ដំបូន្មានផ្លូវចិត្តពី Selena Gomez គឺជាមេរៀនជីវិតដែលអ្នកគួរតែចងចាំ
- 2019-01-11 04:37:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំបូន្មានផ្លូវចិត្តពី Selena Gomez គឺជាមេរៀនជីវិតដែលអ្នកគួរតែចងចាំ
តារាចម្រៀងសញ្ជាតិអាមេរិក Selena Gomez បានបង្ហាញពីបទពិសោធន៍ក្នុងដំណើរជីវិតរបស់នាង ដែលទទួលរងសម្ពាធផ្លូវចិត្តដោយសារការរស់នៅមិនមែនជាខ្លួនឯង និងទម្លាប់នៃការស្តាប់យោបល់ពីអ្នកដទៃច្រើនពេក។
កាលពីមុន Selena ព្យាយាមផ្លាស់ប្តូរខ្លួនឯងនៅពេលមានគេប្រាប់នាងថាឱ្យធ្វើបែបនេះបែបនោះ នាងគិតថាគ្រប់គ្នានឹងចូលចិត្តនាងក្រោយពេលដែលនាងផ្លាស់ប្តូរតាមពាក្យសម្តីគេ។ ពេលខ្លះនាងត្រូវគេពង្វក់តាមរយៈពាក្យសរសើរ «បើតែងតែខ្លួនអ៊ីចឹងទៅ នាងនឹងសិចស៊ី នាងនឹងស្អាត នាងនឹងគួរឱ្យស្រឡាញ់...» ហើយ Selena ជឿលើសម្តីបែបនោះពិតមែនរហូតយូរៗទៅ វាក្លាយទៅជាការដាក់សម្ពាធលើខ្លួនឯងដោយមិនដឹងខ្លួន។
ក្រោយមកនាងសង្កេតឃើញថា ខ្លួនឯងពិតជាល្ងង់ណាស់ ចាំតែជឿតាមពាក្យអ្នកដទៃ មិនដឹងខ្យល់អ្វីសោះហើយឱ្យគេអូសទាញបានតាមចិត្តទៀត។ មិនតែប៉ុណ្ណោះ នាងក៏បានបញ្ជាក់ទៀតថា៖ «ខ្ញុំជឿថាអ្នកទាំងអស់គ្នានៅទីនេះប្រាកដជាធ្លាប់ជួបស្ថានភាពដូចខ្ញុំ ហើយអ្នកក៏ត្រូវប្រឈមមុខជាមួយសម្ពាធបែបនេះជារៀងរាល់ថ្ងៃដែរ។ សាកគិតទៅមើល! មិនថានៅសាលា កន្លែងធ្វើការ ជាមួយមិត្តភក្តិ ឪពុកម្តាយ ឬក្រុមគ្រួសារ ឥទ្ធិពលទាំងនោះហើយដែលធ្វើឱ្យអ្នកដាក់សម្ពាធលើខ្លួនឯង សូម្បីតែការតែងខ្លួន ការស្លៀកពាក់ ការរៀបឬកពារ។ល។» នៅពេលអ្នកស្លៀកពាក់ខ្លី គ្រួសារអ្នកអាចនឹងបោះសម្តីមកថា វាមិនសមរម្យ ខ្លាចគេដទៃវាយតម្លៃ ហើយអ្នកប្រាកដជាមានអារម្មណ៍មិនល្អទេព្រោះវាខុសពីអ្វីដែលអ្នកចង់ធ្វើ។
ម្ចាស់បទ "Same Old Love" ចង់ប្រាប់អ្នកតាមរយៈបទពិសោធន៍របស់នាងថា ចូរជឿជាក់លើខ្លួនឯង ធ្វើអ្វីដែលខ្លួនឯងស្រឡាញ់ កុំខ្វល់ពីសម្តីអ្នកដទៃខ្លាំងពេក ចូរធ្វើឱ្យការរស់នៅក្នុងជីវិតរបស់អ្នកមានន័យ៕
ចុចអាន៖មនុស្សគំនិតអាក្រក់មកលើអ្នក១០ប្រភេទ ដែលអ្នកគួរងើយមុខអរគុណត្រលប់ទៅវិញ