានគូអស់ហើយ ហើយមិនយូរប៉ុន្មានពួកគេនឹងមានកូន គ្មានពេលដើរលេងជាមួយយើងទៀតឡើយ។ នៅតែខ្លួនយើងប៉ុណ្ណោះ ដែលនៅតែទៅណាមកណាតែឯងៗ៕
ចុចអាន៖មនុស្សប្រុសយកមនុស្សស្រីមកលេងសើច តើយុវភាពរបស់នាងអ្នកណាអ្នកសង?