ត្រចៀកាំ និងចៀវៃ ឱប​គ្នា​ជិត​ស្និទ្ធិ បំបាត់​មន្ទិល​សង្ស័យ​ដាក់​អំពើ​គ្នា

  • 2018-11-24 08:25:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​តារា​សម្ដែង​ស្រី​ចិន Zhao Wei និង​តារា​សម្ដែង​ស្រី​លំដាប់ A តៃវ៉ាន់ Ruby Lin ​បាន​ឱប​គ្នា​យ៉ាង​ជិតស្និទ្ធ​ពេល​មាន​ឱកាស​ជួប​គ្នា​ឡើង​វិញ​ក្នុង​កម្មវិធី​ថ្មី​មួយ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា បណ្ដាញ​ព័ត៌មាន QQ បាន​រាយការណ៍​ថា ថ្មី​ៗ​នេះ​តារា​សម្ដែង​ជួរ​មុខ​ចិន​២​រូប​គឺ Zhao Wei និង Ruby Lin បាន​រួម​គ្នាថត​កម្មវិធី​ថ្មី​មួយ​នៅ​ខេត្ត Guangxi។ នៅ​ក្នុង​កម្មវិធី​ដែល​ថត​នៅ​តំបន់​ជន​បទ​នេះ​ដែរ ត្រចៀកកាំ គឺ​ជា​អ្នក​ដឹកនាំ​កម្មវិធី រីឯ​ចៀវៃ គឺ​ជា​ភ្ញៀវកិត្តិយស​ពិសេសក្នុង​កម្មវិធី។

ពេល​បាន​ជួប​គ្នា​ឡើង​វិញ​ក្រោយ​បាត់​មុខ​យូរ ស្រី​ស្អាត​ទាំង​២​សុទ្ធ​តែ​លាក់​អារម្មណ៍​ពិត​មិន​បាន បាន​ស្ទុះ​ទៅ​ឱប​គ្នា​​យ៉ាង​ស្និទ្ធិស្នាល។ ដោយ​សារ​តែ​មាន​ជីវិត​ឯកជន​រវល់​ខ្លាំង​រៀង​ខ្លួន សិល្បការិនី​បាន​ត្រឹម​តែ​ជួប​គ្នា​ក្នុង​កម្មវិធី​សិល្បៈ​​ប៉ុណ្ណោះ ដូច​នេះ​ហើយ​នេះ​គឺ​ជា​ឱកាស​ដ៏​កម្រ​ដែល​ពួក​គេ​បាន​ជួប​គ្នា​ឡើង​វិញ។

ជាមួយ​គ្នានេះ​ដែរ កម្រង​រូបភាព​ទាំង​នេះ​បានបញ្ជាក់​ឲ្យ​ឃើញ​ថា អ្នក​ម្ដាយ​ទាំង​២​មិន​បាន​រកាំរកូស​នឹង​គ្នា​ដូច​ពាក្យ​​ចចាមអារ៉ាម​ឡើយ។ នៅ​ចាំ​បាន​ថា កាល​ពី​ដើម​ឆ្នាំ បាន​លេច​ធ្លាយ​រូបភាព Ruby Lin មាន​តុក្កតាមួយចាក់​ពេញ​ទៅ​ដោយ​ម្ជុល ហើយ​មាន​ឈ្មោះ Zhao Wei នៅ​ខាង​ក្រោយ​ ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា ប្រពន្ធ Wallace Hou ច្រណែន​នឹង​មិត្តភ័ក្ដិ​ល្បី​ឈ្មោះ​ជាង​ខ្លួន។ ក្រោយ​កម្មវិធីនេះ អ្នក​គាំទ្រ​បាន​ធូរទ្រូង ព្រោះ​ឃើញ តួ​រឿង “ព្រះនាង​យេ​យេ” នៅ​តែ​ផ្អែមល្ហែម​នឹង​គ្នា​ដូច​ដើម៕

 

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម