វ៉ា​មុខ​៩០​ប្រទេស វៀតណាម​គ្រង​មកុដ​បវរកញ្ញា​ផែនដី​ជា​លើក​ទី១

  • 2018-11-04 06:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​វគ្គ​ផ្ដាច់ព្រ័ត្រ​ប្រព្រឹត្ត​ឡើង តំណាង​មក​ពី​ប្រទេស​វៀតណាម​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា អាច​នឹង​ជាប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ​១០ ក្នុង​ការ​ប្រលង​បវរកញ្ញា​ផែនដី២០១៨ តែ​ទី​បំផុត នាង​បាន​លើក​ពាន​លេខ​១​តែ​ម្ដង។

កាល​ពី​យប់​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា​នេះ កម្មវិធី​ប្រលង​បវរកញ្ញា​ផែនដី (Miss Earth) 2018 ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ហ្វីលីពីន ក្រោម​ការ​ចូលរួម​ប្រកួត​ពី​បេក្ខនារី​មក​ពី៩០​ប្រទេស​ទូទាំង​ពិភពលោក។ ក្រោយ​រយៈពេល​ប្រលង​អស់​ជាង​១​ខែ នៅ​ទី​បំផុត មកុដ​បវរកញ្ញា​ឆ្នាំ​ថ្មី​ក៏​រក​បាន​ម្ចាស់​ហើយ ដោយ​ម្ចាស់​មកុដ​ឆ្នាំ​នេះ គឺ​តំណាង​មក​ពី​ប្រទេស​វៀតណាម បវរកញ្ញា Nguyen Phuong Khanh។

មុន​ពេល​ឈាន​ដល់​វគ្គ​ចុង​ក្រោយ គេហទំព័រ វាយ​តម្លៃ​សម្រស់ Missosology ទស្សន៍ទាយ​ថា ស្រី​ស្អាត​វ័យ​២៤​ឆ្នាំ មាន​សង្ឃឹម​អាច​ចូល​ដល់​វគ្គ​ជម្រុះ​១០​នាក់ តែ​មិន​អាច​ជ្រៅ​ជាង​នេះ​បាន​ឡើយ។ យ៉ាងណាក្ដី នាង​បាន​ធ្វើឲ្យ​គេ​ភ្ញាក់​ផ្អើល ពេល​មិន​ត្រឹម​តែ​បាន​ចូល​ដល់​វគ្គ​ជម្រុះ​៥​នាក់​នោះ​ទេ គឺ​ថែម​ទាំង​លើក​ពាន​បវរកញ្ញា​តែ​ម្ដង។

Nguyen Khanh Phuong កើត​នៅ​ឆ្នាំ​១៩៩៤ មាន​កម្ពស់ ១.៧២ម ទម្ងន់​៥១​គីឡូ មាន​ស្រុក​កំណើត​នៅ​ខេត្ត Ben Tre វៀតណាម។ មុន​ពេល​គ្រង​មកុដ​លើ​ឆាក​អន្តរជាតិ នាង​គឺ​ជា​បវរកញ្ញា​សមុទ្រ​លេខ​២​ឆ្នាំ​២០១៨ នៅ​វៀតណាម។ គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​គឺ​ជា​លើក​ទី​១​ហើយ ដែល​តំណាង​មក​ពី​វៀតណាម​ទទួល​បាន​ជយលាភី​ខ្ពស់​បំផុត ក្នុង​កម្មវិធី​ប្រលង​បវរកញ្ញា​ផែនដី Miss Earth៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel