គ្មាន​អ្វីឈឺចាប់​ជាងការ​ដែលឃើញ​មនុស្ស​ខ្លួនស្រលាញ់ ទៅ​ស្រលាញ់​អ្នក​ផ្សេងឡើយ

  • 2018-12-27 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​តែ​អ្នក​ធ្លាប់​ស្ថិត​ក្នុង​កាលៈទេសៈ​មនស្ស​ដែល​ខ្លួន​ស្រលាញ់ បែរជា​ទៅ​ស្រលាញ់​អ្នក​ផ្សេង​ទេ បើ​អ្នក​ធ្លាប់​ជួប​បែប​នេះ​ទើប​ដឹង​ថា​វា​ឈឺ​ចាប់​ប៉ុណ្ណា។ កាន់​តែ​ឈឺ គិត​កាន់​តែ​លែងចេញ រីឯ​គេ​វិញ កាន់​តែ​ដាច់​ចិត្ត។

នៅ​ពេល​មនុស្ស​ម្នាក់​អស់ចិត្ត​ស្រលាញ់​អ្នក​ហើយ ទោះ​បី​ជា​អ្នក​ស្អាត ខំ​ប្រឹង​តែង​ខ្លួន​យ៉ាង​ណា​ក៏​គេ​មិន​​យក​ភ្នែក​មើល​ផង កុំ​ថា​ឡើយ​ពេល​អ្នក​ឆ្កួត ស្រែក​ជំទាល យំរហេមរហាម​ក្រក់​មើល​នោះ។ ទង្វើ​នេះ​មាន​តែ​ធ្វើ​ឲ្យ​គេ​រឹត​តែ​ស្អប់​លើស​ដើម​តែ​ប៉ុណ្ណោះ។ បើ​គេ​មិន​ស្រលាញ់​ទៀត មាន​សិទ្ធិ​ឯណា​ទៅ​បន្ទោស​គេ​នោះ? ក្រោយ​ពេល​រឿង​ហេតុ​កើត​ឡើង​ហើយ​នោះ យើង​តែង​សួរ​ខ្លួន​ឯង​ថា ហេតុ​អ្វី​មិន​អត់ឱន ហេតុអ្វី​មិន​ត្រលប់​ទៅ​រក​គ្នា​វិញ? តាម​ការ​ពិត គេ​មាន​ទៅ​ខុស​អី បាន​ជា​មាន​សិទ្ធិ​អត់ឱន​នោះ?

បើ​គេ​មិន​ស្រលាញ់​ទៀត ត្រូវ​បន្ទោស​រឿង​អី? បន្ទោស​គេ​ថា​មិន​ស្មោះ​ត្រង់​ឬ? ចុះ​យើង​ម៉េច​មិន​សាក​សួរ​ខ្លួន​ឯង​វិញ​មើល​ថា បើ​យើង​នៅ​ក្បែរ​មនុស្ស​ដែល​ខ្លួន​មិន​ស្រលាញ់ ហើយ​នៅ​ក្បែរ​គ្នា​នាំ​មក​តែ​ក្ដី​ក្ដៅ​ក្រហាយ​នោះ តើ​យើង​ចង់​នៅ​ទៀត​ឬ​អត់?

មនុស្ស​គ្រប់​រូប​តែង​ស្វែង​រក​មនោសញ្ចេតនា​ដែល​ខ្លួន​ចង់​បាន នៅ​ពេល​ដែល​ស្នេហា​មួយ​អស់​កម្ដៅ លែង​មាន​ន័យហើយ វា​គ្រាន់​តែ​ជាបញ្ហា​ពេលវេលា​តែ​ប៉ុណ្ណោះ ដែល​គេ​នឹង​រក​អ្នក​ថ្មី​ជំនួសនៅ​ពេល​ណា។ អ្នក​ដែល​ទៅ​មាន​ថ្មី នឹង​សប្បាយ​ជាងមួយ​នឹង​សុភមង្គល​ថ្មី​ដែល​គេ​រក​បាន មាន​តែ​អ្នក​នៅ​ស្រលាញ់ ហើយ​ត្រូវ​គេ​បោះបង់ សម្លឹង​មើល​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ទៅ​ស្រលាញ់​អ្នក​ថ្មី​តែ​ប៉ុណ្ណោះ ទើប​បៀមទុក្ខ​គ្រាំ​ក្នុង​រស់​មិន​ស្មើ​ស្លាប់​នោះ។ រឿង​មនោសញ្ចេតនា​គឺ​ជា​រឿង​ពិបាក​និយាយ សូម្បី​តែ​ខ្លួន​ឯង​ផ្ទាល់​ពេល​ខ្លះ​ក៏​មាន​អារម្មណ៍​ថា​លែង​ស្រលាញ់​មនុស្ស​ដែល​យើង​ធ្លាប់​គិត​ថា មិន​អាច​រស់​ខ្វះ​បាន​ដែរ។ ដូច្នេះ​ហើយ គេ​ក៏​ដូច​គ្នា ចំពោះ​គេ យើង​ក៏​ប្រហែល​ធ្លាប់​ជា​មនុស្ស​ដែល​គេ​គិត​ថា​ជា​អ្នក​ដែល​គេ​ស្រលាញ់​បំផុត មុន​ពេល​គេ​រក​ឃើញ​មនុស្ស​ដែល​គេ​ស្រលាញ់​ជាង​យើង។

ពេល​រឿង​ដូច​នេះ​កើត​ឡើង ទោះ​បី​ជា​ដឹង​ថា​ពិបាក​ទទួល​យក តែ​វិធី​សាស្ត្រ​ដែល​ល្អ​បំផុត​នោះ​គឺ​ព្រលែង​ឲ្យ​គេ​ទៅទៅ។ ព្រោះ​កាលៈទេសៈ​នេះ ប្រៀបដូច​ជា​ឱប​ដើម​ដំបង​យក្ស​ដែរ អោប​រឹត​តែ​ណែន គឺ​រឹត​តែ​ឈឺ៕

ចុចអាន៖ខំស្រលាញ់​មនុស្ស​ដែល​នៅ​អាល័យញ់​អ្នក​ចាស់ ដូច​ទឹក​នៅលើស្លឹកឈូក

ប្រភព៖ Guu អត្ថបទ៖Caramel