ខ្លោច​ចិត្ត​អាណិត​បវរកញ្ញា​កម្ពុជា រឿន ណាត សូម្បី​តែ​ឪពុក​ខ្លួន​ជា​ខ្មែរ ឬ​បរទេស​ក៏​មិន​ដឹង

  • 2018-12-18 09:14:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រស់​ និង​ទម្រង់​មុខ​ដ៏​ស្រស់​​ស្អាត​ជា​លក្ខណៈ​កូន​កាត់​បាន​ធ្វើ​ឲ្យ​​សាធារណៈ​​​ជន​មាន​ចម្ងល់​ចង់​សួរ​ទៅ​កញ្ញាឯក​កម្ពុជា​​ រឿន ណាត ថា៖" តើ​នាង មាន​ឪពុក​ឬ​ម្ដាយ​​ជា​ជនជាតិ​បរទេស​មែន​ទេ ទើប​ទម្រង់​មុខ​​ និង​គ្រាប់​ភ្នែក​ដូច​កូន​កាត់?”

ឆ្លើយ​តប​ចម្ងល់​ខាង​លើ រឿន ណាត ថា អ្នក​ម្ដាយ​​នាង​ គឺ​ជា​ខ្មែរ​សុទ្ធសាធ​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​កំពង់ចាម។ ឯ​​ឪពុក​​ជនជាតិ​ខ្មែរ​ ឬ ក៏​បរទេស​​​​ នាង មិន​ដឹង​នោះ​ទេ ដោយ​សារ​តែ​កន្លង​មក​អ្នក​ម្ដាយ​​មិន​ដែល​និយាយ​រឿង​រ៉ាវ​ទាក់​ទង​ឪពុក​ ឲ្យ​កូន​ៗ​បាន​ស្ដាប់​ឡើយ។

នាង​ថា៖“ខ្ញុំ​តែង​តែ​សួរ​ម៉ាក់​ថា ប៉ា​ខ្ញុំ​ជា​អ្នក​ណា គាត់​មិន​ដែល​ប្រាប់​ខ្ញុំ​ទេ សូម្បី​តែ​រូប​ថត​ក៏​​អត់​មាន​ដែរ។ ពេល​នេះ​ខ្ញុំ​មិន​ដឹង​ថា​ ខ្ញុំ​ជា​កូន​កាត់ ឬ ខ្មែរ​ចំ​​តួ​នោះ​ទេ ហើយ​ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​ប៉ា ចេញ​ទៅ​រក​ស៊ី​​ចោល​ពួក​ខ្ញុំ​នៅ​ពេល​ម៉ាក់​ មាន​ផ្ទៃ​ពោះ​ខ្ញុំ​ប្រហែល​ ៣ ទៅ ៤ខែ ​តាំង​ពី​ពេល​នោះ​មក​បាត់​ដំណឹង​គាត់​រហូត នេះរឿង​ខ្លះៗ ម៉ាក់​គាត់ប្រាប់ "។

ខណៈ​ពេល​ឪពុក​ចេញ​ទៅ​រក​ស៊ី​ចោល​​​កូន​ប្រពន្ធ​អំឡុង​ពេល​នោះ​ក្រុម​គ្រួសារ​ រឿន ណាត គឺ​រស់​នៅ​ប្រទេស​ថៃ​ មិន​ទាន់​ត្រឡប់​មក​​​កម្ពុជា​វិញ​ទេ។ តែ​នៅ​ពេល​ម្ដាយ​ឆ្លង​ទន្លេ​នាង រួច​ទើប​ផ្លាស់​មក​នៅ​ស្រុក​កំណើត​ឯ​ខេត្ត​ កំពង់​ចាម វិញ​​ដោយ​អ្នក​មាន​គុណ​ដើរ​តួ​នាទី​ទាំង​ឪពុក និង​ម្ដាយ​​រ៉ាប់​រង​ចិញ្ចឹម​បីបាច់​កូន​ៗ​៣នាក់។

ចំពោះ​មូល​ហេតុ​ ​អ្នក​ម្ដាយ ​មិន​និយាយ​រឿង​រ៉ាវ​ពាក់​ព័ន្ធ​ ឪពុក ឲ្យ​កូន​ៗ​បាន​ស្ដាប់​ នាង ក៏​មិន​ដឹង​ច្បាស់​​ដែរ ថាតើ​មាន​រឿង​អ្វី​នៅ​ពី​ក្រោយ​នៃ​ការ​ចែក​ផ្លូវ​គ្នា​រវាង​អ្នក​មាន​គុណ​ទាំង​ពីរ។

ត្បិត​ឪពុក​មិន​បាន​ចិញ្ចឹម​​មើល​ថែ​តាំង​ពី​នៅ​តូច​ដូច​អ្នក​ម្ដាយ​ពិត​មែន ក៏​ រឿន ណាត មាន​ក្ដី​ប្រាថ្នា​ចង់​ជួប​ឪពុក នឹង​ចង់​ដឹង​ថា ឪពុក​របស់​ខ្លួន​ជា​អ្នក​ណា​ដែរ។ ដើម្បី​ស្រាយ​ចម្ងល់​របស់​នាង ក៏​ដូច​ជា​អ្នក​គាំទ្រ​មួយ​ចំនួន​ដែល​ចង់​ដឹង៕​​​​

ប្រភព៖ Sabay News អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម